Tuesday, October 28, 2008

ក្រវិលម៉ូតថ្មី​

សំរាប់លោកអ្នក​ដែលចូលចិត្តតែងខ្លួន​​ឲ្យទាន់សម័យនោះ សូមអញ្ជើញរក ទិញក្រវិលពាក់លើកែវភ្នែកទៅបាទ! មើលហ្ន៎! ឡូយទេ!

Moviesfoundonline

មហាសម្រាលដើរលើទឹក?

ប្រហែលជាបុរសម្នាក់នេះចេះមន្តអាគមមហាសម្រាលហើយមើលទៅបាន ជាអាចដើរលើទឹកបាននោះ

Monday, October 27, 2008

Saturday, October 25, 2008

ផ្ទះធ្វើពីកាសែត

បើលោកអ្នកចង់ទិញផ្ទះធ្វើពីកាសែត សូមអញ្ជើញទៅរកទិញនៅប្រទេស អង់គ្លេសទៅណាបាទ :)


Monday, October 20, 2008

សូមកុំច្រឡំថ្នាំពេទ្យណា

បើសិនលោកអ្នករកទិញថ្នាំពេទ្យ សូមប្រយ័ត្នប្រយែង ទិញចំកន្សែងជូតដៃ ណាបាទ!​ រូបភាពនេះគឺជាកន្សែងជូតដៃ​ ដែលពេលត្រូវទឹកវារលាជាផ្ទាំង កន្សែងសំរាប់ជូតដៃ។ សូមមើលវីដេអូខាងក្រោម លោកអ្នកនឹងបានជ្រាប ច្បាស់ហើយណា :)

Friday, October 10, 2008

បេះដូងរហែកពុះចែកផ្ទះគ្នា

នេះគឺជារឿងមួយដ៏ចំលែកនៅលើពិភពលោកយើងនេះ ដែលប្តីប្រពន្ធ មួយគូនៅស្រុកកំចាយមារ ខេត្តព្រៃវែង ប្រទេសកម្ពុជា​ សុខចិត្តពុះចែក ផ្ទះគ្នាក្រោយពីបានលែងលះគ្នា​​ កាលពីខែកញ្ញាឆ្នាំ២០០៨កន្លងទៅ ថ្មីៗនេះ។​​ មើលហ្ន៎ ក្រោយពីបានលែងលះគ្នា ផ្ទះមួយចំហៀងដែលជា របស់ប្តីបានលើកទៅបាត់ហើយ ដោយបន្សល់ទុកផ្ទះមួយចំហៀងទៀត ដែលជារបស់ប្រពន្ធឲ្យនៅឯកកោលើផែនដីដ៏ធំល្វឹងល្វើយ។
(តាមប្រភពពីកាសែតកោះសន្តិភាពចុះផ្សាយថ្ងៃទី០២ខែតុលាឆ្នាំ២០០៨)

សូមបញ្ជាក់ថារឿងមួយដ៏ចំលែកមួយនេះ ក៏មានចុះផ្សាយលើកាសែត និង Internet ជាភាសាអង់គ្លេស និងភាសាកូរ៉េផងដែរ:

Half House in Cambodia

Thursday, October 9, 2008

ចំរៀងកូរ៉េមនោសញ្ចេតនា

រស្មីហង្សមាស វ៉ុល ២៤៤

RHM Vol. 244

អ្នកថតរូបដ៏ចំណានម្នាក់?

អ្នកថតរូបជនជាតិកូរ៉េខាងត្បូងម្នាក់នេះចាប់អារម្មណ៍នារីរាំគាំទ្រក្រុមកីឡា ជាងពិធីប្រកួតកីឡាទៅទៀត មើលហ្ន៎!

Tuesday, October 7, 2008

តើ​កូន​ប្រុស​ស្រី​គប្បី​គោរព​ឪពុក​ម្តាយ​យ៉ាងណា?

តើ​កូន​ប្រុស​កូន​ស្រី​គប្បី​គោរព​ឪពុក​ម្តាយ​យ៉ាងណា?


ដោយ សារី រ័ត្ន
(១០ កុម្ភៈ ២០០៨)

កាលពី​សប្តាហ៍​មុន​លោក​អ្នក​បាន​ជ្រាប​ពី​សេចក្តី​សង្គ្រោះ ៥​យ៉ាង និង​ព្រហ្មវិហារ​ធម៌ ៤​ប្រការ ដែល​ឪពុក​ម្តាយ​គប្បី​មាន​ចំពោះ​កូន​ប្រុស​កូន​ស្រី។ ទន្ទឹម​នឹង​សីលធម៌​ទាំង ៩​ប្រការ​នេះ មាតា​បិតា​ក៏​ត្រូវ​មាន​ឥរិយាបថ កាយវាចា​ចិត្ត ជា​គំរូ​ដ៏​ល្អ​សម្រាប់​បុត្រ​ធីតា​ឲ្យ​យក​តម្រាប់​តាម ដូចជា​សុភាសិត​ខ្មែរ​មួយ​ឃ្លា​ចែង​ថា "ផ្លែ​ឈើ​មិន​ដែល​ជ្រុះ​ឆ្ងាយ​ពី​គល់​ជាដើម"។

ព្រះតេជ​ព្រះគុណ​វរជិរគន្តោ សម ស៊ីណាន ប្រធាន​មជ្ឈមណ្ឌល​អប់រំ សីលធម៌​ព្រះពុទ្ធ​សាសនា​នៅ​ទីក្រុង​ភ្នំពេញ មាន​ថេរដីកា​លើក​ឡើង​ថា ចំណែក​កូន​ប្រុស​កូន​ស្រី​ក៏​គប្បី​ត្រូវ​ប្រកាន់​ឥរិយាបថ​ដ៏​ប្រពៃ និង​វាចា​ទន់ភ្លន់​ដោយ​គារវៈ​ចំពោះ​ឪពុក​ម្តាយ​ជានិច្ច។ គារវៈ​បាន​ន័យ​ថា​ការ​គោរព ៖ «អ៊ីចឹង​ការគោរព​ចំពោះ​មាតា​បិតា​មាន​បី​សណ្ឋាន គោរព​ដោយ​កាយ ដោយ​វាចា និង​ដោយ​ចិត្ត»។

ព្រះអង្គ​មាន​ថេរដីកា​ថា កូន​ចៅ​ត្រូវ​មាន​កាយ​ទន់ភ្លន់ ឱន​លំទោន​នៅ​ពេល​ដែល​ជួប​មាតា​បិតា។ គប្បី​ធ្វើការ​ផ្គត់ផ្គង់​បាយ​ទឹក​នំ​ចំណី រៀបចំ​ទី​ដេក​អង្គុយ ជូន​មាតា​បិតា​ឲ្យ​បាន​សមរម្យ ដូចជា​ជួយ​បោស​សម្អាត បោក​គក់​មុង​កន្ទេល ភួយ សម្លៀក​បំពាក់ ជូន​លោក​អ្នក​ទាំង​ពីរ​នោះ។ ដូច​ព្រះថេរដីកា​របស់​ព្រះតេជ​ព្រះគុណ សម ស៊ីណាន នេះ​ដែរ លោក សុង ស៊ីវ បាន​សរសេរ​ត្រង់​ទំព័រ​ទី​៧០ ថា ជាពិសេស​កូន​ខ្លះ​មិន​សូវ​មាន​ចិត្ត​ជ្រះ​ថ្លា លើក​ដៃ​សំពះ ឬ​គក់​ច្របាច់​ឪពុក​ម្តាយ​ទេ តែ​បើ​ចំពោះ​អ្នក​ដទៃ​វិញ ដែល​គ្រាន់​តែ​ស្គាល់​គេ​នោះ អាច​លើក​ដៃ​សំពះ​​គំនាប់​គាប់​គួរ​ដោយ​ទឹក​មុខ​ញញឹម។ កូន​គួរ​គប្បី​ចេះ​ជម្រាប​សួរ ឬជម្រាប​លា​ឪពុក​ម្តាយ​នៅ​ពេល​មុន​នឹង​ចេញ​ទៅ​ណា ឬ​ពេល​ត្រឡប់​មក​វិញ។ចំណែក​លោក​អ្នក​ជា​ឪពុក​ម្តាយ​វិញ គួរ​រក​ពាក្យ​តប​ទៅ​កូន​វិញ​ឲ្យ​បាន​សមរម្យ​ដែរ ។

ព្រះតេជ​ព្រះគុណ សម ស៊ីណាន មាន​ថេរដីកា​ដូច្នេះ ៖ «ដើរ​ទៅ​ណា​មក​ណា​ប្រពៃណី​យើង​លើក​ដៃ​សំពះ។ អ្នក​ខ្លះ​ថ្វាយបង្គំ​ទៀត អាត្មា​ឃើញ​គ្រួសារ​ខ្លះ​គេ​រៀប​ចេញ​ទៅ​ណា​អ៊ីចឹង គេ​ថ្វាយ​បង្គំ​ឪពុក​ម្តាយ​គេ ហើយ​បើ​ទៅ​កាន់​តែ​ឆ្ងាយ គេ​ថ្វាយ​បង្គំ​ឪពុក​ម្តាយ​គេ ហើយ​គេ​ខ្លាច​មាន​បញ្ហា​គ្រោះថ្នាក់ អ៊ីចឹង​ទៅ​គេ​ថ្វាយបង្គំ​ឪពុក​ម្តាយ​គេ។ គេ​ថ្វាយ​បង្គំ​ឪពុក​ម្តាយ​គេ​ដូច​ជា​ថ្វាយបង្គំ​លោកសង្ឃ​អ៊ីចឹង។បើ​មិន​ថ្វាយ​បង្គំ​ទេ គេ​សំពះ​លា​ម៉ាក់​អើ្ហយ ប៉ា​អ្ហើយ​កូនជម្រាប​លា​ទៅ​សាលា កូន​ជម្រាប​លា​ទៅ​ធ្វើ​ការ ហ្នឹង​គោរព​ដោយ​កាយ»។

ព្រះភិក្ខុ​វរជិរគន្តោ សម ស៊ីណាន មាន​ថេរដីកា​បង្ហាញ​ពី​កំហុស​របស់​កូន​ចៅ​ខ្លះ​ៗ​ចំពោះ​កាយ​វិការ​មិន​គប្បី​ចំពោះ​ឪពុក​ម្តាយ ដូច​ជា៖ «បើ​អង្គុយ​ទល់​មុខ ត្រូវ​អង្គុយ​បត់​ជើង។ ការអង្គុយ​ក៏អ៊ីចឹង​ដែរ ត្រូវ​ប្រយ័ត្ន​កូន​ចៅ កុំ​អង្គុយ ម្តាយ​អង្គុយ​នៅ​លើ​កន្ទេល និង​ឥដ្ឋ ឯង​ទៅ​អង្គុយ​ចំទែង​លើ​កៅអី លើ​ពូក​ហ្នឹង​អត់​ល្អ​ទេ។ ធ្វើ​ម៉េច​ឲ្យ​ទាប​ជាង​គាត់​រហូត គឺ​គិត​អំពី​សេនាសនៈ​ហ្នឹង​ផ្តល់​តម្លៃ​សុជីវធម៌​ក្នុង​ការ​រស់​នៅ បើ​ថា​កន្លែង​សំរាន្ត​របស់​គាត់​រៀបចំ​ឲ្យ​ខ្ពស់​ជាង​យើង។ ទោះជា​កូន​មាន​ឋានៈ​ប៉ុន​មេឃ​ក៏ដោយ ក៏​ត្រូវ​ឲ្យ​តម្លៃ​មាតា​បិតា។ ធម្មតា​បើ​យើង​គោរព​មាតា​បិតា​មិន​ត្រឹមតែ​មាតា​បិតា​ឲ្យ​តម្លៃ​យើង​ទេ មនុស្ស​ទូទៅ​ក្នុង​សង្គម​ទូទៅ ដោយ​ហោច​ទៅ​កូន​ចៅ​យើង​គេ​ឃើញ​យើង​ក៏​គេ​គោរព​ទៅ​តាម​ហ្នឹង​ដែរ បើ​យើង​ធ្វើ​មិន​ល្អ​ចំពោះ​ឪពុក​ម្តាយ កូន​ចៅ​វា​នឹង​ធ្វើ​តាម​យើង​ដែរ»។

ចំពោះ​ការប្រើ​ពាក្យ​សម្ដី​ទៀតសោត​ព្រះតេជ​ព្រះគុណ មាន​ថេរដីកា​ថា កូន​ប្រុស​ស្រី គប្បី​ប្រើ​ពាក្យ​សម្ដី​ទន់ភ្លន់ ប្រកប​ដោយ​សេចក្តី​គោរព​ជានិច្ច​ជា​ទូទៅ កូន​ត្រូវ​ស្រឡាញ់ និង​គោរព​ស្តាប់​បង្គាប់​ឪពុក​ម្តាយ ៖ «អាត្មា​ឃើញ​គ្រួសារ​ខ្លះ​គាត់​អប់រំ​អ៊ីចេះ ក្នុង​ពាក្យ​សម្ដី​ហ្នឹង​គាត់​ទម្លាប់​និយាយ​ខ្លួន​គាត់​ឲ្យ​ផ្អែម​ទៅ កូន​ពី​តូច​ហ្នឹង​វា​យក​តាម។ ផ្អែម​នៅ​ក្នុង​ឱកាស​នេះ បាន​ន័យ​ថា​វា​ចា​សម្ដិ​ដ៏​ល្អ ហើយ​ដល់​កាយ​វា​ចា​ចិត្ត​យើង​រៀន​ធ្វើ​ឲ្យ​ល្អ។ យើង​គោរព​បន្ត​គ្នា​អីចឹង​ទៅ។ យើង​គោរព​ម៉ែ​ឪ កូន​វា​ឃើញ​វា​ធ្វើ​តាម​យើង​អ៊ីចឹង​ទៅ ដោយ​អាការៈ​ផ្សេង​ៗ កុំ​ច្រងេង​ច្រងាង ទ្រគោះ​បោះបោក មិន​ល្អ​ទេ​កូន។ សង្គម​គ្រួសារ​ណា​គោរព​ដោយ​កាយ​ល្អ វា​គោរព​អ៊ីចឹង​ដែរ កាល​ណា​យើង​គោរព​ដោយ​កាយ​មិន​ល្អ វា​ធ្វើ​អ៊ីចឹង​ដែរ»។

ព្រះអង្គ​លើក​រឿង​ដំណាល​ថា មាន​គ្រួសារ​មួយ​មាន​ឪពុក​ចាស់​ជរា​ម្នាក់​រស់​នៅ​ជាមួយ ហើយ​បុរស​នោះ​ក៏​មាន​កូន​ប្រុស​ម្នាក់​ដែរ។ ថ្ងៃ​មួយ​បុរស​នោះ​បាន​យក​ឈើ​ដើម​គ​មក​ចាំង​ធ្វើ​ជា​ស្នូក ហើយ​នៅ​ពេល​ដែល​គាត់​កំពុង​ចាំង​ធ្វើ​ស្នូក​នោះ កូន​តូច​បុរស​នោះ​បាន​សួរ​ឪពុក​វា​ថា ៖ «ពុកៗៗ​ពុក​ឯង​ធ្វើ​អី? ពុកចាំងស្នូក ។ ចាំង​ស្នូក​ទុក​ដាក់​បាយ​ឲ្យ​តា​ឯង​ពិសាហ្នឹង ។ ដល់​ថ្ងៃ​ក្រោយ​កូន​ប្រុស​បុរស​នោះ​ក៏​ធ្វើ​ស្នូក​ដូច​ឪពុក​គេ​ដែរ។ កូន​នោះ​ក៏ឆ្លើយ​ប្រាប់​ឪពុក​វិញ​ថា ខ្លួន​ធ្វើ​ស្នូក​សម្រាប់​ដាក់​បាយ​ឲ្យ​ឪពុក​ឯង​ពិសា​ដល់​ពេល​ពុក​ឯង​ចាស់​ដូច​តា»។

ព្រះអង្គ​បាន​លើក​ឧទាហរណ៍​មក​បង្ហាញ​ទៀត អំពី​ការប្រព្រឹត្ត​របស់​កូន​ចំពោះ​ឪពុក​ម្តាយ​ដែល​មិន​បាន​អប់រំ​កូន​ចៅ​ពី​ភាព​គួរសម​ក្នុង​ការនិយាយ​ស្តី ជាពិសេស​ជាមួយ​មាតា​បិតា​ខ្លួន ដោយ​គិត​ថា អ្នក​ទាំង​នោះ​ចាស់​ហើយ ហើយ​មក​ជ្រក​កោន​ជាមួយ​ខ្លួន ៖ «គឺ​បើ​ទម្លាប់​ហៅ​ម៉ាក់ ហៅ​ប៉ា ក៏​ហៅ​អ៊ីចឹង​ទៅ ខ្លះ​ហៅ​ពុក​ហៅ​ម៉ែ ខ្លះ​ហៅ​តាម​សមគួរ​នៃ​ការហៅ។ ប៉ុន្តែ​សម្ដី​គឺ​មិន​ឲ្យ​ប្រើ​ពាក្យ​ទ្រគោះ​បោះបោក​ចំពោះ​មាតា​បិតា​ទេ ដោយ​អាការៈ​ផ្សេង​ៗ​សម្ដី​ហ្នឹង​មិន​ដឹង​ចេញ​មក​ពីណា អ៊ីចឹង​សម្ដី​អី​ក៏ដោយ សម្ដី​ត្រូវ​ទន់ភ្លន់ ផ្អែម​ល្ហែម​ទៅ​រក​មាតា​បិតា ដែល​គាត់​ធ្លាប់​ទន់ភ្លន់​ជាមួយ​យើង ទោះបីជា​គាត់​ថា​ម៉េច​ក៏ដោយ។ យើង​ត្រូវ​អត់ធ្មត់​ក្នុង​ការ​និយាយ យ៉ាង​ម៉េច​គឺ​ត្រូវ​គោរព​ការ​និយាយ គោរព​រហូត​ចំពោះ​មាតា​បិតា។ ម៉ែ​គេ​ប្រើ​កូន​ឲ្យ​ទៅ​ហៅ​តា​មក​ពិសា​បាយ "តាៗ ម៉ាក់​ហៅ​ស៊ី​បាយ" ដល់​គេ​យក​បាយ​ឲ្យ​ឆ្មា​ស៊ី នែ​ម៉េវ ញ៉ាំ​បាយ​ទៅ​ម៉េវ និយាយ​ជាមួយ​ឆ្មា​សុទ្ធ​តែ​ញ៉ាំ ហៅ​តា​សុទ្ធ​តែ​ស៊ី»។

ព្រះភិក្ខុ សម ស៊ីណាន បាន​មាន​ថេរដីកា​ថា គោរព​ដោយ​ទឹក​ចិត្ត រាល់​រូប​ជា​មាតា​បិតា​ត្រូវ​អប់រំ​កូន ឲ្យ​ចេះ​រៀន​និយាយ​ពាក្យ​សម្ដី​ណា​ត្រូវ​និយាយ​ជាមួយ​អ្នក​ធំ ពាក្យ​សម្ដី​ណា​គួរ​និយាយ​ជាមួយ​អ្នក​តូច ពាក្យ​សម្ដី​ណា​គួរ​និយាយ​ជាមួយ​មាតា​បិតា ជាមួយ​ចាស់​ព្រឹទ្ធាចារ្យ ៖ «គេ​និយាយ​ថា គោរព​ទៅ​តាម​វ័យ គោរព​ទៅ​តាម​ឋានៈ គោរព​ទៅ​តាម​គុណធម៌។ អ៊ីចឹង​យើង​រាល់​រូប បុត្រ​ធីតា​ក៏​អ៊ីចឹង​ដែរ ពាក្យ​សម្ដី​ហ្នឹង ទឹក​ចិត្ត​ទៀត ដោយ​ចិត្ត​ហ្នឹង​គេ​មិន​អាច​ស្ទង់​ទឹក​ចិត្ត​បាន​មែន តែ​គេ​មើល​តាម​អាការៈ​ដឹង ព្រោះ​ចិត្ត​ជា​ធំ​ជា​អ្នក​បញ្ជា​កាយ​វាចា។ អ៊ីចឹង​អ្នក​ណា​គោរព​ដោយ​សុទ្ធចិត្ត​និង​មិន​សុទ្ធចិត្ត គេ​មើល​អាការៈ​ខាង​ក្រៅ​បាន ដែល​យើង​ធ្លាប់​ថា អ្នក​នេះ​ធ្វើ​ហ្នឹង​គ្រាន់​តែ​ខាង​ក្រៅ​ទេ តែ​ចិត្ត​មិន​ល្អ»។

នៅ​ក្នុង​សៀវភៅ​សុជីវធម៌​ប្រចាំ​សង្គម​គ្រួសារ​របស់​លោក សុង ស៊ីវ ត្រង់​ទំព័រ ៦៩ បាន​សរសេរ​ថា ៖ មាតា​បិតា​មិន​គួរ​ចែក​ទ្រព្យ​ឲ្យ​កូន​ទាល់​តែ​អស់​រលីង​ពី​ខ្លួន ហើយ​ទៅ​រស់​ដោយ​សង្ឃឹម​ទាំង​ស្រុង​នៅ​ជាមួយ​កូន​ឲ្យ​គេ​ចិញ្ចឹម​នោះ​ទេ។ ឪពុក​ម្តាយ​គប្បី​រំលែក​ទ្រព្យ​សម្បត្តិ​ទុក​ខ្លះ សម្រាប់​ចិញ្ចឹម​ជីវិត​បាន​ដរាប​ដល់​ខ្លួន​ស្លាប់។ ចំណែក​កូន​ប្រុស​កូន​ស្រី​ក៏​គប្បី​ត្រូវ​ស្គាល់​ឋានៈ​ខ្លួន​ជា​កូន​ថា អាត្មា​អញ​គឺ​មាតា​បិតាបាន​​បង្កើត​មក​ ហើយ​​​ថែ​រក្សា ព្រួយ​លំបាក​ទាំង​យប់​ទាំង​ថ្ងៃ កូន​ត្រូវ​ថែរក្សា​ចិញ្ចឹម​ថែ​ឪពុក​ម្តាយ​វិញ៕

[ សូមស្តាប់សំលេងពិស្តារពីវិទ្យុអាស៊ីសេរី ]

ប្រភពពីៈ វិទ្យុអាស៊ីសេរី​

ប្រវត្តិសាស្ត្រ​នៃ​ប្រាសាទ​ព្រះវិហារ ភាគ៥

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​អធិប្បាយ​អំពី​ប្រាសាទ​ព្រះវិហារ
(ភាគ​៥)

ដោយ មឿង ទុម
(៣០ កក្កដា​ ២០០៨)

បើ​តាម​ចំណារ​លើ​សិលា​ចារឹក​នៅ​នឹង​ភ្នំ​សណ្ដក កា​លេខ ១៩៤ និង​នៅ​ភ្នំ​ព្រះវិហារ កា​លេខ ៣៩៨ បាន​ឲ្យ​ដឹង​ថា ព្រាហ្មណ៍​ម្នាក់​ឈ្មោះ ទិវាក ឬ ទិវាការៈ បាន​ទទួល​ងារ​ធំ​ជាង​គេ​បំផុត ក្នុង​ចំណោម​ព្រាហ្មណ៍ និង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​ព្រះបាទ សុរិយ​វរ្ម័ន​ទី​២ ។

ព្រាហ្មណ៍ទិវាក ក៏​បាន​ទទួល​ភារៈ ជា​អ្នក​ចាត់ចែង​បញ្ជា​ត​ពី​ព្រះបាទ សុរិយ​វរ្ម័ន​ទី​២ គឺ​ថា លោក​ចាត់ចែង​ទ្រព្យ​សម្បត្តិ​ទាំង​អស់ ដែល​សម្រាប់​ប្រើប្រាស់​ក្នុង​ការកសាង​ប្រាសាទ​ទាំង​អស់ នៅ​ក្នុង​ស្រុក​ខ្មែរ នា​កាលណោះ ។

លោក​សាស្រ្តាចារ្យ ឃិន សុខ បង្រៀន​ប្រវត្តិ​សាស្រ្ត​ខ្មែរ ថៃ លាវ និង​ភូមា នៅឯ​វិទ្យាស្ថាន​ជាតិ អ៊ីណាល់កូ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង មាន​ប្រសាសន៍​ថា បាន​សេចក្តី​ថា ទ្រព្យ​សម្បត្តិ​ភាគ​ច្រើន​ដែល​ព្រាហ្មណ៍ទិវាក បាន​ទទួល​ជា​ព្រះរាជទាន​ពី​ព្រះមហាក្សត្រ រួមមាន​គ្រឿង​អលង្ការ​ជា​មាស ជា​ពេជ្រ​ដ៏​មាន​តម្លៃ និង​ជា​វត្ថុ​មាន​តម្លៃ​ជា​មធ្យម​ក្តី គឺ​លោក​យក​ទៅ​ថ្វាយ​ព្រះអាទិទេព ស្រីសិខៈ រិស្វារៈ ទាំងអស់ ។

លោក​សាស្ត្រាចារ្យ ឃិន សុខ មាន​អធិប្បាយ​ដូច្នេះ​ថា ៖ «ក្នុង​ការរក្សា​ទាក់ទង​នឹង​អាទិទេព ស្រីសិខៈ រិស្វារៈ​ហ្នឹង គឺ​លោក​ធ្វើអី​ខ្លះ​នៅ​នឹង​ព្រះវិហារ? ព្រាហ្មណ៍ ទិវាការៈ ឬ ទិវាក នេះ លោក​ទៅ​សង់​រូប​អាទិទេព​ផ្សេង​ៗ លោក​ឲ្យ​ដី​ភូមិ លោក​ទៅ​បោះ​ព្រំប្រទល់ លោក​ឲ្យ​ពល​សម្រាប់​ភូមិ​ណា ដែល​ត្រូវការ​សម្រាប់​ធ្វើ​ម៉េច​ឲ្យ​អាច​បាន​ធ្វើការ យក​ស្រូវ យក​អង្ករ​ហ្នឹង យក​មក​បូជា​ធ្វើ​ពិធី​ផ្សេង​ៗ នៅក្នុង​ប្រាសាទ​ព្រះវិហារ​នេះ ។ ហើយ​មួយ​ពេល​នោះ លោក​ទទួល​បាន​បុស្បុក​មាស​ជា​រង្វាន់​ពី​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​២ លោក​យក​ទៅ​ថ្វាយ​អាទិទេព ស្រីសិខៈ រិស្វារៈ ។ ពេល​ដែល​ចូលឆ្នាំ​ក៏​លោក​ធ្វើ​សម្រាប់​អាទិទេព ស្រីសិខៈ រិស្វារៈ ហ្នឹង គឺ​លោក​យក​សំរឹទ្ធ​ទៅ​ក្រាល​នៅ​កណ្តាល​ប្រាសាទ ដែល​គេ​យល់​ថា​ប្រាសាទ​នៅ​ឯ​ចុង​ភ្នំ​នោះ ហើយ​យក​ចាន​ធ្វើ​អំពី​មាស ពី​ប្រាក់ យក​ទៅ​ប្រើប្រាស់​នៅក្នុង​ប្រាសាទ មាន​ឲ្យ​ជា​សត្វ​ពាហនៈ មាន​ឲ្យ​ជា​ខ្ញុំ​បម្រើ ។ បន្ទាប់​មក​ទៀត លោក​ធ្វើការ​ជួសជុល​សំណង់​ផ្សេង​ៗ លោក​ជា​អ្នក​ទទួល​ព្រះករុណា​យាង​ទៅ​ណា លោក​ទៅ​តាម​ដើម្បី​នឹង​ទទួល​កិច្ចការ​ដែល​ពិនិត្យមើល​ប្រាសាទ​នានា ក្នុង​ព្រះរាជាណាចក្រ ។ អ៊ីចឹង​ផ្នែក​ខាង​បូជា ផ្នែក​ខាង​រក្សា​ប្រាសាទ គឺ​ព្រះបាទ សុរិយ​វរ្ម័ន​ទី​២ លោក​ផ្ទុកផ្ដាក់​ទៅ​លើ​ព្រាហ្មណ៍ ឈ្មោះ ទិវាក ឬ ទិវាការៈ នេះ​ឯង» ។

លោក​សាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់​ថា ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ក្នុង​បំណង​ពិសេស ខុស​ប្លែក​ពី​ការកសាង​ប្រាសាទ​អង្គរវត្ត ដែល​ស្ថាបនា​ឡើង​ដើម្បី​រំឭក​គុណ​ព្រះ​វិស្នុរ ប្រាសាទ​បាពួន រំឭក​គុណ​ព្រះឥសូរ ។

លោក​សាស្ត្រាចារ្យ​អធិប្បាយ​បន្ថែម​ដូច្នេះ​ថា ៖ «​ខ្ញុំ​សូម​បញ្ជាក់​ថា ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង ដើម្បី​ធ្វើ​ជា​ទី​ដែល​គេ​រក្សា​ទុក​លិង្គ​ព្រះអាទិទេព ស្រីសិខៈ រិស្វារៈ ពីព្រោះ​តាម​ជំនឿ​របស់​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ ជាពិសេស​ព្រះបាទ សុរិយ​វរ្ម័ន​ទី​២ ក៏​អ៊ីចឹង​ដែរ លោក​នៅ​តែ​គាំទ្រ​គំនិត​ដែល​ថា មហិទ្ធិឫទ្ធិ​ធំ​ណាស់​អាទិទេព​នេះ ដូច្នេះ​ត្រូវ​ធ្វើ​ម៉េច បន់​ស្រន់ គោរព​បូជា យ៉ាង​ដាច់​ខាត ។ សេចក្តី​សង្ខេប​របស់​ខ្ញុំ ទីតាំង​ប្រាសាទ​ភ្នំ​ព្រះវិហារ​នេះ ទី​មួយ គឺ​គេ​ទុក​អាទិទេព ស្រីសិខៈ រិស្វារៈ ជួនកាល​គេ​សរសេរ ខរៈ ស្វារៈ ជួនកាល​គេ​សរសេរ សិខៈ រិស្វារៈ ប៉ុន្តែ​គឺ​ជា​ឈ្មោះ​តែ​មួយ​ទេ ។ គឺ​ជា​កន្លែង​ដែល​គេ​រក្សា​ទុក ពីព្រោះ​អាទិទេព​នេះ ដែល​មាន​លិង្គ​ជា​តំណាង មាន​មហិទ្ធិឫទ្ធិ​ធំ​ណាស់ ។ គេ​ជឿ​ថា នាំ​ភោគ​ផល នាំ​សេចក្តី​សុខ​មក​ដល់​ប្រទេស​ខ្មែរ ។ ទី​២ ប្រាសាទ​ភ្នំ​ព្រះវិហារ ទីកន្លែង​នេះ​មិនមែន​ជា​ទីកន្លែង​សម្រាប់​ព្រះរាជា​គង់​នៅ​ទេ ។ មិនមែន​មាន​ទីភូមិ​សម្រាប់​ប្រជាពលរដ្ឋ​ទេ ។ គឺ​មានតែ​កន្លែង​សម្រាប់​អ្នកបួស ឲ្យ​ចូល​មក​តាំង​សីល ហើយ​និង​ដើម្បី​នឹង​ជួយ​បន្ត​ពិធី​គោរព​បូជា​នេះ ត​ទៅ​ទៀត ។ បើ​បាន​អញ្ជើញ​ទៅ គឺ​ត្រូវ​ពិនិត្យ​មើល​នៅ​ប្រាសាទ ដែល​ជាប់​នឹង​ខ្លោង​ទ្វារ​ទី​៣ រាប់​ពី​ក្រោម​ទៅ នៅ​ខ្លោង​ទ្វារ​ទី​៣ ហ្នឹង​មាន​សិលា​ចារឹក​កា​លេខ ៣៨១ នោះ គេ​សង្ស័យ​ថា នៅ​ត្រង់​កន្លែង​ហ្នឹង គឺ​ជា​កន្លែង​ដែល​គេ​បំបួស​ឲ្យ​ទៅ​ជា​ព្រាហ្មណ៍ ដើម្បី​នឹង​បន្ត​កិច្ចការ​គោរព​និង​ថែ​រក្សា​អាទិទេព ស្រីសិខៈ រិស្វារៈ នោះ​ត​ទៅ​ទៀត ។ ដូច្នេះ​ប្រាសាទ​ភ្នំ​ព្រះវិហារ ខុសពី​ប្រាសាទ​ឯទៀត​ៗ» ។

ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​ព្រះមហាក្សត្រ​ខ្មែរ តាំងពី​ប្រមាណ ១​ពាន់​ឆ្នាំ​មុន​មក​ម្ល៉េះ គឺ​កសាង​ឡើង​នៅ​ក្នុង​ដែនដី​ខ្មែរ ក្នុង​គ្រា​ដែល​ប្រទេស​ថៃ ឬ សៀម នៅ​ពុំទាន់​មាន​វត្តមាន​នៅ​លើ​ទីតាំង​សព្វថ្ងៃ​នេះ នៅ​ឡើយ​ទេ ។

អ្នកប្រវត្តិ​វិទូ​មាន​ជំនឿ​ថា ការសាងសង់​ប្រាសាទ​ព្រះវិហារ មាន​បី​ដំណាក់កាល​ធំ​ៗ ។ ដំណាក់​កាល​ទី​មួយ គេ​គិត​សង្ស័យ​ថា សង់​ឡើង​កាល​ពី​ជំនាន់​ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ។ ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ គឺ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះបាទ​ជយវរ្ម័ន​ទី​២ ។

កាលពី​ប្រមាណ​ជា​ពាក់​កណ្តាល​ទី​១ នៃ​សតវត្សរ៍​ទី​៩ នោះ គឺ​អាស្រម​ប្រហែល​ធ្វើ​អំពី​ឈើ ។ លុះ​មក​ដល់​រជ្ជកាល​ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ គឺ​នៅពាក់​កណ្តាល​ទី​១ នៃ​សតវត្សរ៍​ទី​១១ មាន​ការកសាង​ប្រាសាទ​ព្រះវិហារ​ជា​ដំណាក់កាល​ធំ​ទី​២ គឺ​គេ​ឈូស​ភ្នំ​យក​ថ្ម​ភ្នំ ធ្វើ​ជា​កាំ​ជណ្តើរ​ធ្វើ​ផ្លូវ​ឡើង​ទៅ​លើ​ភ្នំ​និង​យក​ថ្ម​ភ្នំ ទៅ​កសាង​ជា​ទីតាំង​ប្រាសាទ​ផ្សេង​ៗ នៅ​ក្នុង​ដែនដី​នៃ​ប្រាសាទ​ព្រះវិហារ​នោះ ។

បន្ទាប់មក គឺ​ក្នុង​រជ្ជកាល​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​២ គឺ​នៅពាក់​កណ្តាល​សតវត្សរ៍​ទី​១២ ពេល​នោះ​ហើយ​ដែល​គេ​គិត​ថា ប្រាសាទ​ភ្នំ​ព្រះវិហារ ត្រូវ​បាន​ស្ថាបនា​ឡើង​ឲ្យ​កាន់តែ​ល្អ​ដែល​ជា​ការ​កសាង​ក្នុង​ដំណាក់កាល​ធំ​ទី​៣ ។ ព្រះបាទ​សុរិយ​វរ្ម័ន​ទី​២ នោះ​ហើយ ដែល​ព្រះអង្គ​បាន​សាង​ប្រាង្គ​ប្រាសាទ​អង្គរវត្ត ស្ថិតនៅ​ក្នុង​ខេត្ត​សៀមរាប សព្វថ្ងៃ​នេះ ។

លោក​សាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់​ថា ប្រទេស​ថៃ ឬ​សៀម មាន​កំណើត​លើ​ដែនដី​សព្វថ្ងៃ​នេះ គឺ​ចាប់​ពី​សតវត្សរ៍​ទី​១៣ ក្រោយ​មក ។

សូមរំឭក​ជូន​ថា ទីតាំង​ដែល​ធ្វើ​ប្រាសាទ​ព្រះវិហារ ដែល​ស្ថិតនៅ​លើ​កំពូល​ភ្នំ ទី​ខ្ពស់​ជាង គេ​នោះ​មាន​កំពស់ ៥២៥​ម៉ែត្រ ។ តួ​ប្រាសាទ​សំខាន់​នោះ មាន​ទំហំ ៣៥​ម៉ែត្រ​គុណ​នឹង ៤៥​ម៉ែត្រ ដែល​គេ​គិត​សង្ស័យ​ថា ជា​កន្លែង​រក្សា​ទុក​លិង្គ​អាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ ។

បើ​គិត​ពី​ផ្លូវចូល​ពី​ដី​ទំនាប មាន​កាំ​ជណ្តើរ​សម្រាប់​ឡើង​បន្តិច​ម្តង​ៗ​រហូត​ដល់​តួ​ប្រាសាទ​ដែល​នៅ​លើ​កំពូល​ភ្នំ​នោះ​គឺ​មាន​ចម្ងាយ​ទាំង​អស់ ៨០៤​ម៉ែត្រ ដែល​ក្នុង​នោះ គេ​ត្រូវ​ឆ្លងកាត់​ខ្លោង​ទ្វារ​៥ ។
លុះ​ដល់​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ នៅ​ប្រទេស​ហុល្លង់ បាន​ប្រកាស​ជា​ផ្លូវការ​ទទួលស្គាល់​ប្រាសាទ​ព្រះវិហារ​និង​បរិវេណ​ប្រាសាទ​ថា ជា​កម្មសិទ្ធិ​ផ្តាច់​មុខ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ខ្មែរ​ឈ្នះ​ក្តី​លើ​ភាគី​ប្រទេស​ថៃ ៕


ប្រភពពីៈ វិទ្យុអាស៊ីសេរី​


ប្រវត្តិសាស្ត្រ​នៃ​ប្រាសាទ​ព្រះវិហារ ភាគ៤

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​អធិប្បាយ​អំពី​ប្រាសាទ​ព្រះវិហារ
(ភាគ​៤)


ដោយ មឿង ទុម
(២៤​ កក្កដា​ ២០០៨)

លោក​សាស្រ្តាចារ្យ ឃិន សុខ បង្រៀន​ប្រវត្តិសាស្រ្ត​ខ្មែរ ថៃ លាវ និង​ភូមា មាន​ប្រសាសន៍​ថា ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ដែល​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះបាទ​ជយវរ្ម័ន​ទី​២ ក្នុង​រជ្ជកាល​នៅ​ពាក់​កណ្តាល​ទី​១ នៃ​សតវត្សរ៍​ទី​៩ ជា​អ្នកនាំ​យក​លិង្គ​អាទិទេព ស្រីសិខៈ រិស្វារៈ ទៅ​ដាក់​ប្រតិស្ឋ​នៅ​លើ​កំពូល​ភ្នំ​ព្រះវិហារ ។

ក្រុម​អ្នកប្រវត្តិ​វិទូ​គិត​ថា តំបន់​ប្រាសាទ​ព្រះវិហារ​នា​កាលណោះ ពុំ​ដូច​សព្វថ្ងៃ​នេះ​ទេ គឺ​ថា អាស្រម​អាច​សង់​ឡើង​អំពី​ឈើ ដែល​ជា​ទីស្នាក់នៅ​របស់​ពួក​ព្រាហ្មណ៍ ឆ្មាំ និង​អ្នក​បម្រើ ដែល​នៅ​ថែ​រក្សា គោរព​បូជា លិង្គ​អាទិទេព​នៅ​ទីនោះ ។

នៅក្នុង​ចំណោម​អ្នក​ដែល​នៅ​បម្រើ​លិង្គ​ព្រះអាទិទេព ស្រីសិខៈ រិ ស្វារៈ កាលណោះ​មាន​បុរស​ម្នាក់​ឈ្មោះ ស្រីសុកៈរាមា ជា​មនុស្ស​សំខាន់ ។

លោក​សាស្រ្តាចារ្យ ឃិន សុខ រំឭក​សង្ខេប​នូវ​ប្រវត្តិ​របស់ ស្រីសុកៈរាមា ដែល​ទាក់ទិន​នឹង​សំណង់​ប្រាសាទ​ព្រះវិហារ ៖ «ស្រីសុកៈរាមា​នេះ គឺ​ក្រុមគ្រួសារ​របស់​គាត់ ជា​អ្នករក្សា​ទុក​ឯកសារ​ប្រវត្តិសាស្រ្ត​ខ្មែរ តាំងពី​ព្រះរាជា​កម្ពុ រឿងរ៉ាវ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ កិច្ចការ​រាជការ និង​រឿង​ស្នាព្រះហស្ត​ផ្សេង​ៗ តាំងពី​សម័យ​មុន​អង្គរ​គឺ​ព្រះបាទ​ស្រីប្បវរ័្មន រហូត​មក​ដល់​ព្រះបាទ ស្រី សុរិយវរ័្មន​នេះ មាន​ទាំងអស់ គេ​សរសេរ​ទុក ខ្ញុំ​មើល​នៅ​ស្លឹក​ហ្នឹង គឺ​ស្លឹករឹត​ហើយ ។ ទុក​នៅ​នឹង​ប្រាសាទ​ព្រះវិហារ​ផង និង​ទុក​នៅ​នឹង​ប្រាសាទ​មួយ​ទៀត ដែល​សព្វថ្ងៃ​នេះ នៅ​នឹង​ប្រាសាទ​ខាង​ជើង​ភ្នំ​ដងរែក ។ គេ​យក​គាត់​មក​និយាយ​នេះ គឺ​គាត់​ជា​អ្នកគោរព​ត្រឹមត្រូវ ជួយ​ធ្វើការ​បោស​សំអាត រៀបចំ​គោរព ស្រី សិខារិស្វារៈ ។ ព្រះបាទ​សុរិយវរ្ម័ន​ទី​១ លោក​ជា​អ្នកកាន់​ព្រះពុទ្ធ​សាសនា ថេរវាទ ។ លោក​នៅតែ​គោរព​ព្រះឥសូរ ព្រោះ​នៅក្នុង​សិលាចារឹក​នេះ​ឯង គេ​បាន​និយាយ​ថា ដើម្បី​កំណត់​ព្រំប្រទល់​អំណាច​របស់​លោក​បណ្តោះ​អាសន្ន លោក​ឲ្យ​គេ​ធ្វើ​លិង្គ​៤ ដែល​លិង្គ​នីមួយ​ៗ​ឈ្មោះ​ដដែល​គឺ សុរិយ វ៉ារមិស្វារៈ គឺ​ឥសូរ​ដែល​មាន​ឈ្មោះ​ហៅ​ថា សុរិយវរ្ម័ន​នេះ​ឯង ។ លិង្គ​៤​នេះ​យក​ទៅ​ទុក នៅក្នុង​ខេត្ត​បាត់ដំបង គឺ​វត្ត​ឯក គឺ​ឈ្មោះ​ថា ជ័យក្សេត្រ នៅ​ព្រំប្រទល់​ខាងលិច ។ នៅ​ព្រំប្រទល់​ខាងជើង គឺ​យក​លិង្គ​មួយ ផ្សេង​ទៀត​ដែល​ព្រះនាម​ដដែល​នោះ យក​មក​ទុក​នៅ​ព្រះវិហារ កំណត់​បណ្តោះ​អាសន្ន​ព្រំប្រទល់​អំណាច​របស់​លោក​នៅផ្នែ​ខាង​ជើង ។ មាន​មួយ​ទៀត​យក​ទៅ​ទុក​នៅ​លើ​ភ្នំ សូរិយាទ្រិ គឺ​ភ្នំ​ព្រះឥសូរ ភ្នំ​ឥសូរ​យើង​នៅ​ខេត្ត​តាកែវ​សព្វថ្ងៃ​នេះ ហ្នឹង​គឺ​ផ្នែក​ទិស​ខាង​ត្បូង ។ ហើយ​មាន​មួយ​ទៀត លិង្គ​ឈ្មោះ​ដដែល​ហ្នឹង គឺ​ទុក​នៅ​ឥសាន តិរថៈ ប្រហែល​ជា​នៅតាម​ដង​ទន្លេ​មេគង្គ ប្រហែល​ជា​នៅ​ខាង​ក្រចេះ​ស្ទឹងត្រែង ។ លិង្គ​ទាំងបួន​នេះ គេ​យក​ទៅ​ប្រតិស្ឋ​នៅ​ទិស​ទាំងបួន​ហ្នឹង នៅ​នឹង​គ.ស. ១០១៨ ។ នេះ​គឺ​ជា​អ្វី​ដែល​ព្រះបាទ សុរិយវរ្ម័ន​ទី​១ លោក​បាន​ធ្វើ​សម្រាប់​ប្រាសាទ​ភ្នំ​ព្រះវិហារ» ។

ក្រុម​អ្នក​សិក្សា​ខាង​ផ្នែក​ប្រវត្តិសាស្ត្រ​និង​ប្រាសាទ បាន​រក​ឃើញ​បន្ថែម​ថា ក្រៅពី​ស្ថាបនា​លិង្គ​ព្រះ​អាទិទេព​នោះ ព្រះបាទ​សុរិយវរ្ម័ន​ទី​១ លោក​បាន​ចំណាយ​ទ្រព្យ​សម្បតិ្ត ដើម្បី​បន្ត​ការកសាង​ប្រាសាទ​ព្រះវិហារ ។

ការសាងសង់​ប្រាសាទ​ព្រះវិហារ មាន​បី​ដំណាក់កាល​ធំ​ៗ ដែល​ក្រុម​អ្នក​ប្រវត្តិ​វិទូ​គិត​សង្ស័យ​ថា កាលពី​ជំនាន់​ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ គឺ​អាស្រម​ប្រហែល​ធ្វើ​អំពី​ឈើ តែ​មក​ដល់​រជ្ជកាល ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ គឺ​គេ​ឈូស​ភ្នំ​យក​ថ្ម​ភ្នំ ធ្វើ​ជា​កាំជណ្តើរ​ធ្វើ​ផ្លូវ​ឡើង​ទៅ​លើ​ភ្នំ​និង​យក​ថ្ម​ភ្នំ ទៅ​កសាង​ជា​ទីតាំង​ប្រាសាទ​ផ្សេង​ៗ នៅក្នុង​ដែន​ដី​នៃ​ប្រាសាទ​ព្រះវិហារ ។ បន្ទាប់មក គឺ​ក្នុង​រជ្ជកាល​ព្រះបាទ សុរិយវរ្ម័ន​ទី​២ ពេល​នោះ​ហើយ​ដែល​គេ​គិត​ថា ប្រាសាទ​ភ្នំ​ព្រះវិហារ គឺ​បាន​ស្ថាបនា​ឲ្យ​កាន់តែ​ល្អ​ឡើង នៅពាក់​កណ្តាល​សតវត្សរ៍​ទី​១២ ។ ព្រះបាទ សុរិយវរ្ម័ន​ទី​២ នោះ​ហើយ ដែល​ព្រះអង្គ​បាន​សាង​ប្រាង្គ​ប្រាសាទ​អង្គរវត្ត ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​សៀមរាប សព្វថ្ងៃ​នេះ ។
លោក​សាស្រ្តាចារ្យ ឃិន សុខ មាន​ប្រសាសន៍​រំឭក​បន្ថែម​អំពី​មនុស្ស​សំខាន់​ម្នាក់​ទៀត ដែល​មាន​ប្រវត្តិ​ទាក់ទង​នឹង​ប្រាសាទ​ព្រះវិហារ​នោះ​ដែរ ៖ «សិលាចារឹក​នៅ​នឹង​ភ្នំ​សន្តក កា​លេខ ១៩៤ នៅភ្នំ​ព្រះវិហារ​នេះ កា​លេខ ៣៨៣ និយាយ​ច្រើន​ណាស់ តែ​អំពី​ព្រាហ្មណ៍​ម្នាក់ ឈ្មោះ ទិវាក ឬ ទិវាការៈ ។ ហេតុអ្វី ព្រាហ្មណ៍​នេះ បម្រើ​ស្តេច​ខ្មែរ​តាំងតែ​ពី​នៅ​វ័យ​ក្មេង តាំងតែ​ពី​ជំនាន់​រជ្ជកាល​ព្រះបាទ ឧទ័យៈទិត្យ​វរ័្មន ទី​២ ដែល​លោក​កសាង​ប្រាសាទ បាពួន ហើយ​រហូតមក​ដល់​រជ្ជកាល​ព្រះបាទ សុរិយវរ្ម័ន​ទី​២ ។ លោក​បាន​ទទួល​ងារ​ធំ​ជាង​គេ​បំផុត ក្នុង​ចំណោម​ព្រាហ្មណ៍​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​ព្រះបាទ សុរិយវរ្ម័ន​ទី​២ ហើយ​ លោក​តែងតាំង​ជា​ព្រាហ្មណ៍​ធំ សម្រាប់​ធ្វើរាជាភិសេក​ទាំងអស់​ស្តេច​ទាំង​ប៉ុន្មាន ។ សេចក្តី​សំខាន់​នៃ​សិលា​ចារឹក​ដែល​ទាក់ទង​នឹង​ព្រះវិហារ គឺ​លោក​ជា​អ្នក​ចាត់ចែង​ត​បញ្ជា​ពី​ព្រះបាទ សុរិយវរ្ម័ន​ទី​២ មក ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​សម្រាប់​ប្រាសាទ​ទាំងអស់ នៅក្នុង​ស្រុក​ខ្មែរ​ហ្នឹង គឺ​លោក​ចាត់​ចែង ។ ដូច្នេះ​ចំពោះ​ប្រាសាទ​ភ្នំ​ព្រះវិហារ​នេះ ដែល​មាន​អាទិទេព ស្រីសិខៈ រិស្វារៈ ហ្នឹង ព្រាហ្មណ៍ ឈ្មោះ ទិវាការៈ លោក​មាន​កិច្ចការ​សម្រាប់​ប្រាសាទ​ព្រះវិហារ» ៕


ប្រភពពីៈ វិទ្យុអាស៊ីសេរី​

ប្រវត្តិសាស្ត្រ​នៃ​ប្រាសាទ​ព្រះវិហារ ភាគ៣

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​អធិប្បាយ​អំពី​ប្រាសាទ​ព្រះវិហារ
(ភាគ​៣)

ដោយ មឿង ទុម
(២៣​ កក្កដា​ ២០០៨)


ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ពី​ថ្ម​ភ្នំ ដោយ​ព្រះបាទ សុរិយ​វរ្ម័ន​ទី១ នៅ​ពាក់​កណ្តាល​ទីមួយ​នៃ​សតវត្សរ៍​ទី​១១ នៅ​ក្នុង​ដែនដី​ស្រុក​ខ្មែរ ដែល​កាលណោះ​នៅ​ពុំទាន់​មាន​ប្រទេស​ថៃ នៅ​ឡើយ​ទេ ។

លោក​សាស្រ្តាចារ្យ ឃិន សុខ បង្រៀន​ប្រវត្តិសាស្រ្ត​ខ្មែរ ថៃ លាវ និង​ភូមា មាន​ប្រសាសន៍​ថា ប្រាសាទ​ព្រះវិហារ​សង់​ឡើង​ដោយ​បែរមុខ​ទៅ​ទិស​ខាងជើង មាន​ជណ្តើរ​ឡើង​ដែល​មាន​ចម្ងាយ​ទាំង​អស់ ៨០៤​ម៉ែត្រ ។ ដើម្បី​ឡើង​ទៅដល់​ប្រាង្គ​ប្រាសាទ​សំខាន់ ដែល​នៅលើ​កំពូលភ្នំ​ខ្ពស់​ជាង​គេ​នោះ គេ​ត្រូវ​ឆ្លងកាត់​ខ្លោង​ទ្វារ​៥ ។

ទីតាំង​ដែល​ធ្វើ​ប្រាសាទ​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ មាន​កម្ពស់ ៥២៥​ម៉ែត្រ ។ តួ​ប្រាសាទ​សំខាន់​នោះ​មាន​ទំហំ ៣៥​ម៉ែត្រ​គុណ​នឹង ៤៥​ម៉ែត្រ ដែល​គេ​គិត​សង្ស័យ​ថា ជា​កន្លែង​រក្សា​ទុក​លិង្គ​អាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ ។


ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ដែល​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះបាទ ជយវរ័ន្ម​ទី​២ ក្នុង​រជ្ជកាល​នៅ​ពាក់​កណ្តាល​ទី​១ នៃ​សតវត្សរ៍​ទី​៩ ជា​អ្នកនាំ​យក​លិង្គ​អាទិទេព​នោះ ទៅ​ដាក់​ទៅ​ប្រតិស្ឋ​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ​នោះ​ឯង ។ លោក​សាស្រ្តាចារ្យ ឃិន សុខ មាន​ប្រសាសន៍​បន្ត អំពី​ជីវប្រវត្តិ​សង្ខេប​របស់​ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ៖ «ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ដល់​ពេល​ដែល​លោក​ចាស់​ទៅ លោក​ទៅ​រៀន​ធម៌ តាំង​សីល​នៅ​លិង្គ​បូ ៗ គឺ​ជា​វត្ត​ភូ នៅខាង​ត្បូង​ស្រុក​លាវ សព្វ​ថ្ងៃ​នេះ ។ រួច​ហើយ លោក​បាន​កសាង​លិង្គ​មួយ យក​ថ្ម​នោះជា​បំណែក​នៃ​លិង្គ​ធំ​មួយ ។ លិង្គ​នោះ​ឈ្មោះ​ថា ស្រីសិខៈ រិ ស្វារៈ លោក​យក​លិង្គ​នេះ​មក​ទុក​នៅ​ប្រាសាទ​ព្រះវិហារ ។ ឈ្មោះ លិង្គ ស្រីសិខៈ រិស្វារៈ​នេះ ពេល​ក្រោយ​ឆ្នាំ​ក្រោយ មក​ទៀត គេ​តែងតែ​ហៅ​សម្រាប់​ឈ្មោះ​លិង្គ​ផង និង​ឈ្មោះ​ទី​ប្រាសាទ​វិហារ​នេះ​ផង ដូច្នេះ​អ្នក​ដែល​មក​ប្រតិស្ឋស្ថាន ស្រីសិខៈ រិស្វារៈ ថ្ម​ហ្នឹង​គឺ​ជា​បំណែក​មួយ ដែល​នៅ​នឹង​លិង្គបូ នោះ នៅ​វត្តភូ​នោះ គឺ​យក​មក​ទុក​នៅ​ប្រាសាទ​ព្រះវិហារ​នោះ គឺ​ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ។ ពេល​នោះ អ្នក​ប្រាជ្ញ​ដែល​សិក្សា​ពី​សិលាចារឹក និង​អំពី​ប្រាសាទ​ព្រះវិហារ​នោះ គេ​សន្មត់​ថា ទីនោះ​ប្រហែល​ជា​ទីតាំង​ទាំង​ប៉ុន្មាន គឺ​មិនមែន​ដូច​សព្វថ្ងៃ​នេះ​ទេ ។ មាន​តែ​អាស្រម​ធ្វើ​អំពី​ឈើ ពីព្រោះ​ជា​ទីកន្លែង​សម្រាប់​ស្នាក់នៅ​នៃ​ពួក​ព្រាហ្មណ៍ ដែល​មាន​ភារៈ​ទទួល​គោរព​ថែរក្សា​លិង្គ ស្រីសិខៈ រិស្វារៈ នេះឯង» ។

បើតាម​អត្ថបទ​សិលាចារឹក នៅឯ​ប្រាសាទ​ព្រះវិហារ កា​លេខ ៣៨១ ដែល​សរសេរ​ជា​ភាសា​ខ្មែរ​ផង​និង​សំស្រ្កឹត​ផង បាន​ឲ្យ​ដឹង​បន្ថែម​ថា មាន​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ តៈបៈស្វិន្រ្ទ​បណ្ឌិត ជា​មនុស្ស​សំខាន់​ដែល​ទាក់ទិន​នឹង​ប្រវតិ្ត​ប្រាសាទ​ព្រះវិហារ ។ តៈបៈស្វិន្រ្ទៈ​បណ្ឌិត មាន​អាស្រម​មួយ នៅ​នឹង​ដែនដី​នៃ​ទីតាំង​ប្រាសាទ​ព្រះវិហារ​នោះ ។ នៅ​រវាង​ឆ្នាំ​១០២៤ គឺ​លោក​បាន​ទទួល​អង្រឹង​ស្នែង​មាស និង​វត្ថុ​ដ៏​មាន​តម្លៃ​ដទៃ​ទៀត​ជាច្រើន ពី​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ ព្រោះតែ​ព្រះអង្គ​ដឹងគុណ​ដល់​លោក តៈបៈស្វិន្រ្ទៈបណ្ឌិត ដែល​បាន​ថែ​រក្សា​លិង្គ​ព្រះអាទិទេព ស្រីសិខៈរិស្វារៈ ។ លោក​សាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់​បន្ថែម​អំពី​ព្រះបាទ សុរិយវរ្ម័ន​ទី​១ ដែល​មាន​ជំនឿ​ខ្លាំង​ចំពោះ​លិង្គ​ព្រះអាទិទេព​នោះ ។

លោក​សាស្ត្រាចារ្យ ឃិន សុខ មាន​ប្រសាសន៍​បន្ត​ដូច្នេះ​ថា ៖ «ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ លោក​ជឿ​ខ្លាំង​ណាស់ នេះ​បើ​តាម​សិលាចារឹក ។ លោក​ជឿ​ថា លិង្គ​ដែល​មាន​ព្រះនាម ស្រីសិខៈ រិស្វារៈ ដែល​ធ្វើ​រួច​ហើយ​ពី​វត្តភូ យក​មក​ទុក​នៅ​នឹង​ប្រាសាទ​ព្រះវិហារ លិង្គ​នេះ​ឯង តែងតែ​សម្តែង​មហិទ្ធិឫទ្ធិ បដិហារ​ឲ្យ​លោក​ឃើញ ។ លោក​គ្មាន​ពេល​នឹង​ទៅ​ធ្វើ​ពិធី​គោរព​បូជា​ដល់​លិង្គ​ហ្នឹង មាន​តែ តៈបៈស្វិន្រ្ទៈបណ្ឌិត នោះ​ទេ គាត់​ធ្វើ ហើយ​លោក​សុំ​ឲ្យ​ខំ​ធ្វើ​នោះ​ត​ទៅ​ទៀត ដើម្បី​ឲ្យ​បាន​បុណ្យ​បាន​ផល​ហ្នឹង​ដល់​លោក​និង​ប្រទេស​កម្ពុជា ។ សេចក្តី​ក្នុង​សិលាចារឹក​នោះ បញ្ជាក់​ហើយ​បញ្ជាក់​ទៀត ព្រះអង្គម្ចាស់​ខំ​ធ្វើ​ខ្លាំង​ណាស់ ខ្ញុំ​សូម​បញ្ជាក់​ថា អ្នក​ដែល​នៅ​បម្រើ​នៅក្នុង​ប្រាសាទ​ព្រះវិហារ នៅដើម​សតវត្សរ៍​ទី​១ នៃ​រជ្ជកាល​របស់​ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ មាន​មនុស្ស​ច្រើន​ណាស់ មិនមែន​មាន​តែ​ព្រាហ្មណ៍​ទេ មាន​អ្នក​ខ្លះ ជា​ពល ជា​អ្នកស្រុក​នៃ​ភូមិ​ដែល​នៅ​ជិត​ៗ​ហ្នឹង គេ​មាន​ឈ្មោះ​ភូមិ​គេ ប៉ុន្តែ​ភូមិ​ខ្លះ​យើង​អត់​ដឹង​ថា ទីតាំង​នៅ​ត្រង់​ណា តែ​នៅ​នឹង​ជើង​ភ្នំ អាច​ឡើង​មក​នៅ​លើ​ភ្នំ​ទៀត សុទ្ធតែ​ជា​អ្នក​នៅ​គោរព នៅ​បូជា អ្នក​ដែល​ជួយ​ធ្វើ​នេះ​ធ្វើ​នោះ ដើម្បី​ថែ​រក្សា ។ អ៊ីចឹង ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ លោក​សុំ​ឲ្យ​យក​អ្នក​ទាំង​អស់​គ្នា​នេះ ចូល​មក​ស្បថ​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ ។ មិនមែន​គ្រាន់​ជា​អ្នក​បម្រើ យើង​ធ្វើ​តាម​ចិត្ត អត់​ទេ ។ សម្បថ​នោះ​មាន​អី​ខ្លះ​ទៅ? គឺ​ថា សម្បថ​នោះ​មាន បើ​អ្នក​ឯង​ស្បថ​ថា យាម​ប្រាសាទ គឺ​ប្រាកដ​ជា​យាម​ប្រាសាទ ។ បើ​អ្នក​ឯង​ថែ​ទាំ​ប្រាសាទ ប្រាកដ​ជា​ថែទាំ​ប្រាសាទ ។ ហើយ​លោក​បញ្ជាក់​ថា បើ​អ្នកឯង​ជា​អ្នកថែទាំ​ប្រាសាទ អ្នកឯង​ជា​អ្នក​ការពារ អ្នក​នៅ​បម្រើ​ទាំងអស់​ហ្នឹង សូម្បី​តែ​នៅក្នុង​ប្រាសាទ ក៏​ត្រូវ​ការរពារ អ្នក​អស់​ហ្នឹង សូម្បី​តែ​គេ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រាសាទ ឧទាហរណ៍​ដូចជា​ទៅ​ធ្វើ​ស្រែ ឃ្វាល​គោ ដែល​នៅ​ក្រៅ​រង្វង់​ប្រាសាទ អ្នកឯង​ក៏​ត្រូវ​ការពារ​គេ​នោះ​ដែរ ។ ហើយ​លោក​ឲ្យ​ការពារ​កុំ​ឲ្យ​មាន​ពួក​បះបោរ មក​ធ្វើ​បាប​អ្នកស្រុក​អស់​នោះ ។ ដូច្នេះ​សម្បថ​នេះ​មិន​ដូច​សម្បថ​ដែល​ពួកអ្នក​រាជការ គេ​ហៅ​តម្រួត​លោក​ឲ្យ​ធ្វើ​ស្បថ​ចំពោះ​លោក ដែល​គេ​ចារ​នៅ​លើ​ខ្លោង​ទ្វារ​ប្រាសាទ​វិមាន​អាកាស នៅ​អង្គរ​នោះ​មិន​ដូចគ្នា​ទេ ។ នេះ​គឺ​យើង​ស្បថ យើង​សម្រេច​ថា យើង​នៅ​បម្រើ​អាទិទេព សិខៈ រិស្វារៈ នៅ​នឹង​ភ្នំ​ព្រះវិហារ​នេះ» ។

លោក​សាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់​ថា អត្ថបទ​សិលាចារឹក នៅឯ​ប្រាសាទ​ព្រះវិហារ កា​លេខ ៣៨១ នោះ ត្រូវ​បាន​សរសេរ​ឡើង​កាលពី​ឆ្នាំ​១០៣៧ ៕

[ សូមស្តាប់សំលេងពិស្តារពីវិទ្យុអាស៊ីសេរី ]

ប្រភពពីៈ វិទ្យុអាស៊ីសេរី

ប្រវត្តិសាស្ត្រ​នៃ​ប្រាសាទ​ព្រះវិហារ ភាគ២

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​អធិប្បាយ​អំពី​ប្រាសាទ​ព្រះវិហារ
(ភាគ​២)

ដោយ មឿង ទុម
(១៨​ កក្កដា​ ២០០៨)

ឯកសារ​ប្រវត្តិសាស្រ្ត​ខ្មែរ​ជា​ច្រើន បាន​ឲ្យ​ដឹង​ថា ប្រាសាទ​ព្រះវិហារ​បាន​ស្ថាបនា​ឡើង​ដោយ​ព្រះមហាក្សត្រ​ខ្មែរ តាំង​ពី​១​ពាន់​ឆ្នាំ​មុន​មក​ម្ល៉េះ គឺ​កសាង​ឡើង​នៅ​ក្នុង​ដែនដី​ខ្មែរ ។

បើតាម​សៀវភៅ​ប្រវត្តិសាស្រ្ត​ខ្មែរ​មួយ​ចំនួន ដែល​ក្នុង​នោះ​មាន​សរសេរ​ដោយ​លោក អាល់បែរ ឡឺបោននឺ និង​លោក ក្លូដ ហ្សាក់ បាន​ឲ្យ​ដឹង​ថា ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ពី​ថ្ម ចាប់​តាំង​ពី​រជ្ជកាល​ព្រះបាទ សុរិយវរ្ម័ន​ទី​១ នៅពាក់​កណ្តាល​ទីមួយ​នៃ​សតវត្សរ៍​ទី​១១ ។

ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​ស្ថាបនា​ឡើង ក្នុងគ្រា​ដែល​ស្រុក​ខ្មែរ​មាន​ផ្ទៃដី​ធំ​ធេង​លាត​សន្ធឹង​រហូត​ដល់​ប្រទេស​ភូមា ខាងជើង​ទៅ​ដល់​ទីក្រុង​វៀងច័ន្ទ ប្រទេស​លាវ ។ ចំណែក​ប្រទេស​ថៃ​សព្វថ្ងៃ គឺ​ពុំទាន់​មាន​ទេ ដី​ស្រុក​ថៃ​សព្វថ្ងៃ គឺ​ជា​ដែនដី​ខ្មែរ​នា​កាលណោះ ។ ហេតុនេះ​ហើយ ទើប​ព្រះមហាក្សត្រ​ខ្មែរ​សង់​ប្រាសាទ​ព្រះវិហារ​បែរ​ទៅ​ទិស​ខាង​ជើង​ដែល​មាន​ដី​ទំនាប ងាយ​ធ្វើ​ជណ្តើរ​ឡើង ប្រសើរ​ជាង​ទិស​ខាង​ត្បូង ដែល​មាន​ជញ្ជាំង​ភ្នំ​ចោទ​ខ្ពស់​ពេក ។

លោក​សាស្រ្តាចារ្យ ឃិន សុខ បង្រៀន​ប្រវត្តិសាស្រ្ត​ខ្មែរ ថៃ លាវ និង​ភូមា មាន​ប្រសាសន៍​ថា បើគិត​ចាប់​ពី​ដី​ទំនាប ពី​ផ្លូវ​ឡើង​ទៅ​ដល់​ប្រាសាទ​ដែល​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ​នោះ គឺ​គេ​ត្រូវ​ដើរ​ឡើង​តាម​ជណ្តើរ​ជា​ច្រើន​កាំ ដែល​មាន​ចម្ងាយ​ទាំង​អស់ ៨០៤​ម៉ែត្រ ។

មុន​នឹង​ឡើង​ពី​ដី​ទំនាប ទៅ​ដល់​ប្រាង្គ​ប្រាសាទ​លើ​កំពូលភ្នំ គេ​ត្រូវ​ឆ្លង​កាត់​ខ្លោង​ទ្វារ ៥ ។ ឡើង​ពី​កាំ​ទី​មួយ ដើម្បី​ទៅ​ដល់​ខ្លោង​ទ្វារ​ទី​មួយ គេ​ត្រូវ​ឆ្លង​កាត់​ជណ្តើរ ១៥៩​កាំ ដែល​មាន​ចម្ងាយ ៧៩​ម៉ែត្រ ។ បន្តទៀត គេ​ត្រូវ​ដើរ​ពី​ខ្លោង​ទ្វារ​ទីមួយ តាម​ជណ្តើរ​ដែល​មាន​ចម្ងាយ ២៥៥​ម៉ែត្រ ទើប​គេ​ទៅ​ដល់​ខ្លោង​ទ្វារ​ទី​២ ។

នៅលើ​ជាប់​នឹង​ខ្លោង​ទ្វារ​ទី​២ គេ​មាន​ធ្វើ​ហោជាង ដែល​មាន​គូរ​រូប​កូរ​សមុទ្រ​ទឹក​ដោះ ។ ហើយ​នៅ​ខាង​ឆ្វេង​ដៃ​មាន​ស្រះ​មួយ ដែល​មាន​ទទឹង ១៨​ម៉ែត្រ​និង​បណ្តោយ ៣៦​ម៉ែត្រ ។ ស្រះ​នេះ​មាន​សារសំខាន់​ណាស់ ព្រោះ​ថា កាល​ពី​ពេល​ដែល​ព្រះមហាក្សត្រ​ថៃ សព្វថ្ងៃ​គឺ ព្រះបាទ ភូមិផុន អាឌុល យ៉ាដេត ឡើង​គ្រងរាជ្យ​នៅថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​១៩៤៦ ថៃ​បាន​មក​យក​ទឹក​ពី​ស្រះ​នេះ​ទៅ ដើម្បី​បំពេញ​ពិធី​អភិសេក​ព្រះមហាក្សត្រ​ថៃ នៅឯ​ទីក្រុង​បាងកក ប្រទេស​ថៃ ។

លោក​សាស្រ្តាចារ្យ ឃិន សុខ មាន​ប្រសាសន៍​បន្ត​អំពី​ទីតាំង​ភូមិសាស្រ្ត​នៃ​សំណង់​ប្រាសាទ​ព្រះវិហារ ដោយ​រាប់​ចាប់​ពី​ខ្លោង​ទ្វារ​ទីពីរ​ឡើង​ទៅ ៖ «ឥឡូវ​នេះ ចូល​មក​ដល់​ខ្លោង​ទ្វារ​ទី​២ ហើយ​ឡើង​មក​ទៀត ហើយ​ចម្ងាយ ១៥០​ម៉ែត្រ មាន​បោះគោល​តាម​ផ្លូវ​ហ្នឹង​រហូត ។ នៅ​ខាង​ឆ្វេង​ដៃ​ដដែល​ហ្នឹង មាន​តួប្រាសាទ​តូច​ៗ ឡើង​មក​ទៀត​អ៊ីចឹង​មក ១៥០​ម៉ែត្រ​ហ្នឹង បាន​មក​ដល់​ខ្លោង​ទ្វារ​ទី​៣​ៗ ហ្នឹង​មាន​សិលាចារឹក ដែល​និយាយ​អំពី​ការកសាង​ប្រាសាទ គឺ​នៅក្នុង​ជំនាន់​រជ្ជកាល​ព្រះបាទ សុរិយវរ្ម័ន​ទី​១ ប្រហែល​ជា​ទីកន្លែង​អ្នក​ចូល​ទៅ​បួស គេ​ឲ្យ​តាំង​សីល គេ​ឲ្យ​រៀន​ធម៌ នៅ​ហ្នឹង​ចូល​ផុត​ពី​ខ្លោង​ទ្វារ​ទី​បី​មក​នេះ ។ នៅ​ចន្លោះ​ពី​ខ្លោង​ទ្វារ​ទី​បី​និង​ខ្លោង​ទ្វារ​ទី​បួន មាន​ផ្លូវ​ដើរ ប្រហែល ៤០​ម៉ែត្រ ។ ផ្លូវ​ដើរ ៤០​ម៉ែត្រ​នេះ​ឯង ដែល​មាន​ធ្វើជា​ខ្លួន​នាគ ដូច​ជា​បង្កាន់ដៃ ហើយ​និង​បោះគោល​តាម​ផ្លូវ​នេះ​ឯង ។ យើង​ដើរ​តាម​ផ្លូវ​នាគ​ហ្នឹង​មក បាន​មក​ដល់​ខ្លោង​ទ្វារ​ទី​៤ ។ មក​ដល់​ខ្លោង​ទ្វារ​ទី​៤ ប្រាសាទ​ហ្នឹង​បែរ​មុខ​ទៅ​ទិស​ខាង​ជើង ។ នៅ​ទិស​ខាង​លិច​ឬ​ក៏​នៅ​ស្តាំដៃ​ហ្នឹង មាន​អគារ​មួយ នៅខាង​ឆ្វេង​ដៃ​អត់​មាន​ទេ ។អគារ​នេះ​ឯង​ប្រហែល​គេ​ទុក​ឲ្យ​សម្រាប់​ឥសី​ធំ​ៗ​សំណាក់​ឬ​ក៏​តាំង​សីល​នៅត្រង់​កន្លែង​ហ្នឹង» ។

លោក​សាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់​ថា ចម្ងាយ​ពី​ខ្លោង​ទ្វារ​ទី​៤ ទៅ​ដល់​ខ្លោង​ទ្វារ​ទី​៥​នោះ មាន​ប្រមាណ​ពី​៤០ ទៅ​៥០​ម៉ែត្រ ។ គេ​ត្រូវ​ដើរ​ឆ្លង​ខ្លោង​ទ្វារ​ទី​៥​នេះ ទើប​ទៅ​ដល់​ប្រាង្គ​ប្រាសាទ​ចុង​ក្រោយ​បង្អស់ ដែល​ស្ថិត​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ ។ ទីតាំង​ដែល​ធ្វើ​ប្រាសាទ​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ​នោះ មាន​កំពស់ ៥២៥​ម៉ែត្រ ៖ «ប្រាសាទ​នេះ​មិន​ជា​ធំ​ប៉ុន្មាន​ទេ មិន​ជា​ធំ​ហ្នឹង គឺ​មិន​បាន​ដល់​ប្រាសាទ​នៅ​ភ្នំ​ជីសូរ នៅ​ខេត្ត​តាកែវ​ផង ។ កន្លែង​នេះ​ឯង គឺ​ជា​កន្លែង​ដែល​ប្រហែល​គេ​ដាក់​លិង្គ ដែល​គេ​ថា ជា​អាទិទេព​ប្រចាំ​ប្រាសាទ​ព្រះវិហារ បើ​យើង​គិត​តែ​តួ​ប្រាសាទ​ធំ​ចុងក្រោយ​នេះ គឺ​មាន​ទំហំ ៣៥​ម៉ែត្រ​គុណ​នឹង ៤៥​ម៉ែត្រ តែ​ប៉ុណ្ណោះ ហើយ​បើ​យើង​ដើរ​ទៅ​ខាង​ក្រោយ​ប្រាសាទ​ហ្នឹង ប្រយ័ត្ន​ព្រោះ​ហ្នឹង​ដល់​ចុង​ភ្នំ​ហើយ គឺ​កន្លែង​ដែល​ចោទ​ហើយ ផុត​ត្រឹម​ប៉ុណ្ណឹង ។ ដូច្នេះ​ចុង​ខាង​ក្រោយ​នេះ​ឯង ប្រហែល​ជា​គេ​ទុក​លិង្គ​អាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ នោះ ។ មក​ដល់​ឆ្នាំ​២០០៨ នេះ មាន​បាត់បង់​ក៏​ច្រើន បាក់​បែក​ក៏​ច្រើន អ្វី​ដែល​នៅ​ឃើញ​សល់​សព្វថ្ងៃ​នេះ យើង​មើល​ទៅ​តាំងពី​ក្បាច់​ចម្លាក់ គួរ​ឲ្យ​ស្រលាញ់​ជា​ទី​បំផុត ពីព្រោះ​ស្អាត​ណាស់ ធ្វើ​ហ្នឹង ធ្វើ​ល្អ​ខ្លាំង​ណាស់» ។

លោក​សាស្រ្តាចារ្យ​បញ្ជាក់​ថា ប្រវត្តិ​នៃ​ការកសាង​ប្រាសាទ​ព្រះវិហារ មាន​នៅ​លើ​សិលា​ចារឹក​ខ្មែរ នៅឯ​ប្រាសាទ​បាពួន ក្នុង​ខេត្ត​សៀមរាប គឺកាលេខ ៥៨៣ ៖ «អ្នក​ដែល​សរសេរ​សិលាចារឹក​ហ្នឹង ឈ្មោះ​ហរិ វាហៈ នៅក្នុង​រជ្ជកាល​ព្រះបាទ​រាជិន្រ្ទ​វរ័ន្ម គ្រិស្ត​សករាជ ៩៤៤ ដល់ ៩៦៨ ។ គេ​សរសេរ​ជា​ភាសា​សំស្រ្កឹត​និង​ជា​ភាសា​ខ្មែរ ។ គេ​សរសេរ​ថា មាន​ព្រះអង្គ​ម្ចាស់​មួយ​អង្គ​ព្រះនាម ឥន្រ្ទាយុទ្ធ លោក​បាន​យក​លិង្គ​មួយ ឈ្មោះ​ស្រីសិខៈ រិស្វារៈ មកតាំង​មក​ប្រតិស្ឋ​នៅ​ទីនេះ​ៗ​គឺ​ប្រាសាទ​ព្រះវិហារ​នេះ​ឯង ។ តើ​ព្រះអង្គ​ម្ចាស់ ឥន្រ្ទាយុទ្ធ គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះបាទ​ជយវរ្ម័ន​ទី​២ គឺ​លោក​សោយរាជ្យ​នៅពាក់​កណ្តាល​ទី​១ នៃ​សតវត្សរ៍​ទី​៩ ។ ខ្ញុំ​អធិប្បាយ​ទាំង​អស់​នេះ ខ្ញុំ​អត់​មាន​បន្ថែម​ទេ ខ្ញុំ​ស្រង់​សេចក្តី​ទាំងអស់ ដូច​ខ្ញុំ​ជម្រាប​បន្តិច​ម្តង​ៗ​នោះ ។ គេ​សរសេរ​ថា ព្រះអង្គ​លោក​ខ្លាំង​ពូកែ​ខ្លាំង​ណាស់ ។ លោក​មាន​មហិទ្ធឫទ្ធិ ទៅ​ច្បាំង​ជាមួយ​នឹង​ស្តេច​ចាម ហើយ​ចាប់​ស្តេច​ចាម​នោះ​បាន​ទៀត ។ ចំពោះ​សេចក្តី​សិលាចារឹក​នេះ អ្នកប្រាជ្ញ​ខាង​ប្រវត្តិសាស្ត្រ​គិត​ថា មិន​មាន​សិលាចារឹក​ឯណា​ទៀត និយាយ​ពី​ចម្បាំង​ទៅ​ចាប់​ស្តេច​ចាម​នោះ​ទេ ក៏​ប៉ុន្តែ​ស្តេច​ដែល​លោក​ចាប់​បាន​នោះ ប្រហែល​ជា​មិនមែន​ជា​ស្តេច​ចាម ដែល​ត្រួត​ប្រទេស​ចាម​ទាំង​មូល​នោះ​ទេ ។ ប្រហែល​ជា​ស្តេច​អង្គ​តូច​មួយ ដែល​ត្រួត​នៅ​នគរ​មួយ ដែល​មាន​ព្រំប្រទល់​នៅ​ជាប់​នឹង​ប្រទេស​ខ្មែរ» ៕

[ សូមស្តាប់សំលេងពិស្តារពីវិទ្យុអាស៊ីសេរី ]

ប្រភពពីៈ វិទ្យុអាស៊ីសេរី​


ប្រវត្តិសាស្ត្រ​នៃ​ប្រាសាទ​ព្រះវិហារ ភាគ១


សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​អធិប្បាយ​អំពី​ប្រាសាទ​ព្រះវិហារ

(ភាគ​១)

ដោយ មឿង ទុម

(១៧​ កក្កដា​ ២០០៨)

មាន​ចម្ងល់​ថា ហេតុអ្វី​បាន​ជា​ប្រាសាទ​ព្រះវិហារ ដែល​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​នោះ មាន​ជណ្តើរ​ឡើង ស្ថិត​នៅក្នុង​ទឹក​ដី​ថៃ សព្វ​ថ្ងៃ​នេះ​ទៅវិញ? តើ​អ្នក​ ណា​ជា​អ្នក​កសាង​ប្រាសាទ​ព្រះវិហារ​នោះ?

លោក​សាស្រ្តាចារ្យ ឃិន សុខ បច្ចុប្បន្ន​បង្រៀន​ប្រវត្តិសាស្រ្ត​ខ្មែរ​ថៃ​លាវ​និង​ភូមា នៅឯ​វិទ្យាស្ថាន​ជាតិ អ៊ីណាល់កូ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង មាន​ប្រសាសន៍​ថា នៅពេល​ដែល​ស្តេច​ខ្មែរ ផ្តើម​សាងសង់​ប្រាសាទ​ព្រះវិហារ​នោះ​ឡើង​នៅក្នុង​ខេត្ត​ព្រះវិហារ​នៃ​ដែនដី​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​បុរាណ​សម័យ​នោះ គឺ​ពុំទាន់​មាន​ប្រទេស​សៀម ឬ​ថៃ តាំង​នៅ​ទីតាំង​ប្រទេស​ថៃ​សព្វថ្ងៃ នៅ​ឡើយ​ទេ ។

ពិសេស កាលពី​បុរាណ​សម័យ ស្រុក​ខ្មែរ​មាន​ផ្ទៃ​ដី​ធំធេង ផ្នែក​ខាង​លិច​គឺ​លាត​សន្ធឹង ពី​ខេត្ត​ព្រះវិហារ ហួស​ប្រទេស​ថៃ​សព្វថ្ងៃ និង​តរហូត​ទៅ​ដល់​ប្រទេស​ភូមា ។ ចំណែក​ផ្នែក​ខាង​ជើង គឺ​លាត​សន្ធឹង​រាប់​បញ្ចូល​ទាំង​ក្រុង​ឈៀងម៉ៃ ដែល​សព្វថ្ងៃ​ជា​ខេត្ត​មួយ​របស់​ថៃ​នោះ​ផង ។

លោក​សាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់​បន្ថែម​យ៉ាងដូច្នេះ ៖ «ខ្មែរ​យើង​មួយ​ចំនួន មិន​យល់​អំពី​ប្រាសាទ​ព្រះវិហារ ចោទ​សួរ​ថា ផ្លូវ​ដែល​ទៅកាន់​ប្រាសាទ​ព្រះវិហារ​ហ្នឹង ផ្លូវ​ដែល​ស្រួល​នោះ គឺ​ទៅពី​ស្រុក​សៀម ។ ហេតុអ្វី បើ​ជា​ប្រាសាទ​ខ្មែរ ម៉េច​ក៏​គេ​ធ្វើ​ផ្លូវ​ឡើង​ទៅ​ពី​ស្រុក​សៀម​ទៅ​វិញ ។ ដើម្បី​ឲ្យ​បាត់​ការងឿង​ឆ្ងល់​ចំពោះ​បញ្ហា​នេះ ខ្ញុំ​សូម​ជម្រាប សូម​ឲ្យ​ជ្រាប​ថា ប្រាសាទ​ព្រះវិហារ​នេះ មាន​នៅ​ក្នុង​ទឹកដី​ខ្មែរ​តាំងតែ​ពី​ដើម​មក​យូរ​ណាស់​ហើយ ដី​ខ្មែរ​គឺ​ស្រុក​សៀម មិន​ទាន់​មាន​ឯណា ។ ដី​ខ្មែរ​មាន​នៅ​រហូត​ទៅ​ដល់​ប្រទេស​ភូមា ។ បើ​ខាង​ជើង​នោះ រហូត​ទៅ​ដល់​ក្រុង​ឈៀងម៉ៃ ពីព្រោះ​ខ្មែរ​កាន់​អំណាច​រហូត​ទៅ​ដល់​ទីនោះ ។ ដូច្នេះ​មិនមែន​មក​ចោទ​ថា ដីត្រង់​កន្លែង​នោះ មាន​សៀម មាន​អី បើ​សៀម​មិនទាន់​មក​ដល់​ឯណា ។ សៀម​ទាល់​តែ​ចុង​សតវត្សរ៍​ទី​១៣ បាន​ទើប​នឹង​ចុះមក ។ ដូច្នេះ ដី​ត្រង់​ដែល​គេ​ធ្វើ​ប្រាសាទ នៅលើ​កំពូល​ភ្នំ​ព្រះវិហារ​នេះ ជា​ដី​របស់​ខ្មែរ ។ ខ្មែរ​ចង់​ធ្វើ​ត្រង់​ណា បែរ​ទៅ​ត្រង់​ណា គេ​ធ្វើ​តាម​តែ​ទីតាំង​របស់​សាច់​ភ្នំ​នោះ ។ ដូច្នេះ​សុំ​កុំ​ឲ្យ​ងឿង​ឆ្ងល់ បើ​មាន​អ្នកណា​ផ្សេង​ទៀត​ថា ទេ ប្រាសាទ​ហ្នឹង​មិនគួរ​ជា​របស់​ខ្មែរ ហ្នឹង​គឺ​ខុស​ហើយ ។ ពីព្រោះ​ដី​ខ្មែរ​នៅ​វាត​តាំង​ពី​ដែន​ដី​កម្ពុជា​ក្រោម កូសាំងស៊ីន រហូត​ទៅ​ដល់​ខាង​ជើង​នោះ គឺ​រហូត​ទៅ​ដល់​វៀងច័ន្ទ​ឯណោះ ។ ហ្នឹង បើ​ផ្នែក​ខាង​ស្រុក​លាវ ។ សៀម​អត់ទាន់​មាន​ទេ ដូច្នេះ​គេ​យក​ដី​នេះ យក​មក​ធ្វើ​ជា​ប្រាសាទ ដែល​វាល​ទំនាប ដែល​ឡើង​មក​សព្វថ្ងៃ គឺ​ឡើង​មក​ពី​ខាងជើង ហើយ​គេ​ធ្វើ​ប្រាសាទ​ហ្នឹង បែរមុខ​ទៅ​ទិស​ខាងជើង ។ ប្រាសាទ​នេះ មិន​មាន​លក្ខណៈ​ដូច​ប្រាសាទ​ឯ​ទៀត​ៗ​ទេ ។ ដូច្នេះ សូម​កុំ​ឲ្យ​ងឿងឆ្ងល់​ទៀត ផ្លូវ​ដែល​គេ​ធ្វើ​មក​ពី​ស្រុក​សៀម​ៗ ពុំ​ទាន់​មាន​ទេ ។ សព្វថ្ងៃ​យើង​ច្រឡំ សព្វថ្ងៃ​យើង​ភ្លេច​ប្រវត្តិ ដូច្នេះ គេ​ធ្វើ​ពី​ដី​ខ្មែរ​មក​ហ្នឹង រួច​ដី​ខ្មែរ​នៅខាង​ជើង​ឯណោះ វា​វាល​ទំនាប ហើយ​នៅឯ​ខាង​ស្រុក​ខ្មែរ សព្វថ្ងៃ​ឯណេះ វា​ដី​ត្រង់​ហ្នឹង​គឺ​ជា​ល្បាក់ គឺ​ជា​ជញ្ជាំង​ភ្នំ ។ ម្ល៉ោះ​ហើយ គេ​ធ្វើ​ហ្នឹង គឺ​សម្រាប់​ឲ្យ​មាន​ព្រាហ្មណ៍​ហ្នឹង ទៅ​រក្សា​លិង្គ​របស់​ព្រះឥសូរ ហើយ​កន្លែង​នោះ​គឺ​កន្លែង​គេ​តាំង​សិល្ប៍» ។

តាម​ការស្រាវជ្រាវ​ពី​ឯកសារ​ប្រវត្តិសាស្រ្ត​ខ្មែរ​ជា​ច្រើន បាន​ឲ្យ​ដឹង​ថា ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ពី​ថ្ម ចាប់តាំង​ពី​រជ្ជកាល​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ ។ ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ សោយ​រាជ្យ នៅពាក់​កណ្តាល​ទី​មួយ​នៃ​សតវត្សរ៍​ទី​១១ ។ ទីតាំង​ធ្វើ​ប្រាសាទ ដែល​ស្ថិត​នៅលើ​ទី​ខ្ពស់​ជាង​គេ នោះ​មាន​កំពស់ ៥២៥​ម៉ែត្រ ។

បើគិត​ពី​ផ្លូវ​ចូល​ពី​ដី​ទំនាប ឡើង​ទៅ​ដល់​ប្រាសាទ​នៅលើ​កំពូលភ្នំ​នោះ គឺ​កាំជណ្តើរ​សម្រាប់​ឡើង​បន្តិច​ម្តងៗ រហូត​ដល់​ប្រាសាទ​ដែល​នៅ​លើ​កំពូលភ្នំ​នោះ គឺ​មាន​ចម្ងាយ​ទាំង​អស់ ៨០៤​ម៉ែត្រ ។

លោក​សាស្រ្តាចារ្យ ឃិន សុខ មាន​ប្រសាសន៍​បង្ហាញ​អំពី​ទីតាំង​ភូមិសាស្រ្ត​នៃ​សំណង់​ប្រាសាទ​ព្រះវិហារ ដែល​មាន​រួមទាំង​កាំជណ្តើរ​ទាំងអស់​នោះ​ផង ៖ «ប្រាសាទ​ព្រះវិហារ​នេះ​គឺ​សង់​ឡើង​អំពី​ថ្ម ហ្នឹង​ចាប់​តាំងពី​រជ្ជកាល​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​មួយ សំណង់​ហ្នឹង​មិនមែន​ធ្វើ​តែ​មួយ​ពេល​ទេ ។ ធ្វើ​បើ​គិត​ឲ្យ​មែន​ទែន មាន​បី​ពេល ។ ឥឡូវ​នេះ ខ្ញុំ​ជូន​គ្រាន់តែ​ជម្រាប​ត្រួសៗ​អំពី​ផ្លូវ​ចូល​មក​ហ្នឹង​មាន​អី​ខ្លះ​ៗ ។ ទីមួយ ពី​ដី​យើង​ធម្មតា​ហ្នឹង ពី​ដី​គឺ​ជើងភ្នំ​របស់​ភ្នំ​ដងរែក​ហ្នឹង យើង​ឡើង​មក​ហ្នឹង គឺ​ចម្ងាយ ៥៤​ម៉ែត្រ​គេ​ធ្វើ​ជា​ជណ្តើរ​ៗ ទាំងអស់​មាន ១៥៩​កាំ ។ យើង​ឡើង​ជណ្តើរ​ហ្នឹង​មក​ហើយ បាន​គេ​ធ្វើ​រាង​ជម្រាល​បន្តិច​ចម្ងាយ ២៥​ម៉ែត្រ ហ្នឹង ចូល​មក​ខ្លោង​ទ្វារ​ទី​១ ។ បើ​សិន​ណា​អស់​លោក​មាន​សៀវភៅ គេ​សរសេរ​ជា​ភាសា​បារាំង ជា​អង់គ្លេស គេ​រាប់​បញ្ច្រាស គេ​រាប់​ពី​ទីមួយ ប្រាសាទ​ធំ​បំផុត មក​ឯ​ខាង​ដើម ។ ខ្ញុំ​ដើម្បី​នឹង​សម្រួល​អស់​លោក ឲ្យ​ឃើញ​រូប​ប្រាសាទ​ហ្នឹង ខ្ញុំ​រាប់​តាម​ជណ្តើរ​ដែល​យើង​ឡើង ។ សង្ខេប​យើង​ឡើង​តាម​ផ្លូវ​ជម្រាល​ធម្មតា ៥៤​ម៉ែត្រ បូក​នឹង ២៥​ម៉ែត្រ បាន​មក​ដល់​ខ្លោង​ទ្វារ​ទី​១ ។ បន្ទាប់​ពី​ខ្លោង​ទ្វារ​ទី​១​ហ្នឹង ត្រូវ​ធ្វើ​ដំណើរ​តាម​កាំជណ្តើរ​នោះ ឡើង​មក​ទៀត ចម្ងាយ ២៤៤​ម៉ែត្រ ។ ជណ្តើរ​នេះ គេ​មាន​បោះគោល​តាម​សង​ខាង​ផ្លូវ ដើរ​មក​បាន​ចូល​ខ្លោង​ទ្វារ​ទី​២ ។ នៅ​ខ្លោងទ្វារ​ទី​២ នោះ​មាន ហោជាង គេ​ធ្វើ​រូប​រឿង​កូរ​សមុទ្រ​ទឹកដោះ គឺ​ការ​ដែល​បង្កើត​លោក ។ នៅពេល​ដែល​ឡើង​មក​ហ្នឹង នៅ​ខាង​ឆ្វេង​ដៃ មាន​ស្រះ​មួយ ។ ស្រះ​នេះ​គឺ​មាន​ន័យ​សំខាន់​ណាស់ ។ ពេល​ដែល​ព្រះមហាក្សត្រ​នៅស្រុក​សៀម​សព្វថ្ងៃ លោក​ឡើង​សោយរាជ្យ ធ្វើ​ពិធី​រាជា​ភិសេក គេ​មក​យក​ទឹក​ពី​ស្រះ​ហ្នឹង ដើម្បី​យក​ទៅ​បំពេញ​ពិធី​អភិសេក​ព្រះកូណា​ដែល​នៅ​ស្រុកសៀម សព្វថ្ងៃ» ។

សូម​បញ្ជាក់​ជូន​ថា លោក​សាស្រ្តាចារ្យ ឃិន សុខ មាន​ប្រសាសន៍​អំពី​ស្តេច​សៀម​នេះ គឺ​សំដៅ​ចំពោះ​ព្រះមហាក្សត្រ​ថៃ​សព្វថ្ងៃ គឺ​ព្រះបាទ ភូមិផុន អាឌុលយ៉ាដេត ។

បើតាម​ឯកសារ​ប្រវត្តិសាស្រ្ត​ស្តីពី​ព្រះរាជាថៃ ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​វ៉ឹបសាយថ៍ Wikipedia បាន​ឲ្យ​ដឹង​ថា ព្រះមហាក្សត្រ​ថៃ ព្រះបាទ ភូមិផុន អាឌុលយ៉ាដេត បច្ចុប្បន្ន​មាន​ព្រះជន្ម ៨១​ព្រះវស្សា ឡើង​គ្រង​រាជ្យ​តាំងពី​ថ្ងៃទី​៩ ខែ​មិថុនា ឆ្នាំ​១៩៤៦ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ៕

[ សូមស្តាប់សំលេងពិស្តារពីវិទ្យុអាស៊ីសេរី ]

ប្រភពពីៈ វិទ្យុអាស៊ីសេរី​