Thursday, June 11, 2009
LEARN TO DANCE in Cambodia
រាំក្បាច់ - RAM KBACH
សារ៉ាវ៉ាន់ – SARAVAN
ឡាំលាវ – LAM LEARV
ចូកកំពឹស – CHOK KAM PEUS
ប្រឺន – BREUN
តាលុង – TA LUNG
ម៉ាឌីសុន – MADISON
បូឡេរ៉ូ – BOLERO
ឆា ឆា ឆា – CHA CHA CHA
តង់ហ្គោ – TANGO
ទ្វីស – TWIST
ប៉ាសូដូប្ល – PASODOBLE
Thursday, February 5, 2009
តាំងពីសម័យបុរាណកាលមកខែ្មរនៅតែរក្សាបានវប្បធម៌គោរពព្រលឹងដូនតា
ការរស់នៅរបស់មនុស្សតែងជួបនូវការលំបាកស្មុគស្មាញ និងឧបសគ្គ
ជាច្រើនដែលនាំឲ្យមានការភ័យខ្លាច ព្រមទាំងព្រួយបារម្ភជាច្រើនអន្លើ
ក្នុងការឆ្លងកាត់មុខរបរ ឬផលប្រយោជន៍សំរាប់ទ្រទ្រង់ជីវភាព។ ជា
ពិសេសបញ្អាជំងឺប្រចាំរាងកាយក៏ជាបញ្អាដែលនាំឲ្យមានកង្វល់ និង
ភ័យព្រួយណាស់ដែរ។ ទន្ទឹមនឹងការភ័យព្រួយនោះ គេតែងតែសែ្វងរក
វិធីដោះស្រាយតាមផ្លូវភ្លឺផង និងទៅតាមផ្លូវងងឹតផង។ ការដោះស្រាយ
ផ្លូវភ្លឺគឺទំនាក់ទំនងជាមួយហេតុការណ៍ជាក់សែ្តងទៅតាមលទ្ធភាព និង
សមត្ថភាពផ្ទាល់តាម បែបវិជ្ជមាន។ ឯការដោះស្រាយផ្លូវងងឹតនេះហើយ
ដែលមានទំនាក់ទំនងជាមួយព្រលឹង តាមលក្ខណៈនៃ ការបែបន់ អង្វរករ ឬសូមឲ្យមានអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាពដោយការអុជធូប សែន
ព្រេន សំពះ បួងសួង។ល។ ចំពោះព្រលឹងដែលជាគោលដៅសំរាប់បែរ
បន់បួងសួង និងធ្វើទំនាក់ទំនងតាមផ្លូវងងឹតនោះ មានពីរយ៉ាងគឺ
១- ព្រលឹងម៉ែឪ ដូនតា ដែលគាត់បានចែកឋានទៅហើយ ឬបុព្វបុរស
គ្រូបាធ្យាយ ដែលធ្លាប់មានឥទ្ធិពលជួយថែរក្សាកូនចៅ និងដឹកនាំអនុជន
ជំនាន់ក្រោយៗឲ្យបានសុខសប្បាយសំបូររុងរឿង។ តាមឯកសារវប្បធម៌
ខែ្មរជាច្រើនបានឲ្យដឹងថា ប្រពៃណីគោរពព្រលឹងដូនតានេះ មានជាយូរ
យារណាស់មកហើយ គឺតាំងពីមុនសម័យប្រវត្តិសាស្រ្តមកម៉េ្លះ។
ឧទាហរណ៍ ការអុជធូបបែបន់ព្រលឹងជីដូនជីតា ព្រលឹង មាតាបិតា សូម
ឲ្យមានបានឲ្យបានឆ្លងផុតនូវគ្រោះចង្រៃផងទាំងឡាយ រហូតបែបន់ឲ្យ
បានប្រលងជាប់ ទៀតផង ជាពិសេស ឲ្យអ្នកជំងឺដែលត្រូវជាកូន ឬជា
ចៅបានជាសះស្បើយ ឃ្លានបាយឃ្លានទឹក រព្ញកចំណីឲ្យដកពិស ដក
ពុលចេញពីរូបរាងកាយជាដើម។ ជំនឿនេះនៅតែដិតជាប់ក្នុងអារម្មណ៍
កូនចៅគ្រប់ជំនាន់ ទាំងអស់ ព្រោះជាធម្មតាកាលពីម៉ែឪនៅរស់ តែង
ឧបត្ថម្ភកូនចៅទាំងសំភារៈ និងជួយចូលរួមផ្លូវចិត្ត ជាប់ជំពាក់ការ
អាណិតអាសូរទៅលើកូនប្រុសស្រីដូចជាស្រមោលអន្ទោលតាមប្រាណ
យ៉ាងនោះដែរ។ ម្ល៉ោះហើយ កូនចៅតែងយល់ថា បើទោះជាយាយតា
ឬម៉ែឪស្លាប់ទៅហើយក្តី ក៏ព្រលឹងរបស់គាត់នៅតែដក់ជាប់ក្នុងការជួយ
កូនចៅដដែរ។ យ៉ាងនេះហើយទើបជំនឿនៃការបែរបន់ព្រលឹងដូនតា
នៅតែរក្សានិរន្តរភាព មកទល់នឹងបច្ចុប្បន្ននេះ។
២- ការគោរពព្រលឹងអ្នកដ៏មានបុណ្យ ដែលហៅថា បារមី ដូចជាបារមី
វត្ថុ, បារមីប្រាសាទ, បារមីវាំង, បារមីព្រះវិហារ, បារមីដើមពោធិ៏ធំ, បារមី
ព្រះអង្គដងកើ, បារមីព្រះអង្គ4មុខវត្តព្រៃជា (ស្រុកបាទី ខេត្តតាកែវ),
បារមីព្រះអង្គចេកព្រះអង្គចម, បារមីព្រះអង្គវិហារសួគ៌, ព្រះអង្គក្រពុំ
ឈូក ខេត្តក្រចេះ, ព្រះអង្គវត្តស្វាយជ្រំ (ខេត្តស្វាយរៀង), ទសបារមី
វត្តកន្ថោរ (ខេត្តកំពត), ទសបារមីព្រះអង្គភ្នំសន្ទុក (ខេត្តកំពង់ធំ)។
គឺព្រលឹងនេះបានសណ្ឋិតនៅនឹងរូបបដិមា ទោះជាបដិមាដែលជាវត្ថុ
សក្ការៈ ទីឋានបុរាណ ផែ្នកព្រហ្មញ្ញសាសនាក្តី ផែ្នកពុទ្ធសាសនាក្តី។
ចំពោះព្រលឹងដែលច្រើនសណ្ឋិតនៅជាងគេ គឺរូបបដិមា ព្រះសិអារ្យ
មេត្រី (ទ្រង់គឿ្រង មកុដរាជ្យ)។ ព្រលឹងដែលជាបារមីទាំងនោះ បាន
សណ្ឋិតនៅក្នុងបដិមា ជាព្រះពុទ្ធអង្គ ប$ជាទេវរូបដែលគេសាងសង់
រួចហើយ។ ចំពោះបដិមាព្រះពុទ្ធអង្គ ឬទេវរូប ទាំងនោះនៅពេលសាង
សង់រួចហើយពុំទាន់ត្រូវគេយកទៅតំកល់នៅលើអាសនៈ ឬក្នុងវត្ត
អារាម ប្រាង្គប្រាសាទ ដើម្បីធ្វើសក្ការបូជាភ្លាមៗនោះទេ ព្រោះថាមិន
ទាន់មានលក្ខណៈពេលលេញ ជាវត្ថុស័ក្តសិទ្ធិនៅឡើយ។ តាមបណ្ឌិត
មីសែល ត្រាណេ អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ឲ្យដឹងថា ដើម្បីឲ្យរូបបដិមាក្លាយទៅជាព្រះពុទ្ធពិតៗ គេត្រូវធ្វើពិធីបើក
ព្រះនេត្រព្រះ ដោយហៅវិញ្ញាណ ប$ព្រលឹងព្រះមកសណ្ឋិត និងប្រថាប់
នៅក្នុងបដិមានោះដោយមានសូត្រមន្តអាគមផង។ ប្រពៃណីនេះត្រូវបានគេកត់ត្រានៅក្នុងសិលាចារឹកខែ្មរសម័យអង្គរ នេះជា សក្ខីកម្មមួយបង្អាញ
នូវនិរន្តរភាពនៃវប្បធម៌ អារ្យធម៌ជាតិខែ្មរយើង។ ឯការបែបន់ និងបួងសួង
បារមី គេ តែងប្រារព្ធឡើងដោយលោកអ្នកធំ ប$អ្នកមុខអ្នកការ អ្នកមាន
ឥទ្ធិពលនៅក្នុងសង្គម បានរៀបចំបាយសី និង របស់ភ័ស្តុភារជាច្រើនព្រម
ទាំងមានការប្រគំភេ្លងពិពាទ្យឲ្យទៀតផង ដើម្បីថ្វាយដល់បារមី ឲ្យមានភាព
គគ្រឹកគគ្រេងមហោឡារិក។
ការបែរបន់ស្រន់ សែនព្រេនទាំងអស់នេះ ដល់ព្រលឹងឬបារមីក៏ជាប្រធាន
បទមួយ ជួយពង្រឹងផ្លូវចិត្តឲ្យមាន សង្ឃឹមកក់ក្តៅបាត់ភ័យព្រួយ និងកាន់តែមានការតស៊ូប្រឹងប្រែងខ្លាំងថែមទៀត ប្រកបដោយចិត្តរឹងប៊ឹងខ្ជាប់ខ្ជួន នោះ
ហើយជាមាគ៌ាដ៏ស័ក្តិសិទ្ធិឆ្ទោះទៅរកជោគជ័យក្នុងដំណើរជីវិតពិតប្រាកដ។
ដោយ លី ហាក់សេង
ដកស្រង់ពីកាសែតកោះសន្តិភាព
ឆ្នាំទី៤២ លេខ៦៥៦៦ ថៃ្ងអាទិត្យ ទី០១ ខែកុម្ភៈ ឆ្នាំ២០០៩
Monday, December 1, 2008
វបុ្បធម៌រលត់ ជាតិរលាយ???



Saturday, November 29, 2008
ការចូលម្លប់របស់កូនស្រីក្នុងសង្គមខែ្មរសម័យបុរាណ
ខែ្មរបុរាណនិយមឲ្យកូនស្រីចូលម្លប់នៅពេលដែលកូនស្រីពេញក្រមុំ គឺនៅពេលនាងមានរដូវគ្រាដំបូង ពិធីចូលម្លប់របស់កូនស្រី ក្នុងសង្គមខែ្មរ គេមិនបានដឹងថា កើតមានតាំងពីសម័យណា ឬឆ្នាំណាមកទេ តែគេ បានដឹងតាមរយៈរឿងទុំទាវ ដែលកើតឡើងនៅសម័យលងែ្វក ក្នុងរវាង សតវត្សរ៍ទី១៦ ហើយបានបន្ត មកដល់សម័យព្រះបាទស៊ីសុវត្ថិ មុនីវង្ស ក្នុងរវាងឆ្នាំ ១៩៣០ ដល់ឆ្នាំ ១៩៤០ ទើបប្រជាពលរដ្ឋខែ្មរយើង បានបោះបង់ចោល រហូតមកដល់បច្ចុប្បន្ននេះ។
ចំពោះវត្ថុបំណងនៃការធ្វើពិធីចូលម្លប់របស់កូនស្រីនោះមានបួនយ៉ាងគឺ :
១-ប្រកាសភាពពេញក្រមុំរបស់កូនស្រី
២-បន្ទុំសម្បុរ និងអប់រំរូបរាងកាយឲ្យកូនស្រី
៣-បំពេញលក្ខណៈចរិយាវិជ្ជាមេផ្ទះ និងវិជ្ជាជីវៈឲ្យកូនស្រី
៤-ទាក់ទាញអារម្មណ៍ញាតិមិត្តតាមរយៈរូបសម្បត្តិ ចរិយាសម្បត្តិ និងវិជ្ជាសម្បត្តិ
ការចូលម្លប់របស់កូនស្រីនៅពេលពេញក្រមុំដែលបានកំណត់ដឹងដោយ សារការមានរដូវនៅគ្រាដំបូង រយៈ ពេលចូលម្លប់មាន ៣ខែ ឬ៦ខែ ឬក៏លើស នេះក៏មានដែរ ទៅតាមជីវភាព លទ្ធភាពរបស់គ្រួសារ និងការសំរេចលើ ឪពុកម្តាយ នារីចូលម្លប់ពាក់អាវដៃវែង ស្លៀកសំពត់វែង ឋិតនៅក្នុងផ្ទះ មិនឲ្យត្រូវកំដៅថៃ្ងទេ។ ប៉ុនែ្តបើនៅពេលយប់នោះគឺអាច ចុះដី ឬចេញក្រៅ ផ្ទះបាន ចាប់ពីថៃ្ងចូលម្លប់មានតែការអុជធូប ជំរាបព្រលឹង ដូនតាបន្តិចបន្តួច ប៉ុណ្ណោះ ហើយក៏មានដាក់ដាំកូនចេកក្រមុំ ដំណាលគ្នាផងដែរ ដើម្បីបានផែ្ល ទុំមួយស្ទងនោះ បន្ទុំធ្វើបងែ្អមនៅពេលចេញពីម្លប់។ នារីនៅក្នុងម្លប់ គឺមាន ការហាត់ពត់ផែ្នកវិន័យ និងសីលធម៌ក្នុងការរស់នៅ ដោយហាមនូវទំនាក់ ទំនងលើការ និយាយជាមួយភេទបុរស ដែលសូម្បី តែឪពុក និងបងប្អូន ប្រុស ក៏ហាមមិនឲ្យនិយាយច្រើនដែរ ពេលនោះការទាក់ទងតែទៅលើ ស្រី្តភេទដូចគ្នា ហើយត្រូវបរិភោគម្អូបបួសដូចជា សណែ្តក ល្ង បនែ្លជាដើម ពោលគឺមិនមានការអនុញ្ញាតឲ្យបរិភោគសាច់ឡើយ។ នេះជាពិធីដ៏ សំខាន់ពីបុរាណត្រូវអប់រំនារី ដែលត្រូវដល់ពេលឈានដល់ភារកិច្ចថ្មី គឺជាមេផ្ទះ និងដឹកនាំ គ្រួសារឲ្យ មានសុភមង្គលស្របទៅតាមរបបមាតា ធិបតេយ្យ ការនិយមមេជាធំ ដែលជាការអនុវត្តន៍ តាមប្រវត្តិប្រពៃណី ព្រះថោងតោងជាយសៃ្បនាងនាគ ពិសេសគេដឹងថា ស្រ្តីមេផ្ទះមានតួនាទី ដ៏ថៃ្លថ្លា ឈានមុខក្នុងការកសាងសេចក្តីសុខចំរើន រកទ្រព្យសម្បត្តិក្នុងគ្រួសារ ដូចពាក្យចាស់ពោលថា "ទ្រព្យគង់ ដ្បិតស្រី" "សូវស្លាប់បាកុំឲ្យស្លាប់មេ..."។ ទាំងសុភមង្គល និងទ្រព្យសម្បត្តិដែលកើតមាននៅក្នុងគ្រួសារ ក៏ជាកោសិកា សង្គម គឺនាំឲ្យជាតិបានរីកចំរើន ផងដែរ ម្ល៉ោះហើយការរៀបចំឲ្យនារីចូលម្លប់ គឺជាឱកាសអប់រំចរិយាមារយាទ សណ្តាប់ធ្នាប់ ពិសេសគឺ ការស៊ូទ្រាំអត់ធន់ គ្រប់គ្រាលំបាក ល្វីងជូរចត់ ដើម្បីតៀ្រមខ្លួនរៀបចំទទួលអំរែកវាសនា នៅ ពេលមានស្វាមី បង្កើតជាគ្រួសារថ្មី។ ដូចនេះ ដើម្បីឲ្យបានជាក់ច្បាស់ថែមទៀតនោះ តាមរយៈវត្ថុបំណងទាំង4នៃការចូល ម្លប់មានការបកស្រាយដោយសងេ្ខបដូចតទៅនេះ។
- ចំពោះការប្រកាសពីភាពពេញក្រមុំរបស់កូនស្រីនោះ គឺដើម្បីឲ្យញាតិ មិត្តផៅពង្សជិតឆ្ងាយ ដែលរង់ចាំ ឱកាសចូលស្តីដណ្តឹងកូនស្រីនោះ នឹងបានជ្រាបច្បាស់ថា កូនស្រីគេពេញក្រមុំអាចទទួលភារកិច្ចតាមធម្មជាតិ ក្នុងការបន្តពូជពង្សបានហើយ នេះជាសញ្ញាមួយបានបង្អាញអំពីទំនាក់ ទំនងទៅតាមច្បាប់ប្រពៃណី ដល់បេក្ខភាពនៃកូនកំលោះទាំងឡាយឲ្យ បានដឹង និងរៀបចំខ្លួនចូលទាក់ទងស្តីដណ្តឹងឲ្យទាន់គេ គឺកុំឲ្យខក ឬហៅថា ចូលមិនទាន់គេ។
- បន្ទុំសម្បុរសាច់ឈាម គឺនារីដែលទើបបានឡើងខ្លួន ហើយនៅក្នុងម្លប់ធ្វើការស្រាលៗក្នុងផ្ទះ តែងនាំឲ្យសាច់ និងសម្បុរល្អ ដែលជាវត្ថុបំណង របស់នារីក្នុងការធ្វើឲ្យសាច់ឈាមស្រស់ថ្លា សាច់ខ្ចី ស ម៉ដ្ឋ ទ្រលុកទ្រលន់ ល្វតល្វន់...។
- ចរិយាសម្បត្តិ និងវិជ្ជាជីវៈ ដែលក្នុងពេលចូលម្លប់ គឺតែងទុកឱកាសដ៏ សំខាន់ក្នុងការអប់រំតាមរយៈច្បាប់ស្រី ចរិយាមារយាទ ប្រពៃណីល្អ ដែលស្រ្តីចាស់ទុំបាននិយាយឲ្យស្តាប់ ឬអានសៀវភៅ ឬអានសាស្រ្តាដោយ ខ្លួនឯង ជាមួយនេះមានការរៀនវិជ្ជាមេផ្ទះ ការដេរប៉ាក់ ត្បាញរវៃ ការរៀបចំផ្ទះសំបែង ការនិយាយ ស្តីប្រកបដោយសំដីផែ្អមលែ្អមមិនឆេវឆាវ...។
- នៅពេលចេញពីម្លប់វិញ អាចបណ្តាលឲ្យញាតិមិត្តជិតខាងស្ងើចសរសើរ និងទាក់ទាញទាំងរូបសម្ផស្ស និង ទាំងចំណេះដឹង សីលធម៌ គឺមានការប្រែប្រួលដ៏ល្អ។ បានសេចក្តីថា ទាំងរូបសម្បត្តិ ទាំងចរិយាសម្បត្តិ និងទាំងវិជ្ជាសម្បត្តិរបស់នារីនោះ អាចស័ក្តិសមជាមេផ្ទះដ៏ល្អប្រសើរ គួរឲ្យចង់ភ្ជាប់សាច់ ភ្ជាប់ឈាម ជា គ្រួសារតទៅអនាគត។
ដូចនេះការចូលម្លប់ គឺជារូបភាពនិងជាវិធានការនៃការអប់រំស្រ្តីពីបុរាណ ក្នុងនាមជាអ្នកតៀ្រមខ្លួនចូលបំពេញ តួនាទីជាមេគ្រួសារប្រកបដោយ សុភមង្គលក្នុងគ្រួសារនៃសង្គមខែ្មរ។ ប៉ុនែ្តសំរាប់បច្ចុប្បន្ននេះ ការអប់រំមាន ការរីកចំរើន គឺទាំងយុវជន យុវនារី តែងបានចូលសិក្សារៀនសូត្រតាម សាលារៀន តាំងពីបឋមសិក្សា រហូតដល់ឧត្តមសិក្សា ព្រមទាំងមាន ឯកសារក្បួនខ្នាតជាច្រើន សំរាប់បណ្តុះបណ្តាលធនធានមនុស្សឲ្យបាន ប្រសើរក្នុងសង្គម ។
ដោយ លី ហាក់សេង
ប្រភពពី កាសែតកោះសន្តិភាព ឆ្នាំទី ៤១ លេខ ៦៥១០ ថៃ្ង ព្រហស្បតិ៏ ទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០០៨
Friday, November 14, 2008
ប្រវត្តិនៃពិធីបុណ្យបណ្ដែតប្រទីប
ដោយ កេសរណ្ណីយ្យា
(១១ វិច្ឆិកា ២០០៨)
ជាទូទៅពិធីបុណ្យបណ្តែតប្រទីប ដែលប្រារព្ធធ្វើរួមគ្នាជាមួយពិធីបុណ្យអុំទូក សំពះព្រះខែនិងអកអំបុក តែងប្រព្រឹត្តទៅរយៈពេល ៣យប់ ៣ថ្ងៃ តាមប្រតិទិនច័ន្ទគតិ គឺចាប់ផ្តើមពីថ្ងៃ១៤កើត រហូតដល់ថ្ងៃ១រោច ខែកត្តិក។
សៀវភៅ «ព្រះរាជពិធីទ្វារទសមាសនិងពិធីសង្ក្រានចូលឆ្នាំ» បោះពុម្ពផ្សាយក្នុងឆ្នាំ១៩៦៩ ដែលនិពន្ធចងក្រងដោយលោកឧកញ៉ា ទេពពិទូរ -ក្រសេម បណ្ឌិតទី១ នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានកត់ត្រាឲ្យដឹងថា តាមកំណត់ព្រះរាជពិធីក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សុរាម្រិត ព.ស. ២៥០១ ឬ គ.ស. ១៩៥៨ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅក្នុងខែកត្តិកនេះ គឺជាព្រះរាជពិធីមួយ ដែលព្រះរាជាខ្មែរ តែងប្រារព្ធធ្វើនៅក្នុងទន្លេចតុមុខនិងកំពង់ព្រះដំណាក់ផែខាងមុខព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ ក្នុងនោះ មានការបណ្តែតប្រទីបជា្វលា នៅគ្រប់ទាំងបីថ្ងៃនៃពិធីបុណ្យ។
ប៉ុន្តែលោកឧកញ៉ា ទេពពិទូរ ក្រសេម ក៏បានសរសេរបញ្ជាក់ឲ្យដឹងបន្ថែមផងដែរថា ចំពោះខាងប្រជារាស្ត្រ ពុទ្ធបរិស័ទ នៅតាមវត្តអារាមទូទាំងព្រះរាជាណាចក្រកម្ពុជាវិញ ជាប្រពៃណីនៅរៀងរាល់ឆ្នាំ តែងធ្វើពិធីបណ្តែតប្រទីបនៅវេលាយប់១៥ កើតពេញបូណ៌មី ខែអស្សុជ ដែលជាថ្ងៃព្រះសង្ឃបវារណាចេញវស្សា ឬហៅថាពិធីបុណ្យចេញព្រះវស្សា ពោលគឺធ្វើមុន១ខែ។
ព្រះតេជគុណ ហួរ សុខរ័ត្ន សិក្ខាលង្ការោ គង់នៅវត្ត «លង្កាព្រះកុសុមារាម» ក្នុងរាជធានីភ្នំពេញ បានមានថេរដីកាអំពីដំណើរនៃការប្រារព្ធពិធីបុណ្យបណ្តែតប្រទីបនេះ ទៅតាមប្រពៃណីទំនៀមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរនៅតាមភូមិស្រុកនិងតាមទីអារាមពុទ្ធសាសនាដែលចាប់ធ្វើ ១ខែ មុនពិធីបុណ្យបណ្ដែតប្រទីបផ្លូវការក្នុងខែកត្តិកនេះ។
ព្រះតេជគុណ ហួរ សុខរ័ត្ន មានថេរដីកាដូច្នេះថា ៖ «ប្រវត្តិនៃប្រទីបហ្នឹង ធ្វើហ្នឹង គឺធ្វើចាប់តាំងពីថ្ងៃដែលព្រះសង្ឃចេញវស្សាមកម្ល៉េះ។ ព្រះសង្ឃចេញវស្សាគឺថ្ងៃ១៥កើត ខែអស្សុជហ្នឹង ពេលព្រឹកគេមានទេសនាជាតក អ៊ីចឹងទៅ នៅពេលយប់ឡើង គឺយប់ថ្ងៃទី១៥កើតហ្នឹង គេហែប្រទីបទៅតាមវត្តនីមួយៗទូទាំងប្រទេសកម្ពុជាយើង បើនៅតាមមាត់ទន្លេ គេធ្វើជាដង្ឃឹក ដាក់សម្ភារៈ ដាក់អាហារភោជនសព្វបែបយ៉ាង គេបណ្ដែតទៅតាមទន្លេទៅ ហើយអុជជាប្រទីបជ្វាលា ដង្ហែទៅតាមដង្ឃឹធំហ្នឹង។ ហើយដាក់នៅក្នុងដង្ឃឹកហ្នឹង មួយចំនួន ល្អៗ គេយកសម្រាប់ប្រគេនព្រះសង្ឃពេលព្រឹកឡើងអ៊ីចឹង ហើយដល់ពេលមួយចំនួនទៀត យកសម្រាប់ចែកក្មេងៗដែលហែហ្នឹង ឲ្យបរិភោគ ជូនចាស់ៗ សល់ប៉ុន្មានទៀត គឺដាក់បណ្ដែតទៅតាមទឹក។ ដង្ឃឹកហ្នឹង គេធ្វើជាលក្ខណៈទ្រង់ទ្រាយប្រៀបបានដូចជាប្រាសាទតូចមួយអ៊ីចឹង ហើយនៅតំបន់មួយចំនួន ដូចខាងនៅខេត្តកំពង់ចាម អាត្មាធ្លាប់គង់នៅ ក៏នៅតែមានធ្វើអ៊ីចឹងដែរ តាមមាត់ទន្លេគឺបណ្ដែតប្រទីប ពេញព្រោងព្រាតទាំងអស់ ហើយនៅតាមតំបន់មួយចំនួន ដែលដាច់ស្រយាលពីមាត់ទន្លេ ក៏គេធ្វើជាដង្ឃឹកអ៊ីចឹង អុជចន្លុះសម្រាប់តំណាងជាប្រទីបបណ្ដែតហ្នឹង ឲ្យក្មេងៗកាន់ជាជួរៗ មើលពីចម្ងាយស្អាតដូចក្នុងទន្លេអ៊ីចឹង»។
ទាក់ទងនឹងគោលគំនិតផ្នែកជំនឿប្រពៃណីទំនៀមទម្លាប់នៃការរៀបចំដាក់ផ្លែឈើ នំនែក អាហារភោជន និងគ្រឿងរណ្តាប់តាក់តែងផ្សេងៗ នៅក្នុងពិធីបុណ្យបណ្តែតប្រទីបនេះ ព្រះតេជគុណ ហួរ សុខរ័ត្ន សិក្ខាលង្ការោ បានមានដីកាបញ្ជាក់ថា ជាការបង្ហាញនូវភោគផលកសិកម្ម-សិប្បកម្មរបស់អ្នកស្រុក អ្នកភូមិ ក្នុងតំបន់នីមួយៗ។
ព្រះតេជគុណ ហួរ សុខរ័ត្ន មានថេរដីកាដូច្នេះថា ៖ «បុណ្យនេះ គឺធ្វើក្រោយពីថ្ងៃដែលយើងប្រមូលផលកសិកម្ម ហើយយើងធៀបមកក្នុងសម័យបច្ចុប្បន្ន គឺយើងបានបង្ហាញនូវផលិតផល ភូមិមួយផលិតផលមួយ ដើម្បីឲ្យដឹង ប្រមូលតាមស្រុកមកថា តើនៅតាមខេត្តនីមួយៗមានផលិតផលអ្វីខ្លះដែលបានពីផលកសិកម្ម ឬក៏ផលិតផលសិប្បកម្មផ្សេងៗ ហើយតើឆ្នាំហ្នឹង មានកំណើនជាងឆ្នាំមុន ឬក៏មានអត្រាថយចុះជាងឆ្នាំមុន? ម្យ៉ាងទៀតដើម្បីយកមកបែងចែកគ្នាបរិភោគនូវអាហារទាំងហ្នឹង បង្ហាញអំពីភាពសាមគ្គីមួយក្នុងភូមិហ្នឹង ក្រោយពីបានមក លោកអត់ដែលចិត្តកំណាញ់អីទេ តែងតែយកមកចែកគ្នាពិសាអ៊ីចឹងទៅ»។
ចំណែកលោក សួន ឱសថ លេខាធិការនៃគណៈកម្មការទ្រទ្រង់ព្រះត្រៃបិតកប្រចាំវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានអធិប្បាយថា ពិធីបុណ្យបណ្តែតប្រទីបដែលប្រជាពលរដ្ឋ ពុទ្ធបរិស័ទខ្មែរ តែងនាំគ្នាធ្វើជាច្រើនតំណតជំនាន់មកនេះ គឺជាពិធីជូនដំណើរវិញ្ញាណក្ខន្ធនៃលោកអ្នកដ៏មានគុណ មានមាតាបិតាជាដើម ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌ ដែលនោះជាផ្នែកមួយនៃការដឹងគុណផង និងបានជាបុណ្យកុសលមកដល់បុគ្គលដែលជាអ្នកធ្វើផងដែរ។
លោក សួន ឱសថ មានប្រសាសន៍ថា ៖ «រឿងបណ្ដែតប្រទីបនេះ ការបូជាប្រទីបនេះ ជាមង្គលដ៏ឧត្ដមដែរ ពីព្រោះបើយើងធ្វើបុណ្យនៅរដូវភ្ជុំហ្នឹង គឺថា យើងធ្វើដើម្បីឧទ្ទិសកុសលហ្នឹងដល់ញាតិមិត្ត ដល់ជីដូនជីតាយើង ដែលលោកបានចែកឋានទៅ ទៅកើតនៅសុគតិភពណាមួយ។ ហើយដល់ពេលឃើញមកទទួលនូវទានដែលយើងបានធ្វើនារដូវភ្ជុំហ្នឹង គឺជាការមួយហើយ ប៉ុន្តែនៅពេលដែលគាត់ត្រឡប់ទៅវិញ យើងត្រូវតែជូនគាត់ទៅវិញ អាហ្នឹងជាបដិសណ្ឋារៈមួយ យើងចាត់ទុក យើងកំណត់ថា អស់រដូវភ្ជុំ ញាតិមិត្តជីដូនជីតាយើងត្រឡប់ទៅស្រុក បើអ៊ីចឹងយើងត្រូវជូនដំណើរគាត់ ឃើញថាធ្វើយ៉ាងហ្នឹង ជាការមួយគេហៅថា សគុណ គុណូបការៈរបស់ឧបការីជន ដែលគាត់បានចែកឋានទៅ។ ទោះបីជាគាត់បានអញ្ជើញមកផ្ទាល់ក្ដី មិនបានមកក្ដី ប៉ុន្តែយើងបានធ្វើ ហ្នឹងហើយជាការបូជាដ៏ឧត្ដមដែរ គេហៅថាជាមង្គលដែរ»។
រីឯគោលគំនិតចម្បងផ្នែកពុទ្ធសាសនាវិញ លោកអ្នកជំនាញទាំងពីររូបនេះ ក៏បានបញ្ជាក់ដូចគ្នានឹងសេចក្តីក្នុងសៀវភៅ «ព្រះរាជពិធីទ្វារទសមាសនិងពិធីសង្ក្រានចូលឆ្នាំ» ដែលចែងថា ៖ ពិធីបុណ្យបណ្តែតប្រទីបដែលប្រព្រឹត្តទៅជាមួយនឹងពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក គឺជាការគោរពបូជាចំពោះព្រះចង្កូមកែវ គឺព្រះទន្ត ឬធ្មេញ នៃព្រះសម្មាសម្ពុទ្ធព្រះនាម សមណគោតម ដែលព្រះអង្គទ្រង់បានប្រតិស្ឋានទុកនៅក្នុងពិភពនាគ។ ម៉្យាងទៀតគឺបូជារំឭកដល់ស្នាមព្រះបាទរបស់ព្រះអង្គ ដែលប្រតិស្ឋាននៅឯឆ្នេរស្ទឹងមួយឈ្មោះ «នម្មទា» និងនៅក្នុងទីដទៃទៀត នាសម័យពុទ្ធកាលដែលកន្លងទៅអស់រយៈពេល ២៥៥២ឆ្នាំមកហើយនេះ៕
[ សូមស្តាប់សំលេងពិស្តារពីវិទ្យុអាស៊ីសេរី ]
ប្រភពពីៈ វិទ្យុអាស៊ីសេរី
Friday, October 10, 2008
បេះដូងរហែកពុះចែកផ្ទះគ្នា
នេះគឺជារឿងមួយដ៏ចំលែកនៅលើពិភពលោកយើងនេះ ដែលប្តីប្រពន្ធ មួយគូនៅស្រុកកំចាយមារ ខេត្តព្រៃវែង ប្រទេសកម្ពុជា សុខចិត្តពុះចែក ផ្ទះគ្នាក្រោយពីបានលែងលះគ្នា កាលពីខែកញ្ញាឆ្នាំ២០០៨កន្លងទៅ ថ្មីៗនេះ។ មើលហ្ន៎ ក្រោយពីបានលែងលះគ្នា ផ្ទះមួយចំហៀងដែលជា របស់ប្តីបានលើកទៅបាត់ហើយ ដោយបន្សល់ទុកផ្ទះមួយចំហៀងទៀត ដែលជារបស់ប្រពន្ធឲ្យនៅឯកកោលើផែនដីដ៏ធំល្វឹងល្វើយ។
(តាមប្រភពពីកាសែតកោះសន្តិភាពចុះផ្សាយថ្ងៃទី០២ខែតុលាឆ្នាំ២០០៨)
សូមបញ្ជាក់ថារឿងមួយដ៏ចំលែកមួយនេះ ក៏មានចុះផ្សាយលើកាសែត និង Internet ជាភាសាអង់គ្លេស និងភាសាកូរ៉េផងដែរ: 
Tuesday, October 7, 2008
ប្រវត្តិសាស្ត្រនៃប្រាសាទព្រះវិហារ ភាគ៥
(៣០ កក្កដា ២០០៨)
បើតាមចំណារលើសិលាចារឹកនៅនឹងភ្នំសណ្ដក កាលេខ ១៩៤ និងនៅភ្នំព្រះវិហារ កាលេខ ៣៩៨ បានឲ្យដឹងថា ព្រាហ្មណ៍ម្នាក់ឈ្មោះ ទិវាក ឬ ទិវាការៈ បានទទួលងារធំជាងគេបំផុត ក្នុងចំណោមព្រាហ្មណ៍ និងជាទីប្រឹក្សាផ្ទាល់របស់ព្រះបាទ សុរិយវរ្ម័នទី២ ។
លោកសាស្រ្តាចារ្យ ឃិន សុខ បង្រៀនប្រវត្តិសាស្រ្តខ្មែរ ថៃ លាវ និងភូមា នៅឯវិទ្យាស្ថានជាតិ អ៊ីណាល់កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង មានប្រសាសន៍ថា បានសេចក្តីថា ទ្រព្យសម្បត្តិភាគច្រើនដែលព្រាហ្មណ៍ទិវាក បានទទួលជាព្រះរាជទានពីព្រះមហាក្សត្រ រួមមានគ្រឿងអលង្ការជាមាស ជាពេជ្រដ៏មានតម្លៃ និងជាវត្ថុមានតម្លៃជាមធ្យមក្តី គឺលោកយកទៅថ្វាយព្រះអាទិទេព ស្រីសិខៈ រិស្វារៈ ទាំងអស់ ។
លោកសាស្ត្រាចារ្យ ឃិន សុខ មានអធិប្បាយដូច្នេះថា ៖ «ក្នុងការរក្សាទាក់ទងនឹងអាទិទេព ស្រីសិខៈ រិស្វារៈហ្នឹង គឺលោកធ្វើអីខ្លះនៅនឹងព្រះវិហារ? ព្រាហ្មណ៍ ទិវាការៈ ឬ ទិវាក នេះ លោកទៅសង់រូបអាទិទេពផ្សេងៗ លោកឲ្យដីភូមិ លោកទៅបោះព្រំប្រទល់ លោកឲ្យពលសម្រាប់ភូមិណា ដែលត្រូវការសម្រាប់ធ្វើម៉េចឲ្យអាចបានធ្វើការ យកស្រូវ យកអង្ករហ្នឹង យកមកបូជាធ្វើពិធីផ្សេងៗ នៅក្នុងប្រាសាទព្រះវិហារនេះ ។ ហើយមួយពេលនោះ លោកទទួលបានបុស្បុកមាសជារង្វាន់ពីព្រះបាទសុរិយវរ្ម័នទី២ លោកយកទៅថ្វាយអាទិទេព ស្រីសិខៈ រិស្វារៈ ។ ពេលដែលចូលឆ្នាំក៏លោកធ្វើសម្រាប់អាទិទេព ស្រីសិខៈ រិស្វារៈ ហ្នឹង គឺលោកយកសំរឹទ្ធទៅក្រាលនៅកណ្តាលប្រាសាទ ដែលគេយល់ថាប្រាសាទនៅឯចុងភ្នំនោះ ហើយយកចានធ្វើអំពីមាស ពីប្រាក់ យកទៅប្រើប្រាស់នៅក្នុងប្រាសាទ មានឲ្យជាសត្វពាហនៈ មានឲ្យជាខ្ញុំបម្រើ ។ បន្ទាប់មកទៀត លោកធ្វើការជួសជុលសំណង់ផ្សេងៗ លោកជាអ្នកទទួលព្រះករុណាយាងទៅណា លោកទៅតាមដើម្បីនឹងទទួលកិច្ចការដែលពិនិត្យមើលប្រាសាទនានា ក្នុងព្រះរាជាណាចក្រ ។ អ៊ីចឹងផ្នែកខាងបូជា ផ្នែកខាងរក្សាប្រាសាទ គឺព្រះបាទ សុរិយវរ្ម័នទី២ លោកផ្ទុកផ្ដាក់ទៅលើព្រាហ្មណ៍ ឈ្មោះ ទិវាក ឬ ទិវាការៈ នេះឯង» ។
លោកសាស្ត្រាចារ្យអធិប្បាយបន្ថែមដូច្នេះថា ៖ «ខ្ញុំសូមបញ្ជាក់ថា ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើង ដើម្បីធ្វើជាទីដែលគេរក្សាទុកលិង្គព្រះអាទិទេព ស្រីសិខៈ រិស្វារៈ ពីព្រោះតាមជំនឿរបស់ព្រះបាទសុរិយវរ្ម័នទី១ ជាពិសេសព្រះបាទ សុរិយវរ្ម័នទី២ ក៏អ៊ីចឹងដែរ លោកនៅតែគាំទ្រគំនិតដែលថា មហិទ្ធិឫទ្ធិធំណាស់អាទិទេពនេះ ដូច្នេះត្រូវធ្វើម៉េច បន់ស្រន់ គោរពបូជា យ៉ាងដាច់ខាត ។ សេចក្តីសង្ខេបរបស់ខ្ញុំ ទីតាំងប្រាសាទភ្នំព្រះវិហារនេះ ទីមួយ គឺគេទុកអាទិទេព ស្រីសិខៈ រិស្វារៈ ជួនកាលគេសរសេរ ខរៈ ស្វារៈ ជួនកាលគេសរសេរ សិខៈ រិស្វារៈ ប៉ុន្តែគឺជាឈ្មោះតែមួយទេ ។ គឺជាកន្លែងដែលគេរក្សាទុក ពីព្រោះអាទិទេពនេះ ដែលមានលិង្គជាតំណាង មានមហិទ្ធិឫទ្ធិធំណាស់ ។ គេជឿថា នាំភោគផល នាំសេចក្តីសុខមកដល់ប្រទេសខ្មែរ ។ ទី២ ប្រាសាទភ្នំព្រះវិហារ ទីកន្លែងនេះមិនមែនជាទីកន្លែងសម្រាប់ព្រះរាជាគង់នៅទេ ។ មិនមែនមានទីភូមិសម្រាប់ប្រជាពលរដ្ឋទេ ។ គឺមានតែកន្លែងសម្រាប់អ្នកបួស ឲ្យចូលមកតាំងសីល ហើយនិងដើម្បីនឹងជួយបន្តពិធីគោរពបូជានេះ តទៅទៀត ។ បើបានអញ្ជើញទៅ គឺត្រូវពិនិត្យមើលនៅប្រាសាទ ដែលជាប់នឹងខ្លោងទ្វារទី៣ រាប់ពីក្រោមទៅ នៅខ្លោងទ្វារទី៣ ហ្នឹងមានសិលាចារឹកកាលេខ ៣៨១ នោះ គេសង្ស័យថា នៅត្រង់កន្លែងហ្នឹង គឺជាកន្លែងដែលគេបំបួសឲ្យទៅជាព្រាហ្មណ៍ ដើម្បីនឹងបន្តកិច្ចការគោរពនិងថែរក្សាអាទិទេព ស្រីសិខៈ រិស្វារៈ នោះតទៅទៀត ។ ដូច្នេះប្រាសាទភ្នំព្រះវិហារ ខុសពីប្រាសាទឯទៀតៗ» ។
អ្នកប្រវត្តិវិទូមានជំនឿថា ការសាងសង់ប្រាសាទព្រះវិហារ មានបីដំណាក់កាលធំៗ ។ ដំណាក់កាលទីមួយ គេគិតសង្ស័យថា សង់ឡើងកាលពីជំនាន់ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ។ ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ គឺជាព្រះរាជបុត្រារបស់ព្រះបាទជយវរ្ម័នទី២ ។
កាលពីប្រមាណជាពាក់កណ្តាលទី១ នៃសតវត្សរ៍ទី៩ នោះ គឺអាស្រមប្រហែលធ្វើអំពីឈើ ។ លុះមកដល់រជ្ជកាលព្រះបាទ សុរិយវរ្ម័នទី១ គឺនៅពាក់កណ្តាលទី១ នៃសតវត្សរ៍ទី១១ មានការកសាងប្រាសាទព្រះវិហារជាដំណាក់កាលធំទី២ គឺគេឈូសភ្នំយកថ្មភ្នំ ធ្វើជាកាំជណ្តើរធ្វើផ្លូវឡើងទៅលើភ្នំនិងយកថ្មភ្នំ ទៅកសាងជាទីតាំងប្រាសាទផ្សេងៗ នៅក្នុងដែនដីនៃប្រាសាទព្រះវិហារនោះ ។
លោកសាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់ថា ប្រទេសថៃ ឬសៀម មានកំណើតលើដែនដីសព្វថ្ងៃនេះ គឺចាប់ពីសតវត្សរ៍ទី១៣ ក្រោយមក ។
សូមរំឭកជូនថា ទីតាំងដែលធ្វើប្រាសាទព្រះវិហារ ដែលស្ថិតនៅលើកំពូលភ្នំ ទីខ្ពស់ជាង គេនោះមានកំពស់ ៥២៥ម៉ែត្រ ។ តួប្រាសាទសំខាន់នោះ មានទំហំ ៣៥ម៉ែត្រគុណនឹង ៤៥ម៉ែត្រ ដែលគេគិតសង្ស័យថា ជាកន្លែងរក្សាទុកលិង្គអាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ ។
បើគិតពីផ្លូវចូលពីដីទំនាប មានកាំជណ្តើរសម្រាប់ឡើងបន្តិចម្តងៗរហូតដល់តួប្រាសាទដែលនៅលើកំពូលភ្នំនោះគឺមានចម្ងាយទាំងអស់ ៨០៤ម៉ែត្រ ដែលក្នុងនោះ គេត្រូវឆ្លងកាត់ខ្លោងទ្វារ៥ ។
លុះដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការអន្តរជាតិក្រុងឡាអេ នៅប្រទេសហុល្លង់ បានប្រកាសជាផ្លូវការទទួលស្គាល់ប្រាសាទព្រះវិហារនិងបរិវេណប្រាសាទថា ជាកម្មសិទ្ធិផ្តាច់មុខរបស់ព្រះរាជាណាចក្រកម្ពុជា ឲ្យខ្មែរឈ្នះក្តីលើភាគីប្រទេសថៃ ៕
ប្រភពពីៈ វិទ្យុអាស៊ីសេរី
ប្រវត្តិសាស្ត្រនៃប្រាសាទព្រះវិហារ ភាគ៤
ដោយ មឿង ទុម
(២៤ កក្កដា ២០០៨)
លោកសាស្រ្តាចារ្យ ឃិន សុខ បង្រៀនប្រវត្តិសាស្រ្តខ្មែរ ថៃ លាវ និងភូមា មានប្រសាសន៍ថា ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ដែលជាព្រះរាជបុត្រានៃព្រះបាទជយវរ្ម័នទី២ ក្នុងរជ្ជកាលនៅពាក់កណ្តាលទី១ នៃសតវត្សរ៍ទី៩ ជាអ្នកនាំយកលិង្គអាទិទេព ស្រីសិខៈ រិស្វារៈ ទៅដាក់ប្រតិស្ឋនៅលើកំពូលភ្នំព្រះវិហារ ។
ក្រុមអ្នកប្រវត្តិវិទូគិតថា តំបន់ប្រាសាទព្រះវិហារនាកាលណោះ ពុំដូចសព្វថ្ងៃនេះទេ គឺថា អាស្រមអាចសង់ឡើងអំពីឈើ ដែលជាទីស្នាក់នៅរបស់ពួកព្រាហ្មណ៍ ឆ្មាំ និងអ្នកបម្រើ ដែលនៅថែរក្សា គោរពបូជា លិង្គអាទិទេពនៅទីនោះ ។
នៅក្នុងចំណោមអ្នកដែលនៅបម្រើលិង្គព្រះអាទិទេព ស្រីសិខៈ រិ ស្វារៈ កាលណោះមានបុរសម្នាក់ឈ្មោះ ស្រីសុកៈរាមា ជាមនុស្សសំខាន់ ។
លោកសាស្រ្តាចារ្យ ឃិន សុខ រំឭកសង្ខេបនូវប្រវត្តិរបស់ ស្រីសុកៈរាមា ដែលទាក់ទិននឹងសំណង់ប្រាសាទព្រះវិហារ ៖ «ស្រីសុកៈរាមានេះ គឺក្រុមគ្រួសាររបស់គាត់ ជាអ្នករក្សាទុកឯកសារប្រវត្តិសាស្រ្តខ្មែរ តាំងពីព្រះរាជាកម្ពុ រឿងរ៉ាវទាក់ទងនឹងប្រវត្តិសាស្ត្រ កិច្ចការរាជការ និងរឿងស្នាព្រះហស្តផ្សេងៗ តាំងពីសម័យមុនអង្គរគឺព្រះបាទស្រីប្បវរ័្មន រហូតមកដល់ព្រះបាទ ស្រី សុរិយវរ័្មននេះ មានទាំងអស់ គេសរសេរទុក ខ្ញុំមើលនៅស្លឹកហ្នឹង គឺស្លឹករឹតហើយ ។ ទុកនៅនឹងប្រាសាទព្រះវិហារផង និងទុកនៅនឹងប្រាសាទមួយទៀត ដែលសព្វថ្ងៃនេះ នៅនឹងប្រាសាទខាងជើងភ្នំដងរែក ។ គេយកគាត់មកនិយាយនេះ គឺគាត់ជាអ្នកគោរពត្រឹមត្រូវ ជួយធ្វើការបោសសំអាត រៀបចំគោរព ស្រី សិខារិស្វារៈ ។ ព្រះបាទសុរិយវរ្ម័នទី១ លោកជាអ្នកកាន់ព្រះពុទ្ធសាសនា ថេរវាទ ។ លោកនៅតែគោរពព្រះឥសូរ ព្រោះនៅក្នុងសិលាចារឹកនេះឯង គេបាននិយាយថា ដើម្បីកំណត់ព្រំប្រទល់អំណាចរបស់លោកបណ្តោះអាសន្ន លោកឲ្យគេធ្វើលិង្គ៤ ដែលលិង្គនីមួយៗឈ្មោះដដែលគឺ សុរិយ វ៉ារមិស្វារៈ គឺឥសូរដែលមានឈ្មោះហៅថា សុរិយវរ្ម័ននេះឯង ។ លិង្គ៤នេះយកទៅទុក នៅក្នុងខេត្តបាត់ដំបង គឺវត្តឯក គឺឈ្មោះថា ជ័យក្សេត្រ នៅព្រំប្រទល់ខាងលិច ។ នៅព្រំប្រទល់ខាងជើង គឺយកលិង្គមួយ ផ្សេងទៀតដែលព្រះនាមដដែលនោះ យកមកទុកនៅព្រះវិហារ កំណត់បណ្តោះអាសន្នព្រំប្រទល់អំណាចរបស់លោកនៅផ្នែខាងជើង ។ មានមួយទៀតយកទៅទុកនៅលើភ្នំ សូរិយាទ្រិ គឺភ្នំព្រះឥសូរ ភ្នំឥសូរយើងនៅខេត្តតាកែវសព្វថ្ងៃនេះ ហ្នឹងគឺផ្នែកទិសខាងត្បូង ។ ហើយមានមួយទៀត លិង្គឈ្មោះដដែលហ្នឹង គឺទុកនៅឥសាន តិរថៈ ប្រហែលជានៅតាមដងទន្លេមេគង្គ ប្រហែលជានៅខាងក្រចេះស្ទឹងត្រែង ។ លិង្គទាំងបួននេះ គេយកទៅប្រតិស្ឋនៅទិសទាំងបួនហ្នឹង នៅនឹងគ.ស. ១០១៨ ។ នេះគឺជាអ្វីដែលព្រះបាទ សុរិយវរ្ម័នទី១ លោកបានធ្វើសម្រាប់ប្រាសាទភ្នំព្រះវិហារ» ។
ក្រុមអ្នកសិក្សាខាងផ្នែកប្រវត្តិសាស្ត្រនិងប្រាសាទ បានរកឃើញបន្ថែមថា ក្រៅពីស្ថាបនាលិង្គព្រះអាទិទេពនោះ ព្រះបាទសុរិយវរ្ម័នទី១ លោកបានចំណាយទ្រព្យសម្បតិ្ត ដើម្បីបន្តការកសាងប្រាសាទព្រះវិហារ ។
ប្រភពពីៈ វិទ្យុអាស៊ីសេរី
ប្រវត្តិសាស្ត្រនៃប្រាសាទព្រះវិហារ ភាគ៣
ដោយ មឿង ទុម
(២៣ កក្កដា ២០០៨)
លោកសាស្រ្តាចារ្យ ឃិន សុខ បង្រៀនប្រវត្តិសាស្រ្តខ្មែរ ថៃ លាវ និងភូមា មានប្រសាសន៍ថា ប្រាសាទព្រះវិហារសង់ឡើងដោយបែរមុខទៅទិសខាងជើង មានជណ្តើរឡើងដែលមានចម្ងាយទាំងអស់ ៨០៤ម៉ែត្រ ។ ដើម្បីឡើងទៅដល់ប្រាង្គប្រាសាទសំខាន់ ដែលនៅលើកំពូលភ្នំខ្ពស់ជាងគេនោះ គេត្រូវឆ្លងកាត់ខ្លោងទ្វារ៥ ។
ទីតាំងដែលធ្វើប្រាសាទនៅលើកំពូលភ្នំខ្ពស់ជាងគេ មានកម្ពស់ ៥២៥ម៉ែត្រ ។ តួប្រាសាទសំខាន់នោះមានទំហំ ៣៥ម៉ែត្រគុណនឹង ៤៥ម៉ែត្រ ដែលគេគិតសង្ស័យថា ជាកន្លែងរក្សាទុកលិង្គអាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ ។
ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ដែលជាព្រះរាជបុត្រានៃព្រះបាទ ជយវរ័ន្មទី២ ក្នុងរជ្ជកាលនៅពាក់កណ្តាលទី១ នៃសតវត្សរ៍ទី៩ ជាអ្នកនាំយកលិង្គអាទិទេពនោះ ទៅដាក់ទៅប្រតិស្ឋនៅលើកំពូលភ្នំខ្ពស់ជាងគេនោះឯង ។ លោកសាស្រ្តាចារ្យ ឃិន សុខ មានប្រសាសន៍បន្ត អំពីជីវប្រវត្តិសង្ខេបរបស់ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ៖ «ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ដល់ពេលដែលលោកចាស់ទៅ លោកទៅរៀនធម៌ តាំងសីលនៅលិង្គបូ ៗ គឺជាវត្តភូ នៅខាងត្បូងស្រុកលាវ សព្វថ្ងៃនេះ ។ រួចហើយ លោកបានកសាងលិង្គមួយ យកថ្មនោះជាបំណែកនៃលិង្គធំមួយ ។ លិង្គនោះឈ្មោះថា ស្រីសិខៈ រិ ស្វារៈ លោកយកលិង្គនេះមកទុកនៅប្រាសាទព្រះវិហារ ។ ឈ្មោះ លិង្គ ស្រីសិខៈ រិស្វារៈនេះ ពេលក្រោយឆ្នាំក្រោយ មកទៀត គេតែងតែហៅសម្រាប់ឈ្មោះលិង្គផង និងឈ្មោះទីប្រាសាទវិហារនេះផង ដូច្នេះអ្នកដែលមកប្រតិស្ឋស្ថាន ស្រីសិខៈ រិស្វារៈ ថ្មហ្នឹងគឺជាបំណែកមួយ ដែលនៅនឹងលិង្គបូ នោះ នៅវត្តភូនោះ គឺយកមកទុកនៅប្រាសាទព្រះវិហារនោះ គឺព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ។ ពេលនោះ អ្នកប្រាជ្ញដែលសិក្សាពីសិលាចារឹក និងអំពីប្រាសាទព្រះវិហារនោះ គេសន្មត់ថា ទីនោះប្រហែលជាទីតាំងទាំងប៉ុន្មាន គឺមិនមែនដូចសព្វថ្ងៃនេះទេ ។ មានតែអាស្រមធ្វើអំពីឈើ ពីព្រោះជាទីកន្លែងសម្រាប់ស្នាក់នៅនៃពួកព្រាហ្មណ៍ ដែលមានភារៈទទួលគោរពថែរក្សាលិង្គ ស្រីសិខៈ រិស្វារៈ នេះឯង» ។
បើតាមអត្ថបទសិលាចារឹក នៅឯប្រាសាទព្រះវិហារ កាលេខ ៣៨១ ដែលសរសេរជាភាសាខ្មែរផងនិងសំស្រ្កឹតផង បានឲ្យដឹងបន្ថែមថា មានព្រាហ្មណ៍ម្នាក់ឈ្មោះ តៈបៈស្វិន្រ្ទបណ្ឌិត ជាមនុស្សសំខាន់ដែលទាក់ទិននឹងប្រវតិ្តប្រាសាទព្រះវិហារ ។ តៈបៈស្វិន្រ្ទៈបណ្ឌិត មានអាស្រមមួយ នៅនឹងដែនដីនៃទីតាំងប្រាសាទព្រះវិហារនោះ ។ នៅរវាងឆ្នាំ១០២៤ គឺលោកបានទទួលអង្រឹងស្នែងមាស និងវត្ថុដ៏មានតម្លៃដទៃទៀតជាច្រើន ពីព្រះបាទសុរិយវរ្ម័នទី១ ព្រោះតែព្រះអង្គដឹងគុណដល់លោក តៈបៈស្វិន្រ្ទៈបណ្ឌិត ដែលបានថែរក្សាលិង្គព្រះអាទិទេព ស្រីសិខៈរិស្វារៈ ។ លោកសាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់បន្ថែមអំពីព្រះបាទ សុរិយវរ្ម័នទី១ ដែលមានជំនឿខ្លាំងចំពោះលិង្គព្រះអាទិទេពនោះ ។
លោកសាស្ត្រាចារ្យ ឃិន សុខ មានប្រសាសន៍បន្តដូច្នេះថា ៖ «ព្រះបាទ សុរិយវរ្ម័នទី១ លោកជឿខ្លាំងណាស់ នេះបើតាមសិលាចារឹក ។ លោកជឿថា លិង្គដែលមានព្រះនាម ស្រីសិខៈ រិស្វារៈ ដែលធ្វើរួចហើយពីវត្តភូ យកមកទុកនៅនឹងប្រាសាទព្រះវិហារ លិង្គនេះឯង តែងតែសម្តែងមហិទ្ធិឫទ្ធិ បដិហារឲ្យលោកឃើញ ។ លោកគ្មានពេលនឹងទៅធ្វើពិធីគោរពបូជាដល់លិង្គហ្នឹង មានតែ តៈបៈស្វិន្រ្ទៈបណ្ឌិត នោះទេ គាត់ធ្វើ ហើយលោកសុំឲ្យខំធ្វើនោះតទៅទៀត ដើម្បីឲ្យបានបុណ្យបានផលហ្នឹងដល់លោកនិងប្រទេសកម្ពុជា ។ សេចក្តីក្នុងសិលាចារឹកនោះ បញ្ជាក់ហើយបញ្ជាក់ទៀត ព្រះអង្គម្ចាស់ខំធ្វើខ្លាំងណាស់ ខ្ញុំសូមបញ្ជាក់ថា អ្នកដែលនៅបម្រើនៅក្នុងប្រាសាទព្រះវិហារ នៅដើមសតវត្សរ៍ទី១ នៃរជ្ជកាលរបស់ព្រះបាទ សុរិយវរ្ម័នទី១ មានមនុស្សច្រើនណាស់ មិនមែនមានតែព្រាហ្មណ៍ទេ មានអ្នកខ្លះ ជាពល ជាអ្នកស្រុកនៃភូមិដែលនៅជិតៗហ្នឹង គេមានឈ្មោះភូមិគេ ប៉ុន្តែភូមិខ្លះយើងអត់ដឹងថា ទីតាំងនៅត្រង់ណា តែនៅនឹងជើងភ្នំ អាចឡើងមកនៅលើភ្នំទៀត សុទ្ធតែជាអ្នកនៅគោរព នៅបូជា អ្នកដែលជួយធ្វើនេះធ្វើនោះ ដើម្បីថែរក្សា ។ អ៊ីចឹង ព្រះបាទ សុរិយវរ្ម័នទី១ លោកសុំឲ្យយកអ្នកទាំងអស់គ្នានេះ ចូលមកស្បថធ្វើឲ្យបានត្រឹមត្រូវ ។ មិនមែនគ្រាន់ជាអ្នកបម្រើ យើងធ្វើតាមចិត្ត អត់ទេ ។ សម្បថនោះមានអីខ្លះទៅ? គឺថា សម្បថនោះមាន បើអ្នកឯងស្បថថា យាមប្រាសាទ គឺប្រាកដជាយាមប្រាសាទ ។ បើអ្នកឯងថែទាំប្រាសាទ ប្រាកដជាថែទាំប្រាសាទ ។ ហើយលោកបញ្ជាក់ថា បើអ្នកឯងជាអ្នកថែទាំប្រាសាទ អ្នកឯងជាអ្នកការពារ អ្នកនៅបម្រើទាំងអស់ហ្នឹង សូម្បីតែនៅក្នុងប្រាសាទ ក៏ត្រូវការរពារ អ្នកអស់ហ្នឹង សូម្បីតែគេទៅធ្វើការនៅក្រៅប្រាសាទ ឧទាហរណ៍ដូចជាទៅធ្វើស្រែ ឃ្វាលគោ ដែលនៅក្រៅរង្វង់ប្រាសាទ អ្នកឯងក៏ត្រូវការពារគេនោះដែរ ។ ហើយលោកឲ្យការពារកុំឲ្យមានពួកបះបោរ មកធ្វើបាបអ្នកស្រុកអស់នោះ ។ ដូច្នេះសម្បថនេះមិនដូចសម្បថដែលពួកអ្នករាជការ គេហៅតម្រួតលោកឲ្យធ្វើស្បថចំពោះលោក ដែលគេចារនៅលើខ្លោងទ្វារប្រាសាទវិមានអាកាស នៅអង្គរនោះមិនដូចគ្នាទេ ។ នេះគឺយើងស្បថ យើងសម្រេចថា យើងនៅបម្រើអាទិទេព សិខៈ រិស្វារៈ នៅនឹងភ្នំព្រះវិហារនេះ» ។
លោកសាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់ថា អត្ថបទសិលាចារឹក នៅឯប្រាសាទព្រះវិហារ កាលេខ ៣៨១ នោះ ត្រូវបានសរសេរឡើងកាលពីឆ្នាំ១០៣៧ ៕
[ សូមស្តាប់សំលេងពិស្តារពីវិទ្យុអាស៊ីសេរី ]
ប្រភពពីៈ វិទ្យុអាស៊ីសេរី
ប្រវត្តិសាស្ត្រនៃប្រាសាទព្រះវិហារ ភាគ២
ដោយ មឿង ទុម
(១៨ កក្កដា ២០០៨)
ឯកសារប្រវត្តិសាស្រ្តខ្មែរជាច្រើន បានឲ្យដឹងថា ប្រាសាទព្រះវិហារបានស្ថាបនាឡើងដោយព្រះមហាក្សត្រខ្មែរ តាំងពី១ពាន់ឆ្នាំមុនមកម្ល៉េះ គឺកសាងឡើងនៅក្នុងដែនដីខ្មែរ ។
បើតាមសៀវភៅប្រវត្តិសាស្រ្តខ្មែរមួយចំនួន ដែលក្នុងនោះមានសរសេរដោយលោក អាល់បែរ ឡឺបោននឺ និងលោក ក្លូដ ហ្សាក់ បានឲ្យដឹងថា ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងពីថ្ម ចាប់តាំងពីរជ្ជកាលព្រះបាទ សុរិយវរ្ម័នទី១ នៅពាក់កណ្តាលទីមួយនៃសតវត្សរ៍ទី១១ ។
ប្រាសាទព្រះវិហារ ត្រូវបានស្ថាបនាឡើង ក្នុងគ្រាដែលស្រុកខ្មែរមានផ្ទៃដីធំធេងលាតសន្ធឹងរហូតដល់ប្រទេសភូមា ខាងជើងទៅដល់ទីក្រុងវៀងច័ន្ទ ប្រទេសលាវ ។ ចំណែកប្រទេសថៃសព្វថ្ងៃ គឺពុំទាន់មានទេ ដីស្រុកថៃសព្វថ្ងៃ គឺជាដែនដីខ្មែរនាកាលណោះ ។ ហេតុនេះហើយ ទើបព្រះមហាក្សត្រខ្មែរសង់ប្រាសាទព្រះវិហារបែរទៅទិសខាងជើងដែលមានដីទំនាប ងាយធ្វើជណ្តើរឡើង ប្រសើរជាងទិសខាងត្បូង ដែលមានជញ្ជាំងភ្នំចោទខ្ពស់ពេក ។
លោកសាស្រ្តាចារ្យ ឃិន សុខ បង្រៀនប្រវត្តិសាស្រ្តខ្មែរ ថៃ លាវ និងភូមា មានប្រសាសន៍ថា បើគិតចាប់ពីដីទំនាប ពីផ្លូវឡើងទៅដល់ប្រាសាទដែលនៅលើកំពូលភ្នំខ្ពស់ជាងគេនោះ គឺគេត្រូវដើរឡើងតាមជណ្តើរជាច្រើនកាំ ដែលមានចម្ងាយទាំងអស់ ៨០៤ម៉ែត្រ ។
មុននឹងឡើងពីដីទំនាប ទៅដល់ប្រាង្គប្រាសាទលើកំពូលភ្នំ គេត្រូវឆ្លងកាត់ខ្លោងទ្វារ ៥ ។ ឡើងពីកាំទីមួយ ដើម្បីទៅដល់ខ្លោងទ្វារទីមួយ គេត្រូវឆ្លងកាត់ជណ្តើរ ១៥៩កាំ ដែលមានចម្ងាយ ៧៩ម៉ែត្រ ។ បន្តទៀត គេត្រូវដើរពីខ្លោងទ្វារទីមួយ តាមជណ្តើរដែលមានចម្ងាយ ២៥៥ម៉ែត្រ ទើបគេទៅដល់ខ្លោងទ្វារទី២ ។
នៅលើជាប់នឹងខ្លោងទ្វារទី២ គេមានធ្វើហោជាង ដែលមានគូររូបកូរសមុទ្រទឹកដោះ ។ ហើយនៅខាងឆ្វេងដៃមានស្រះមួយ ដែលមានទទឹង ១៨ម៉ែត្រនិងបណ្តោយ ៣៦ម៉ែត្រ ។ ស្រះនេះមានសារសំខាន់ណាស់ ព្រោះថា កាលពីពេលដែលព្រះមហាក្សត្រថៃ សព្វថ្ងៃគឺ ព្រះបាទ ភូមិផុន អាឌុល យ៉ាដេត ឡើងគ្រងរាជ្យនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៤៦ ថៃបានមកយកទឹកពីស្រះនេះទៅ ដើម្បីបំពេញពិធីអភិសេកព្រះមហាក្សត្រថៃ នៅឯទីក្រុងបាងកក ប្រទេសថៃ ។
លោកសាស្រ្តាចារ្យ ឃិន សុខ មានប្រសាសន៍បន្តអំពីទីតាំងភូមិសាស្រ្តនៃសំណង់ប្រាសាទព្រះវិហារ ដោយរាប់ចាប់ពីខ្លោងទ្វារទីពីរឡើងទៅ ៖ «ឥឡូវនេះ ចូលមកដល់ខ្លោងទ្វារទី២ ហើយឡើងមកទៀត ហើយចម្ងាយ ១៥០ម៉ែត្រ មានបោះគោលតាមផ្លូវហ្នឹងរហូត ។ នៅខាងឆ្វេងដៃដដែលហ្នឹង មានតួប្រាសាទតូចៗ ឡើងមកទៀតអ៊ីចឹងមក ១៥០ម៉ែត្រហ្នឹង បានមកដល់ខ្លោងទ្វារទី៣ៗ ហ្នឹងមានសិលាចារឹក ដែលនិយាយអំពីការកសាងប្រាសាទ គឺនៅក្នុងជំនាន់រជ្ជកាលព្រះបាទ សុរិយវរ្ម័នទី១ ប្រហែលជាទីកន្លែងអ្នកចូលទៅបួស គេឲ្យតាំងសីល គេឲ្យរៀនធម៌ នៅហ្នឹងចូលផុតពីខ្លោងទ្វារទីបីមកនេះ ។ នៅចន្លោះពីខ្លោងទ្វារទីបីនិងខ្លោងទ្វារទីបួន មានផ្លូវដើរ ប្រហែល ៤០ម៉ែត្រ ។ ផ្លូវដើរ ៤០ម៉ែត្រនេះឯង ដែលមានធ្វើជាខ្លួននាគ ដូចជាបង្កាន់ដៃ ហើយនិងបោះគោលតាមផ្លូវនេះឯង ។ យើងដើរតាមផ្លូវនាគហ្នឹងមក បានមកដល់ខ្លោងទ្វារទី៤ ។ មកដល់ខ្លោងទ្វារទី៤ ប្រាសាទហ្នឹងបែរមុខទៅទិសខាងជើង ។ នៅទិសខាងលិចឬក៏នៅស្តាំដៃហ្នឹង មានអគារមួយ នៅខាងឆ្វេងដៃអត់មានទេ ។អគារនេះឯងប្រហែលគេទុកឲ្យសម្រាប់ឥសីធំៗសំណាក់ឬក៏តាំងសីលនៅត្រង់កន្លែងហ្នឹង» ។
លោកសាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់ថា ចម្ងាយពីខ្លោងទ្វារទី៤ ទៅដល់ខ្លោងទ្វារទី៥នោះ មានប្រមាណពី៤០ ទៅ៥០ម៉ែត្រ ។ គេត្រូវដើរឆ្លងខ្លោងទ្វារទី៥នេះ ទើបទៅដល់ប្រាង្គប្រាសាទចុងក្រោយបង្អស់ ដែលស្ថិតនៅលើកំពូលភ្នំខ្ពស់ជាងគេ ។ ទីតាំងដែលធ្វើប្រាសាទនៅលើកំពូលភ្នំខ្ពស់ជាងគេនោះ មានកំពស់ ៥២៥ម៉ែត្រ ៖ «ប្រាសាទនេះមិនជាធំប៉ុន្មានទេ មិនជាធំហ្នឹង គឺមិនបានដល់ប្រាសាទនៅភ្នំជីសូរ នៅខេត្តតាកែវផង ។ កន្លែងនេះឯង គឺជាកន្លែងដែលប្រហែលគេដាក់លិង្គ ដែលគេថា ជាអាទិទេពប្រចាំប្រាសាទព្រះវិហារ បើយើងគិតតែតួប្រាសាទធំចុងក្រោយនេះ គឺមានទំហំ ៣៥ម៉ែត្រគុណនឹង ៤៥ម៉ែត្រ តែប៉ុណ្ណោះ ហើយបើយើងដើរទៅខាងក្រោយប្រាសាទហ្នឹង ប្រយ័ត្នព្រោះហ្នឹងដល់ចុងភ្នំហើយ គឺកន្លែងដែលចោទហើយ ផុតត្រឹមប៉ុណ្ណឹង ។ ដូច្នេះចុងខាងក្រោយនេះឯង ប្រហែលជាគេទុកលិង្គអាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ នោះ ។ មកដល់ឆ្នាំ២០០៨ នេះ មានបាត់បង់ក៏ច្រើន បាក់បែកក៏ច្រើន អ្វីដែលនៅឃើញសល់សព្វថ្ងៃនេះ យើងមើលទៅតាំងពីក្បាច់ចម្លាក់ គួរឲ្យស្រលាញ់ជាទីបំផុត ពីព្រោះស្អាតណាស់ ធ្វើហ្នឹង ធ្វើល្អខ្លាំងណាស់» ។
លោកសាស្រ្តាចារ្យបញ្ជាក់ថា ប្រវត្តិនៃការកសាងប្រាសាទព្រះវិហារ មាននៅលើសិលាចារឹកខ្មែរ នៅឯប្រាសាទបាពួន ក្នុងខេត្តសៀមរាប គឺកាលេខ ៥៨៣ ៖ «អ្នកដែលសរសេរសិលាចារឹកហ្នឹង ឈ្មោះហរិ វាហៈ នៅក្នុងរជ្ជកាលព្រះបាទរាជិន្រ្ទវរ័ន្ម គ្រិស្តសករាជ ៩៤៤ ដល់ ៩៦៨ ។ គេសរសេរជាភាសាសំស្រ្កឹតនិងជាភាសាខ្មែរ ។ គេសរសេរថា មានព្រះអង្គម្ចាស់មួយអង្គព្រះនាម ឥន្រ្ទាយុទ្ធ លោកបានយកលិង្គមួយ ឈ្មោះស្រីសិខៈ រិស្វារៈ មកតាំងមកប្រតិស្ឋនៅទីនេះៗគឺប្រាសាទព្រះវិហារនេះឯង ។ តើព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ គឺជាព្រះរាជបុត្រានៃព្រះបាទជយវរ្ម័នទី២ គឺលោកសោយរាជ្យនៅពាក់កណ្តាលទី១ នៃសតវត្សរ៍ទី៩ ។ ខ្ញុំអធិប្បាយទាំងអស់នេះ ខ្ញុំអត់មានបន្ថែមទេ ខ្ញុំស្រង់សេចក្តីទាំងអស់ ដូចខ្ញុំជម្រាបបន្តិចម្តងៗនោះ ។ គេសរសេរថា ព្រះអង្គលោកខ្លាំងពូកែខ្លាំងណាស់ ។ លោកមានមហិទ្ធឫទ្ធិ ទៅច្បាំងជាមួយនឹងស្តេចចាម ហើយចាប់ស្តេចចាមនោះបានទៀត ។ ចំពោះសេចក្តីសិលាចារឹកនេះ អ្នកប្រាជ្ញខាងប្រវត្តិសាស្ត្រគិតថា មិនមានសិលាចារឹកឯណាទៀត និយាយពីចម្បាំងទៅចាប់ស្តេចចាមនោះទេ ក៏ប៉ុន្តែស្តេចដែលលោកចាប់បាននោះ ប្រហែលជាមិនមែនជាស្តេចចាម ដែលត្រួតប្រទេសចាមទាំងមូលនោះទេ ។ ប្រហែលជាស្តេចអង្គតូចមួយ ដែលត្រួតនៅនគរមួយ ដែលមានព្រំប្រទល់នៅជាប់នឹងប្រទេសខ្មែរ» ៕
[ សូមស្តាប់សំលេងពិស្តារពីវិទ្យុអាស៊ីសេរី ]
ប្រភពពីៈ វិទ្យុអាស៊ីសេរី
ប្រវត្តិសាស្ត្រនៃប្រាសាទព្រះវិហារ ភាគ១

សាស្ត្រាចារ្យប្រវត្តិសាស្ត្រអធិប្បាយអំពីប្រាសាទព្រះវិហារ
(ភាគ១)
ដោយ មឿង ទុម
(១៧ កក្កដា ២០០៨)
មានចម្ងល់ថា ហេតុអ្វីបានជាប្រាសាទព្រះវិហារ ដែលជាកម្មសិទ្ធិរបស់ខ្មែរនោះ មានជណ្តើរឡើង ស្ថិតនៅក្នុងទឹកដីថៃ សព្វថ្ងៃនេះទៅវិញ? តើអ្នក ណាជាអ្នកកសាងប្រាសាទព្រះវិហារនោះ?
លោកសាស្រ្តាចារ្យ ឃិន សុខ បច្ចុប្បន្នបង្រៀនប្រវត្តិសាស្រ្តខ្មែរថៃលាវនិងភូមា នៅឯវិទ្យាស្ថានជាតិ អ៊ីណាល់កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង មានប្រសាសន៍ថា នៅពេលដែលស្តេចខ្មែរ ផ្តើមសាងសង់ប្រាសាទព្រះវិហារនោះឡើងនៅក្នុងខេត្តព្រះវិហារនៃដែនដីព្រះរាជាណាចក្រកម្ពុជា កាលពីបុរាណសម័យនោះ គឺពុំទាន់មានប្រទេសសៀម ឬថៃ តាំងនៅទីតាំងប្រទេសថៃសព្វថ្ងៃ នៅឡើយទេ ។
ពិសេស កាលពីបុរាណសម័យ ស្រុកខ្មែរមានផ្ទៃដីធំធេង ផ្នែកខាងលិចគឺលាតសន្ធឹង ពីខេត្តព្រះវិហារ ហួសប្រទេសថៃសព្វថ្ងៃ និងតរហូតទៅដល់ប្រទេសភូមា ។ ចំណែកផ្នែកខាងជើង គឺលាតសន្ធឹងរាប់បញ្ចូលទាំងក្រុងឈៀងម៉ៃ ដែលសព្វថ្ងៃជាខេត្តមួយរបស់ថៃនោះផង ។
លោកសាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់បន្ថែមយ៉ាងដូច្នេះ ៖ «ខ្មែរយើងមួយចំនួន មិនយល់អំពីប្រាសាទព្រះវិហារ ចោទសួរថា ផ្លូវដែលទៅកាន់ប្រាសាទព្រះវិហារហ្នឹង ផ្លូវដែលស្រួលនោះ គឺទៅពីស្រុកសៀម ។ ហេតុអ្វី បើជាប្រាសាទខ្មែរ ម៉េចក៏គេធ្វើផ្លូវឡើងទៅពីស្រុកសៀមទៅវិញ ។ ដើម្បីឲ្យបាត់ការងឿងឆ្ងល់ចំពោះបញ្ហានេះ ខ្ញុំសូមជម្រាប សូមឲ្យជ្រាបថា ប្រាសាទព្រះវិហារនេះ មាននៅក្នុងទឹកដីខ្មែរតាំងតែពីដើមមកយូរណាស់ហើយ ដីខ្មែរគឺស្រុកសៀម មិនទាន់មានឯណា ។ ដីខ្មែរមាននៅរហូតទៅដល់ប្រទេសភូមា ។ បើខាងជើងនោះ រហូតទៅដល់ក្រុងឈៀងម៉ៃ ពីព្រោះខ្មែរកាន់អំណាចរហូតទៅដល់ទីនោះ ។ ដូច្នេះមិនមែនមកចោទថា ដីត្រង់កន្លែងនោះ មានសៀម មានអី បើសៀមមិនទាន់មកដល់ឯណា ។ សៀមទាល់តែចុងសតវត្សរ៍ទី១៣ បានទើបនឹងចុះមក ។ ដូច្នេះ ដីត្រង់ដែលគេធ្វើប្រាសាទ នៅលើកំពូលភ្នំព្រះវិហារនេះ ជាដីរបស់ខ្មែរ ។ ខ្មែរចង់ធ្វើត្រង់ណា បែរទៅត្រង់ណា គេធ្វើតាមតែទីតាំងរបស់សាច់ភ្នំនោះ ។ ដូច្នេះសុំកុំឲ្យងឿងឆ្ងល់ បើមានអ្នកណាផ្សេងទៀតថា ទេ ប្រាសាទហ្នឹងមិនគួរជារបស់ខ្មែរ ហ្នឹងគឺខុសហើយ ។ ពីព្រោះដីខ្មែរនៅវាតតាំងពីដែនដីកម្ពុជាក្រោម កូសាំងស៊ីន រហូតទៅដល់ខាងជើងនោះ គឺរហូតទៅដល់វៀងច័ន្ទឯណោះ ។ ហ្នឹង បើផ្នែកខាងស្រុកលាវ ។ សៀមអត់ទាន់មានទេ ដូច្នេះគេយកដីនេះ យកមកធ្វើជាប្រាសាទ ដែលវាលទំនាប ដែលឡើងមកសព្វថ្ងៃ គឺឡើងមកពីខាងជើង ហើយគេធ្វើប្រាសាទហ្នឹង បែរមុខទៅទិសខាងជើង ។ ប្រាសាទនេះ មិនមានលក្ខណៈដូចប្រាសាទឯទៀតៗទេ ។ ដូច្នេះ សូមកុំឲ្យងឿងឆ្ងល់ទៀត ផ្លូវដែលគេធ្វើមកពីស្រុកសៀមៗ ពុំទាន់មានទេ ។ សព្វថ្ងៃយើងច្រឡំ សព្វថ្ងៃយើងភ្លេចប្រវត្តិ ដូច្នេះ គេធ្វើពីដីខ្មែរមកហ្នឹង រួចដីខ្មែរនៅខាងជើងឯណោះ វាវាលទំនាប ហើយនៅឯខាងស្រុកខ្មែរ សព្វថ្ងៃឯណេះ វាដីត្រង់ហ្នឹងគឺជាល្បាក់ គឺជាជញ្ជាំងភ្នំ ។ ម្ល៉ោះហើយ គេធ្វើហ្នឹង គឺសម្រាប់ឲ្យមានព្រាហ្មណ៍ហ្នឹង ទៅរក្សាលិង្គរបស់ព្រះឥសូរ ហើយកន្លែងនោះគឺកន្លែងគេតាំងសិល្ប៍» ។
តាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្រ្តខ្មែរជាច្រើន បានឲ្យដឹងថា ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងពីថ្ម ចាប់តាំងពីរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ ។ ព្រះបាទសុរិយវរ្ម័នទី១ សោយរាជ្យ នៅពាក់កណ្តាលទីមួយនៃសតវត្សរ៍ទី១១ ។ ទីតាំងធ្វើប្រាសាទ ដែលស្ថិតនៅលើទីខ្ពស់ជាងគេ នោះមានកំពស់ ៥២៥ម៉ែត្រ ។
បើគិតពីផ្លូវចូលពីដីទំនាប ឡើងទៅដល់ប្រាសាទនៅលើកំពូលភ្នំនោះ គឺកាំជណ្តើរសម្រាប់ឡើងបន្តិចម្តងៗ រហូតដល់ប្រាសាទដែលនៅលើកំពូលភ្នំនោះ គឺមានចម្ងាយទាំងអស់ ៨០៤ម៉ែត្រ ។
លោកសាស្រ្តាចារ្យ ឃិន សុខ មានប្រសាសន៍បង្ហាញអំពីទីតាំងភូមិសាស្រ្តនៃសំណង់ប្រាសាទព្រះវិហារ ដែលមានរួមទាំងកាំជណ្តើរទាំងអស់នោះផង ៖ «ប្រាសាទព្រះវិហារនេះគឺសង់ឡើងអំពីថ្ម ហ្នឹងចាប់តាំងពីរជ្ជកាលព្រះបាទសុរិយវរ្ម័នទីមួយ សំណង់ហ្នឹងមិនមែនធ្វើតែមួយពេលទេ ។ ធ្វើបើគិតឲ្យមែនទែន មានបីពេល ។ ឥឡូវនេះ ខ្ញុំជូនគ្រាន់តែជម្រាបត្រួសៗអំពីផ្លូវចូលមកហ្នឹងមានអីខ្លះៗ ។ ទីមួយ ពីដីយើងធម្មតាហ្នឹង ពីដីគឺជើងភ្នំរបស់ភ្នំដងរែកហ្នឹង យើងឡើងមកហ្នឹង គឺចម្ងាយ ៥៤ម៉ែត្រគេធ្វើជាជណ្តើរៗ ទាំងអស់មាន ១៥៩កាំ ។ យើងឡើងជណ្តើរហ្នឹងមកហើយ បានគេធ្វើរាងជម្រាលបន្តិចចម្ងាយ ២៥ម៉ែត្រ ហ្នឹង ចូលមកខ្លោងទ្វារទី១ ។ បើសិនណាអស់លោកមានសៀវភៅ គេសរសេរជាភាសាបារាំង ជាអង់គ្លេស គេរាប់បញ្ច្រាស គេរាប់ពីទីមួយ ប្រាសាទធំបំផុត មកឯខាងដើម ។ ខ្ញុំដើម្បីនឹងសម្រួលអស់លោក ឲ្យឃើញរូបប្រាសាទហ្នឹង ខ្ញុំរាប់តាមជណ្តើរដែលយើងឡើង ។ សង្ខេបយើងឡើងតាមផ្លូវជម្រាលធម្មតា ៥៤ម៉ែត្រ បូកនឹង ២៥ម៉ែត្រ បានមកដល់ខ្លោងទ្វារទី១ ។ បន្ទាប់ពីខ្លោងទ្វារទី១ហ្នឹង ត្រូវធ្វើដំណើរតាមកាំជណ្តើរនោះ ឡើងមកទៀត ចម្ងាយ ២៤៤ម៉ែត្រ ។ ជណ្តើរនេះ គេមានបោះគោលតាមសងខាងផ្លូវ ដើរមកបានចូលខ្លោងទ្វារទី២ ។ នៅខ្លោងទ្វារទី២ នោះមាន ហោជាង គេធ្វើរូបរឿងកូរសមុទ្រទឹកដោះ គឺការដែលបង្កើតលោក ។ នៅពេលដែលឡើងមកហ្នឹង នៅខាងឆ្វេងដៃ មានស្រះមួយ ។ ស្រះនេះគឺមានន័យសំខាន់ណាស់ ។ ពេលដែលព្រះមហាក្សត្រនៅស្រុកសៀមសព្វថ្ងៃ លោកឡើងសោយរាជ្យ ធ្វើពិធីរាជាភិសេក គេមកយកទឹកពីស្រះហ្នឹង ដើម្បីយកទៅបំពេញពិធីអភិសេកព្រះកូណាដែលនៅស្រុកសៀម សព្វថ្ងៃ» ។
សូមបញ្ជាក់ជូនថា លោកសាស្រ្តាចារ្យ ឃិន សុខ មានប្រសាសន៍អំពីស្តេចសៀមនេះ គឺសំដៅចំពោះព្រះមហាក្សត្រថៃសព្វថ្ងៃ គឺព្រះបាទ ភូមិផុន អាឌុលយ៉ាដេត ។
បើតាមឯកសារប្រវត្តិសាស្រ្តស្តីពីព្រះរាជាថៃ ចុះផ្សាយនៅលើទំព័រវ៉ឹបសាយថ៍ Wikipedia បានឲ្យដឹងថា ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិផុន អាឌុលយ៉ាដេត បច្ចុប្បន្នមានព្រះជន្ម ៨១ព្រះវស្សា ឡើងគ្រងរាជ្យតាំងពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៤៦ រហូតមកដល់សព្វថ្ងៃនេះ ៕





























