Saturday, November 29, 2008

ការចូលម្លប់របស់កូនស្រីក្នុងសង្គមខែ្មរសម័យបុរាណ

ការចូលម្លប់របស់កូនស្រីក្នុងសង្គមខែ្មរសម័យបុរាណ ដែលបច្ចុប្បន្នមិនមាន

សំលៀកបំពាក់ខែ្មរសម័យបុរាណនាសតវត្សទី១៩


ខែ្មរបុរាណនិយមឲ្យកូនស្រីចូលម្លប់នៅពេលដែលកូនស្រីពេញក្រមុំ គឺនៅពេលនាងមានរដូវគ្រាដំបូង ពិធីចូលម្លប់របស់កូនស្រី ក្នុងសង្គមខែ្មរ គេមិនបានដឹងថា កើតមានតាំងពីសម័យណា ឬឆ្នាំណាមកទេ តែគេ បានដឹងតាមរយៈរឿងទុំទាវ ដែលកើតឡើងនៅសម័យលងែ្វក ក្នុងរវាង សតវត្សរ៍ទី១៦ ហើយបានបន្ត មកដល់សម័យព្រះបាទស៊ីសុវត្ថិ មុនីវង្ស ក្នុងរវាងឆ្នាំ ១៩៣០ ដល់ឆ្នាំ ១៩៤០ ទើបប្រជាពលរដ្ឋខែ្មរយើង បានបោះបង់ចោល រហូតមកដល់បច្ចុប្បន្ននេះ។

ចំពោះវត្ថុបំណងនៃការធ្វើពិធីចូលម្លប់របស់កូនស្រីនោះមានបួនយ៉ាងគឺ :
១-ប្រកាសភាពពេញក្រមុំរបស់កូនស្រី

២-បន្ទុំសម្បុរ និងអប់រំរូបរាងកាយឲ្យកូនស្រី

៣-បំពេញលក្ខណៈចរិយាវិជ្ជាមេផ្ទះ និងវិជ្ជាជីវៈឲ្យកូនស្រី

៤-ទាក់ទាញអារម្មណ៍ញាតិមិត្តតាមរយៈរូបសម្បត្តិ ចរិយាសម្បត្តិ និងវិជ្ជាសម្បត្តិ

ការចូលម្លប់របស់កូនស្រីនៅពេលពេញក្រមុំដែលបានកំណត់ដឹងដោយ សារការមានរដូវនៅគ្រាដំបូង រយៈ ពេលចូលម្លប់មាន ៣ខែ ឬ៦ខែ ឬក៏លើស នេះក៏មានដែរ ទៅតាមជីវភាព លទ្ធភាពរបស់គ្រួសារ និងការសំរេចលើ ឪពុកម្តាយ នារីចូលម្លប់ពាក់អាវដៃវែង ស្លៀកសំពត់វែង ឋិតនៅក្នុងផ្ទះ មិនឲ្យត្រូវកំដៅថៃ្ងទេ។ ប៉ុនែ្តបើនៅពេលយប់នោះគឺអាច ចុះដី ឬចេញក្រៅ ផ្ទះបាន ចាប់ពីថៃ្ងចូលម្លប់មានតែការអុជធូប ជំរាបព្រលឹង ដូនតាបន្តិចបន្តួច ប៉ុណ្ណោះ ហើយក៏មានដាក់ដាំកូនចេកក្រមុំ ដំណាលគ្នាផងដែរ ដើម្បីបានផែ្ល ទុំមួយស្ទងនោះ បន្ទុំធ្វើបងែ្អមនៅពេលចេញពីម្លប់។ នារីនៅក្នុងម្លប់ គឺមាន ការហាត់ពត់ផែ្នកវិន័យ និងសីលធម៌ក្នុងការរស់នៅ ដោយហាមនូវទំនាក់ ទំនងលើការ និយាយជាមួយភេទបុរស ដែលសូម្បី តែឪពុក និងបងប្អូន ប្រុស ក៏ហាមមិនឲ្យនិយាយច្រើនដែរ ពេលនោះការទាក់ទងតែទៅលើ ស្រី្តភេទដូចគ្នា ហើយត្រូវបរិភោគម្អូបបួសដូចជា សណែ្តក ល្ង បនែ្លជាដើម ពោលគឺមិនមានការអនុញ្ញាតឲ្យបរិភោគសាច់ឡើយ។ នេះជាពិធីដ៏ សំខាន់ពីបុរាណត្រូវអប់រំនារី ដែលត្រូវដល់ពេលឈានដល់ភារកិច្ចថ្មី គឺជាមេផ្ទះ និងដឹកនាំ គ្រួសារឲ្យ មានសុភមង្គលស្របទៅតាមរបបមាតា ធិបតេយ្យ ការនិយមមេជាធំ ដែលជាការអនុវត្តន៍ តាមប្រវត្តិប្រពៃណី ព្រះថោងតោងជាយសៃ្បនាងនាគ ពិសេសគេដឹងថា ស្រ្តីមេផ្ទះមានតួនាទី ដ៏ថៃ្លថ្លា ឈានមុខក្នុងការកសាងសេចក្តីសុខចំរើន រកទ្រព្យសម្បត្តិក្នុងគ្រួសារ ដូចពាក្យចាស់ពោលថា "ទ្រព្យគង់ ដ្បិតស្រី" "សូវស្លាប់បាកុំឲ្យស្លាប់មេ..."។ ទាំងសុភមង្គល និងទ្រព្យសម្បត្តិដែលកើតមាននៅក្នុងគ្រួសារ ក៏ជាកោសិកា សង្គម គឺនាំឲ្យជាតិបានរីកចំរើន ផងដែរ ម្ល៉ោះហើយការរៀបចំឲ្យនារីចូលម្លប់ គឺជាឱកាសអប់រំចរិយាមារយាទ សណ្តាប់ធ្នាប់ ពិសេសគឺ ការស៊ូទ្រាំអត់ធន់ គ្រប់គ្រាលំបាក ល្វីងជូរចត់ ដើម្បីតៀ្រមខ្លួនរៀបចំទទួលអំរែកវាសនា នៅ ពេលមានស្វាមី បង្កើតជាគ្រួសារថ្មី។ ដូចនេះ ដើម្បីឲ្យបានជាក់ច្បាស់ថែមទៀតនោះ តាមរយៈវត្ថុបំណងទាំង4នៃការចូល ម្លប់មានការបកស្រាយដោយសងេ្ខបដូចតទៅនេះ។

- ចំពោះការប្រកាសពីភាពពេញក្រមុំរបស់កូនស្រីនោះ គឺដើម្បីឲ្យញាតិ មិត្តផៅពង្សជិតឆ្ងាយ ដែលរង់ចាំ ឱកាសចូលស្តីដណ្តឹងកូនស្រីនោះ នឹងបានជ្រាបច្បាស់ថា កូនស្រីគេពេញក្រមុំអាចទទួលភារកិច្ចតាមធម្មជាតិ ក្នុងការបន្តពូជពង្សបានហើយ នេះជាសញ្ញាមួយបានបង្អាញអំពីទំនាក់ ទំនងទៅតាមច្បាប់ប្រពៃណី ដល់បេក្ខភាពនៃកូនកំលោះទាំងឡាយឲ្យ បានដឹង និងរៀបចំខ្លួនចូលទាក់ទងស្តីដណ្តឹងឲ្យទាន់គេ គឺកុំឲ្យខក ឬហៅថា ចូលមិនទាន់គេ។

- បន្ទុំសម្បុរសាច់ឈាម គឺនារីដែលទើបបានឡើងខ្លួន ហើយនៅក្នុងម្លប់ធ្វើការស្រាលៗក្នុងផ្ទះ តែងនាំឲ្យសាច់ និងសម្បុរល្អ ដែលជាវត្ថុបំណង របស់នារីក្នុងការធ្វើឲ្យសាច់ឈាមស្រស់ថ្លា សាច់ខ្ចី ស ម៉ដ្ឋ ទ្រលុកទ្រលន់ ល្វតល្វន់...។
- ចរិយាសម្បត្តិ និងវិជ្ជាជីវៈ ដែលក្នុងពេលចូលម្លប់ គឺតែងទុកឱកាសដ៏ សំខាន់ក្នុងការអប់រំតាមរយៈច្បាប់ស្រី ចរិយាមារយាទ ប្រពៃណីល្អ ដែលស្រ្តីចាស់ទុំបាននិយាយឲ្យស្តាប់ ឬអានសៀវភៅ ឬអានសាស្រ្តាដោយ ខ្លួនឯង ជាមួយនេះមានការរៀនវិជ្ជាមេផ្ទះ ការដេរប៉ាក់ ត្បាញរវៃ ការរៀបចំផ្ទះសំបែង ការនិយាយ ស្តីប្រកបដោយសំដីផែ្អមលែ្អមមិនឆេវឆាវ...។

-​ នៅពេលចេញពីម្លប់វិញ អាចបណ្តាលឲ្យញាតិមិត្តជិតខាងស្ងើចសរសើរ និងទាក់ទាញទាំងរូបសម្ផស្ស និង ទាំងចំណេះដឹង សីលធម៌ គឺមានការប្រែប្រួលដ៏ល្អ។ បានសេចក្តីថា ទាំងរូបសម្បត្តិ ទាំងចរិយាសម្បត្តិ និងទាំងវិជ្ជាសម្បត្តិរបស់នារីនោះ អាចស័ក្តិសមជាមេផ្ទះដ៏ល្អប្រសើរ គួរឲ្យចង់ភ្ជាប់សាច់ ភ្ជាប់ឈាម ជា គ្រួសារតទៅអនាគត។

ដូចនេះការចូលម្លប់ គឺជារូបភាពនិងជាវិធានការនៃការអប់រំស្រ្តីពីបុរាណ ក្នុងនាមជាអ្នកតៀ្រមខ្លួនចូលបំពេញ តួនាទីជាមេគ្រួសារប្រកបដោយ សុភមង្គលក្នុងគ្រួសារនៃសង្គមខែ្មរ។ ប៉ុនែ្តសំរាប់បច្ចុប្បន្ននេះ ការអប់រំមាន ការរីកចំរើន គឺទាំងយុវជន យុវនារី តែងបានចូលសិក្សារៀនសូត្រតាម សាលារៀន តាំងពីបឋមសិក្សា រហូតដល់ឧត្តមសិក្សា ព្រមទាំងមាន ឯកសារក្បួនខ្នាតជាច្រើន សំរាប់បណ្តុះបណ្តាលធនធានមនុស្សឲ្យបាន ប្រសើរក្នុងសង្គម ។

ដោយ លី ហាក់សេង
ប្រភពពី កាសែតកោះសន្តិភាព ឆ្នាំទី ៤១ លេខ ៦៥១០ ថៃ្ង ព្រហស្បតិ៏ ទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០០៨

Thursday, November 20, 2008

ព្រិលធ្លាក់លើកដំបូងក្នុងឆ្នាំ២០០៨

ម្សិលម្ង៉ៃមួយនាពេលយប់ ព្រិលបានធ្លាក់យ៉ាងខ្លាំងនៅទីក្រុងក្វាងជូ ប្រទេសកូរ៉េខាងត្បូង។​ ឆ្នាំនេះ ព្រិលបានធ្លាក់លឿនជាងឆ្នាំទៅ គឺធ្លាក់ លើកដំបូងនៅថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០០៨។

ទីធ្លាសាកលវិទ្យាល័យ​ជាតិឆុនណាម​ (១៩ វិច្ឆិកា ២០០៨​)​

ទីធ្លាសាកលវិទ្យាល័យ​ជាតិឆុនណាម​ (១៩ វិច្ឆិកា ២០០៨​)​

Friday, November 14, 2008

ត្រី២ក្បាល??

បាទ! សូមកុំច្រឡំចាប់ត្រី២ក្បាលនេះអាំងស៊ីណា:)- ​

ប្រវត្តិ​នៃ​ពិធី​បុណ្យ​បណ្ដែត​ប្រទីប

ប្រវត្តិ​នៃ​ពិធី​បុណ្យ​បណ្ដែត​ប្រទីប

ដោយ កេសរណ្ណីយ្យា
(១១​ វិច្ឆិកា ២០០៨)

ជា​ទូទៅ​ពិធី​បុណ្យ​បណ្តែត​ប្រទីប ដែល​ប្រារព្ធ​ធ្វើ​រួម​គ្នា​ជាមួយ​ពិធី​បុណ្យ​អុំទូក សំពះ​ព្រះ​ខែ​​និង​អក​អំបុក តែង​ប្រព្រឹត្ត​ទៅ​រយៈពេល ៣​យប់ ៣​ថ្ងៃ តាម​ប្រតិទិន​ច័ន្ទ​គតិ គឺ​ចាប់​ផ្តើម​ពី​ថ្ងៃ​១៤​កើត រហូត​ដល់​ថ្ងៃ​១​រោច ខែ​កត្តិក។

សៀវភៅ «ព្រះ​រាជពិធី​ទ្វារ​ទសមាស​និង​ពិធី​សង្ក្រាន​ចូល​ឆ្នាំ» បោះពុម្ព​ផ្សាយ​ក្នុង​ឆ្នាំ​១៩៦៩ ដែល​និពន្ធ​ចងក្រង​ដោយ​លោក​ឧកញ៉ា ទេពពិទូរ -ក្រសេម បណ្ឌិត​ទី​១ នៃ​វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ បាន​កត់ត្រា​ឲ្យ​ដឹង​ថា តាម​កំណត់​ព្រះរាជ​ពិធី​ក្នុង​រជ្ជកាល​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ នរោត្តម សុរាម្រិត ព.ស. ២៥០១ ឬ គ.ស. ១៩៥៨ ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក នៅ​ក្នុង​ខែ​កត្តិក​នេះ គឺ​ជា​ព្រះរាជ​ពិធី​មួយ ដែល​ព្រះរាជា​ខ្មែរ តែង​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​ទន្លេ​ចតុមុខ​និង​កំពង់​ព្រះដំណាក់​ផែ​ខាង​មុខ​ព្រះ​បរម​រាជវាំង​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​នោះ មាន​ការ​បណ្តែត​ប្រទីប​ជា្វលា នៅ​គ្រប់​ទាំង​បី​ថ្ងៃ​នៃ​ពិធី​បុណ្យ។

ប៉ុន្តែ​លោក​ឧកញ៉ា ទេពពិទូរ ក្រសេម ក៏​បាន​សរសេរ​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ផង​ដែរ​ថា ចំពោះ​ខាង​ប្រជារាស្ត្រ ពុទ្ធបរិស័ទ នៅ​តាម​វត្ត​អារាម​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​វិញ ជា​ប្រពៃណី​នៅ​រៀងរាល់​ឆ្នាំ តែង​ធ្វើ​ពិធី​បណ្តែត​ប្រទីប​នៅ​វេលា​យប់​១៥ កើត​ពេញ​បូណ៌មី ខែ​អស្សុជ ដែល​ជា​ថ្ងៃ​ព្រះសង្ឃ​បវារណា​ចេញ​វស្សា ឬ​ហៅ​ថា​ពិធី​បុណ្យ​ចេញ​ព្រះវស្សា ពោល​គឺ​ធ្វើ​មុន​១​ខែ។

ព្រះតេជគុណ ហួរ សុខរ័ត្ន សិក្ខាលង្ការោ គង់​នៅ​វត្ត «លង្កា​ព្រះកុសុមារាម» ក្នុង​រាជ​ធានី​ភ្នំពេញ បាន​មាន​ថេរ​ដីកា​អំពី​ដំណើរ​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​បណ្តែត​ប្រទីប​នេះ ទៅ​តាម​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​ភូមិ​ស្រុក​និង​តាម​ទីអារាម​ពុទ្ធសាសនា​ដែល​ចាប់​ធ្វើ ១​ខែ មុន​ពិធី​បុណ្យ​បណ្ដែត​ប្រទីប​ផ្លូវការ​ក្នុង​ខែ​កត្តិក​នេះ។

ព្រះតេជគុណ ហួរ សុខរ័ត្ន មាន​ថេរ​ដីកា​ដូច្នេះ​ថា ៖ «ប្រវត្តិ​នៃ​ប្រទីប​ហ្នឹង ធ្វើ​ហ្នឹង គឺ​ធ្វើ​ចាប់តាំង​ពី​ថ្ងៃ​ដែល​ព្រះសង្ឃ​ចេញ​វស្សា​មក​ម្ល៉េះ។ ព្រះសង្ឃ​ចេញ​វស្សា​គឺ​ថ្ងៃ​១៥​កើត ខែ​អស្សុជ​ហ្នឹង ពេល​ព្រឹក​គេ​មាន​ទេសនា​ជាតក អ៊ីចឹង​ទៅ នៅ​ពេល​យប់​ឡើង គឺ​យប់​ថ្ងៃ​ទី​១៥​កើត​ហ្នឹង គេ​ហែ​ប្រទីប​ទៅ​តាម​វត្ត​នីមួយៗ​ទូទាំង​ប្រទេស​កម្ពុជា​យើង បើ​នៅ​តាម​មាត់​ទន្លេ គេ​ធ្វើ​ជា​ដង្ឃឹក ដាក់​សម្ភារៈ ដាក់​អាហារ​ភោជន​សព្វ​បែប​យ៉ាង គេ​បណ្ដែត​ទៅ​តាម​ទន្លេ​ទៅ ហើយ​អុជ​ជា​ប្រទីប​ជ្វាលា ដង្ហែ​ទៅ​តាម​ដង្ឃឹ​ធំ​ហ្នឹង។ ហើយ​ដាក់​នៅ​ក្នុង​ដង្ឃឹក​ហ្នឹង មួយ​ចំនួន ល្អៗ គេ​យក​សម្រាប់​ប្រគេន​ព្រះសង្ឃ​ពេល​ព្រឹក​ឡើង​អ៊ីចឹង ហើយ​ដល់​ពេល​មួយ​ចំនួន​ទៀត យក​សម្រាប់​ចែក​ក្មេងៗ​ដែល​ហែ​ហ្នឹង ឲ្យ​បរិភោគ ជូន​ចាស់ៗ សល់​ប៉ុន្មាន​ទៀត គឺ​ដាក់​បណ្ដែត​ទៅ​តាម​ទឹក។ ដង្ឃឹក​ហ្នឹង គេ​ធ្វើ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ប្រៀប​បាន​ដូច​ជា​ប្រាសាទ​តូច​មួយ​អ៊ីចឹង ហើយ​នៅ​តំបន់​មួយ​ចំនួន ដូច​ខាង​នៅ​ខេត្ត​កំពង់ចាម អាត្មា​ធ្លាប់​គង់​នៅ ក៏​នៅ​តែ​មាន​ធ្វើ​អ៊ីចឹង​ដែរ តាម​មាត់​ទន្លេ​គឺ​បណ្ដែត​ប្រទីប ពេញ​ព្រោង​ព្រាត​ទាំង​អស់ ហើយ​នៅ​តាម​តំបន់​មួយ​ចំនួន ដែល​ដាច់​ស្រយាល​ពី​មាត់​ទន្លេ ក៏​គេ​ធ្វើ​ជា​ដង្ឃឹក​អ៊ីចឹង អុជ​ចន្លុះ​សម្រាប់​តំណាង​ជា​ប្រទីប​បណ្ដែត​ហ្នឹង ឲ្យ​ក្មេងៗ​កាន់​ជា​ជួរៗ មើល​ពី​ចម្ងាយ​ស្អាត​ដូច​ក្នុង​ទន្លេ​អ៊ីចឹង»។

ទាក់ទង​នឹង​គោល​គំនិត​ផ្នែក​ជំនឿ​ប្រពៃណី​ទំនៀម​ទម្លាប់​នៃ​ការ​រៀបចំ​ដាក់​ផ្លែ​ឈើ នំ​នែក អាហារ​ភោជន និង​គ្រឿង​រណ្តាប់​តាក់​តែង​ផ្សេងៗ នៅ​ក្នុង​ពិធី​បុណ្យ​បណ្តែត​ប្រទីប​នេះ ព្រះតេជគុណ ហួរ សុខរ័ត្ន សិក្ខា​លង្ការោ បាន​មាន​ដីកា​បញ្ជាក់​ថា ជា​ការ​បង្ហាញ​នូវ​ភោគផល​កសិកម្ម​-សិប្បកម្ម​របស់​អ្នក​ស្រុក អ្នក​ភូមិ ក្នុង​តំបន់​នីមួយៗ។

ព្រះតេជគុណ ហួរ សុខរ័ត្ន មាន​ថេរ​ដីកា​ដូច្នេះ​ថា ៖ «បុណ្យ​នេះ គឺ​ធ្វើ​ក្រោយ​ពី​ថ្ងៃ​ដែល​យើង​ប្រមូល​ផល​កសិកម្ម ហើយ​យើង​ធៀប​មក​ក្នុង​សម័យ​បច្ចុប្បន្ន គឺ​យើង​បាន​បង្ហាញ​នូវ​ផលិតផល ភូមិ​មួយ​ផលិត​ផល​មួយ ដើម្បី​ឲ្យ​ដឹង ប្រមូល​តាម​ស្រុក​មក​ថា តើ​នៅ​តាម​ខេត្ត​នីមួយៗ​មាន​ផលិតផល​អ្វី​ខ្លះ​ដែល​បាន​ពី​ផល​កសិកម្ម ឬ​ក៏​ផលិត​ផល​សិប្បកម្ម​ផ្សេងៗ ហើយ​តើ​ឆ្នាំ​ហ្នឹង មាន​កំណើន​ជាង​ឆ្នាំ​មុន ឬ​ក៏​មាន​អត្រា​ថយ​ចុះ​ជាង​ឆ្នាំ​មុន? ម្យ៉ាង​ទៀត​ដើម្បី​យក​មក​បែងចែក​គ្នា​បរិភោគ​នូវ​អាហារ​ទាំង​ហ្នឹង បង្ហាញអំពី​ភាព​សាមគ្គី​មួយ​ក្នុង​ភូមិ​ហ្នឹង ក្រោយ​ពី​បាន​មក លោក​អត់​ដែល​ចិត្ត​កំណាញ់​អី​ទេ តែង​តែ​យក​មក​ចែក​គ្នា​ពិសា​អ៊ីចឹង​ទៅ»។

ចំណែក​លោក សួន ឱសថ លេខាធិការ​នៃ​គណៈកម្មការ​ទ្រទ្រង់​ព្រះត្រៃ​បិតក​ប្រចាំ​វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ បាន​អធិប្បាយ​ថា ពិធី​បុណ្យ​បណ្តែត​ប្រទីប​ដែល​ប្រជាពលរដ្ឋ ពុទ្ធ​បរិស័ទ​ខ្មែរ តែង​នាំ​គ្នា​ធ្វើ​ជា​ច្រើន​តំណ​ត​ជំនាន់​មក​នេះ គឺ​ជា​ពិធី​ជូន​ដំណើរ​វិញ្ញាណ​ក្ខន្ធ​នៃ​លោក​អ្នក​ដ៏​មាន​គុណ មាន​មាតា​បិតា​ជា​ដើម ក្រោយ​ពី​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ដែល​នោះ​ជា​ផ្នែក​មួយ​នៃ​ការ​ដឹង​គុណ​ផង និង​បាន​ជា​បុណ្យ​កុសល​មក​ដល់​បុគ្គល​ដែល​ជា​អ្នក​ធ្វើ​ផង​ដែរ។

លោក សួន ឱសថ មាន​ប្រសាសន៍​ថា ៖ «រឿង​បណ្ដែត​ប្រទីប​នេះ ការ​បូជា​ប្រទីប​នេះ ជា​មង្គល​ដ៏​ឧត្ដម​ដែរ ពីព្រោះ​បើ​យើង​ធ្វើ​បុណ្យ​នៅ​រដូវ​ភ្ជុំ​ហ្នឹង គឺ​ថា យើង​ធ្វើ​ដើម្បី​ឧទ្ទិស​កុសល​ហ្នឹង​ដល់​ញាតិ​មិត្ត ដល់​ជីដូន​ជីតា​យើង ដែល​លោក​បាន​ចែក​ឋាន​ទៅ ទៅ​កើត​នៅ​សុគតិ​ភព​ណា​មួយ។ ហើយ​ដល់​ពេល​ឃើញ​មក​ទទួល​នូវ​ទាន​ដែល​យើង​បាន​ធ្វើ​នា​រដូវ​ភ្ជុំ​ហ្នឹង គឺ​ជា​ការ​មួយ​ហើយ ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ត្រឡប់​ទៅ​វិញ យើង​ត្រូវ​តែ​ជូន​គាត់​ទៅ​វិញ អាហ្នឹង​ជា​បដិសណ្ឋារៈ​មួយ យើង​ចាត់​ទុក យើង​កំណត់​ថា អស់​រដូវ​ភ្ជុំ ញាតិ​មិត្ត​ជីដូន​ជីតា​យើង​ត្រឡប់​ទៅ​ស្រុក បើ​អ៊ីចឹង​យើង​ត្រូវ​ជូន​ដំណើរ​គាត់ ឃើញ​ថា​ធ្វើ​យ៉ាង​ហ្នឹង ជា​ការ​មួយ​គេ​ហៅ​ថា សគុណ គុណូបការៈ​របស់​ឧបការី​ជន ដែល​គាត់​បាន​ចែក​ឋាន​ទៅ។ ទោះ​បី​ជា​គាត់​បាន​អញ្ជើញ​មក​ផ្ទាល់​ក្ដី មិន​បាន​មក​ក្ដី ប៉ុន្តែ​យើង​បាន​ធ្វើ ហ្នឹង​ហើយ​ជា​ការ​បូជា​ដ៏​ឧត្ដម​ដែរ គេ​ហៅ​ថា​ជា​មង្គល​ដែរ»។

រីឯ​គោល​គំនិត​ចម្បង​ផ្នែក​ពុទ្ធ​សាសនា​វិញ លោក​អ្នក​ជំនាញ​ទាំង​ពីរ​រូប​នេះ ក៏​បាន​បញ្ជាក់​ដូច​គ្នា​នឹង​សេចក្តី​ក្នុង​សៀវភៅ «ព្រះរាជ​ពិធី​ទ្វារ​ទសមាស​និង​ពិធី​សង្ក្រាន​ចូល​ឆ្នាំ» ដែល​ចែង​ថា ៖ ពិធី​បុណ្យ​បណ្តែត​ប្រទីប​ដែល​ប្រព្រឹត្ត​ទៅ​ជាមួយ​នឹង​ពិធី​បុណ្យ​អុំទូក សំពះ​ព្រះ​ខែ និង​អក​អំបុក គឺ​ជា​ការ​គោរព​បូជា​ចំពោះ​ព្រះ​ចង្កូម​កែវ គឺ​ព្រះទន្ត ឬ​ធ្មេញ នៃ​ព្រះសម្មា​សម្ពុទ្ធ​ព្រះនាម សមណគោតម ដែល​ព្រះអង្គ​ទ្រង់​បាន​ប្រតិស្ឋាន​ទុក​នៅ​ក្នុង​ពិភព​នាគ។ ម៉្យាង​ទៀត​គឺ​បូជា​រំឭក​ដល់​ស្នាម​ព្រះបាទ​របស់​ព្រះអង្គ ដែល​ប្រតិស្ឋាន​នៅ​ឯ​ឆ្នេរ​ស្ទឹង​មួយ​ឈ្មោះ «នម្មទា» និង​នៅ​ក្នុង​ទី​ដទៃ​ទៀត នា​សម័យ​ពុទ្ធកាល​ដែល​កន្លង​ទៅ​អស់​រយៈពេល ២៥៥២​ឆ្នាំ​មក​ហើយ​នេះ៕

[ សូមស្តាប់សំលេងពិស្តារពីវិទ្យុអាស៊ីសេរី ]

ប្រភពពីៈ វិទ្យុអាស៊ីសេរី​

Monday, November 10, 2008

ទិវាប៉េប៉េរ៉ូ ១១ វិច្ឆិកា ឆ្នាំ ២០០៨

បាទ! ថ្ងៃស្អែក គឺជាថ្ងៃទី១១ វិច្ឆិកា ឆ្នាំ ២០០៨ ​ដែលជាទិវាប៉េប៉េរ៉ូ (빼빼로 데이, Pepero Day)នៅប្រទេសកូរ៉េខាងត្បូង។​ នៅថ្ងៃប៉េប៉េរ៉ូ ប្រជាជន​កូរ៉េ ចូលចិត្តទិញនំរាងចង្កឹះស្រោបសូកូឡា ជូនអ្នកដែលគេស្រឡាញ់ពេញចិត្ត ដូចជា សង្សារ មិត្តភក្តិ បងប្អូន​ ឬក៏ម៉ែឪ ជាដើម។ល។