Tuesday, October 7, 2008

ប្រវត្តិសាស្ត្រ​នៃ​ប្រាសាទ​ព្រះវិហារ ភាគ២

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​អធិប្បាយ​អំពី​ប្រាសាទ​ព្រះវិហារ
(ភាគ​២)

ដោយ មឿង ទុម
(១៨​ កក្កដា​ ២០០៨)

ឯកសារ​ប្រវត្តិសាស្រ្ត​ខ្មែរ​ជា​ច្រើន បាន​ឲ្យ​ដឹង​ថា ប្រាសាទ​ព្រះវិហារ​បាន​ស្ថាបនា​ឡើង​ដោយ​ព្រះមហាក្សត្រ​ខ្មែរ តាំង​ពី​១​ពាន់​ឆ្នាំ​មុន​មក​ម្ល៉េះ គឺ​កសាង​ឡើង​នៅ​ក្នុង​ដែនដី​ខ្មែរ ។

បើតាម​សៀវភៅ​ប្រវត្តិសាស្រ្ត​ខ្មែរ​មួយ​ចំនួន ដែល​ក្នុង​នោះ​មាន​សរសេរ​ដោយ​លោក អាល់បែរ ឡឺបោននឺ និង​លោក ក្លូដ ហ្សាក់ បាន​ឲ្យ​ដឹង​ថា ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ពី​ថ្ម ចាប់​តាំង​ពី​រជ្ជកាល​ព្រះបាទ សុរិយវរ្ម័ន​ទី​១ នៅពាក់​កណ្តាល​ទីមួយ​នៃ​សតវត្សរ៍​ទី​១១ ។

ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​ស្ថាបនា​ឡើង ក្នុងគ្រា​ដែល​ស្រុក​ខ្មែរ​មាន​ផ្ទៃដី​ធំ​ធេង​លាត​សន្ធឹង​រហូត​ដល់​ប្រទេស​ភូមា ខាងជើង​ទៅ​ដល់​ទីក្រុង​វៀងច័ន្ទ ប្រទេស​លាវ ។ ចំណែក​ប្រទេស​ថៃ​សព្វថ្ងៃ គឺ​ពុំទាន់​មាន​ទេ ដី​ស្រុក​ថៃ​សព្វថ្ងៃ គឺ​ជា​ដែនដី​ខ្មែរ​នា​កាលណោះ ។ ហេតុនេះ​ហើយ ទើប​ព្រះមហាក្សត្រ​ខ្មែរ​សង់​ប្រាសាទ​ព្រះវិហារ​បែរ​ទៅ​ទិស​ខាង​ជើង​ដែល​មាន​ដី​ទំនាប ងាយ​ធ្វើ​ជណ្តើរ​ឡើង ប្រសើរ​ជាង​ទិស​ខាង​ត្បូង ដែល​មាន​ជញ្ជាំង​ភ្នំ​ចោទ​ខ្ពស់​ពេក ។

លោក​សាស្រ្តាចារ្យ ឃិន សុខ បង្រៀន​ប្រវត្តិសាស្រ្ត​ខ្មែរ ថៃ លាវ និង​ភូមា មាន​ប្រសាសន៍​ថា បើគិត​ចាប់​ពី​ដី​ទំនាប ពី​ផ្លូវ​ឡើង​ទៅ​ដល់​ប្រាសាទ​ដែល​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ​នោះ គឺ​គេ​ត្រូវ​ដើរ​ឡើង​តាម​ជណ្តើរ​ជា​ច្រើន​កាំ ដែល​មាន​ចម្ងាយ​ទាំង​អស់ ៨០៤​ម៉ែត្រ ។

មុន​នឹង​ឡើង​ពី​ដី​ទំនាប ទៅ​ដល់​ប្រាង្គ​ប្រាសាទ​លើ​កំពូលភ្នំ គេ​ត្រូវ​ឆ្លង​កាត់​ខ្លោង​ទ្វារ ៥ ។ ឡើង​ពី​កាំ​ទី​មួយ ដើម្បី​ទៅ​ដល់​ខ្លោង​ទ្វារ​ទី​មួយ គេ​ត្រូវ​ឆ្លង​កាត់​ជណ្តើរ ១៥៩​កាំ ដែល​មាន​ចម្ងាយ ៧៩​ម៉ែត្រ ។ បន្តទៀត គេ​ត្រូវ​ដើរ​ពី​ខ្លោង​ទ្វារ​ទីមួយ តាម​ជណ្តើរ​ដែល​មាន​ចម្ងាយ ២៥៥​ម៉ែត្រ ទើប​គេ​ទៅ​ដល់​ខ្លោង​ទ្វារ​ទី​២ ។

នៅលើ​ជាប់​នឹង​ខ្លោង​ទ្វារ​ទី​២ គេ​មាន​ធ្វើ​ហោជាង ដែល​មាន​គូរ​រូប​កូរ​សមុទ្រ​ទឹក​ដោះ ។ ហើយ​នៅ​ខាង​ឆ្វេង​ដៃ​មាន​ស្រះ​មួយ ដែល​មាន​ទទឹង ១៨​ម៉ែត្រ​និង​បណ្តោយ ៣៦​ម៉ែត្រ ។ ស្រះ​នេះ​មាន​សារសំខាន់​ណាស់ ព្រោះ​ថា កាល​ពី​ពេល​ដែល​ព្រះមហាក្សត្រ​ថៃ សព្វថ្ងៃ​គឺ ព្រះបាទ ភូមិផុន អាឌុល យ៉ាដេត ឡើង​គ្រងរាជ្យ​នៅថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​១៩៤៦ ថៃ​បាន​មក​យក​ទឹក​ពី​ស្រះ​នេះ​ទៅ ដើម្បី​បំពេញ​ពិធី​អភិសេក​ព្រះមហាក្សត្រ​ថៃ នៅឯ​ទីក្រុង​បាងកក ប្រទេស​ថៃ ។

លោក​សាស្រ្តាចារ្យ ឃិន សុខ មាន​ប្រសាសន៍​បន្ត​អំពី​ទីតាំង​ភូមិសាស្រ្ត​នៃ​សំណង់​ប្រាសាទ​ព្រះវិហារ ដោយ​រាប់​ចាប់​ពី​ខ្លោង​ទ្វារ​ទីពីរ​ឡើង​ទៅ ៖ «ឥឡូវ​នេះ ចូល​មក​ដល់​ខ្លោង​ទ្វារ​ទី​២ ហើយ​ឡើង​មក​ទៀត ហើយ​ចម្ងាយ ១៥០​ម៉ែត្រ មាន​បោះគោល​តាម​ផ្លូវ​ហ្នឹង​រហូត ។ នៅ​ខាង​ឆ្វេង​ដៃ​ដដែល​ហ្នឹង មាន​តួប្រាសាទ​តូច​ៗ ឡើង​មក​ទៀត​អ៊ីចឹង​មក ១៥០​ម៉ែត្រ​ហ្នឹង បាន​មក​ដល់​ខ្លោង​ទ្វារ​ទី​៣​ៗ ហ្នឹង​មាន​សិលាចារឹក ដែល​និយាយ​អំពី​ការកសាង​ប្រាសាទ គឺ​នៅក្នុង​ជំនាន់​រជ្ជកាល​ព្រះបាទ សុរិយវរ្ម័ន​ទី​១ ប្រហែល​ជា​ទីកន្លែង​អ្នក​ចូល​ទៅ​បួស គេ​ឲ្យ​តាំង​សីល គេ​ឲ្យ​រៀន​ធម៌ នៅ​ហ្នឹង​ចូល​ផុត​ពី​ខ្លោង​ទ្វារ​ទី​បី​មក​នេះ ។ នៅ​ចន្លោះ​ពី​ខ្លោង​ទ្វារ​ទី​បី​និង​ខ្លោង​ទ្វារ​ទី​បួន មាន​ផ្លូវ​ដើរ ប្រហែល ៤០​ម៉ែត្រ ។ ផ្លូវ​ដើរ ៤០​ម៉ែត្រ​នេះ​ឯង ដែល​មាន​ធ្វើជា​ខ្លួន​នាគ ដូច​ជា​បង្កាន់ដៃ ហើយ​និង​បោះគោល​តាម​ផ្លូវ​នេះ​ឯង ។ យើង​ដើរ​តាម​ផ្លូវ​នាគ​ហ្នឹង​មក បាន​មក​ដល់​ខ្លោង​ទ្វារ​ទី​៤ ។ មក​ដល់​ខ្លោង​ទ្វារ​ទី​៤ ប្រាសាទ​ហ្នឹង​បែរ​មុខ​ទៅ​ទិស​ខាង​ជើង ។ នៅ​ទិស​ខាង​លិច​ឬ​ក៏​នៅ​ស្តាំដៃ​ហ្នឹង មាន​អគារ​មួយ នៅខាង​ឆ្វេង​ដៃ​អត់​មាន​ទេ ។អគារ​នេះ​ឯង​ប្រហែល​គេ​ទុក​ឲ្យ​សម្រាប់​ឥសី​ធំ​ៗ​សំណាក់​ឬ​ក៏​តាំង​សីល​នៅត្រង់​កន្លែង​ហ្នឹង» ។

លោក​សាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់​ថា ចម្ងាយ​ពី​ខ្លោង​ទ្វារ​ទី​៤ ទៅ​ដល់​ខ្លោង​ទ្វារ​ទី​៥​នោះ មាន​ប្រមាណ​ពី​៤០ ទៅ​៥០​ម៉ែត្រ ។ គេ​ត្រូវ​ដើរ​ឆ្លង​ខ្លោង​ទ្វារ​ទី​៥​នេះ ទើប​ទៅ​ដល់​ប្រាង្គ​ប្រាសាទ​ចុង​ក្រោយ​បង្អស់ ដែល​ស្ថិត​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ ។ ទីតាំង​ដែល​ធ្វើ​ប្រាសាទ​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ​នោះ មាន​កំពស់ ៥២៥​ម៉ែត្រ ៖ «ប្រាសាទ​នេះ​មិន​ជា​ធំ​ប៉ុន្មាន​ទេ មិន​ជា​ធំ​ហ្នឹង គឺ​មិន​បាន​ដល់​ប្រាសាទ​នៅ​ភ្នំ​ជីសូរ នៅ​ខេត្ត​តាកែវ​ផង ។ កន្លែង​នេះ​ឯង គឺ​ជា​កន្លែង​ដែល​ប្រហែល​គេ​ដាក់​លិង្គ ដែល​គេ​ថា ជា​អាទិទេព​ប្រចាំ​ប្រាសាទ​ព្រះវិហារ បើ​យើង​គិត​តែ​តួ​ប្រាសាទ​ធំ​ចុងក្រោយ​នេះ គឺ​មាន​ទំហំ ៣៥​ម៉ែត្រ​គុណ​នឹង ៤៥​ម៉ែត្រ តែ​ប៉ុណ្ណោះ ហើយ​បើ​យើង​ដើរ​ទៅ​ខាង​ក្រោយ​ប្រាសាទ​ហ្នឹង ប្រយ័ត្ន​ព្រោះ​ហ្នឹង​ដល់​ចុង​ភ្នំ​ហើយ គឺ​កន្លែង​ដែល​ចោទ​ហើយ ផុត​ត្រឹម​ប៉ុណ្ណឹង ។ ដូច្នេះ​ចុង​ខាង​ក្រោយ​នេះ​ឯង ប្រហែល​ជា​គេ​ទុក​លិង្គ​អាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ នោះ ។ មក​ដល់​ឆ្នាំ​២០០៨ នេះ មាន​បាត់បង់​ក៏​ច្រើន បាក់​បែក​ក៏​ច្រើន អ្វី​ដែល​នៅ​ឃើញ​សល់​សព្វថ្ងៃ​នេះ យើង​មើល​ទៅ​តាំងពី​ក្បាច់​ចម្លាក់ គួរ​ឲ្យ​ស្រលាញ់​ជា​ទី​បំផុត ពីព្រោះ​ស្អាត​ណាស់ ធ្វើ​ហ្នឹង ធ្វើ​ល្អ​ខ្លាំង​ណាស់» ។

លោក​សាស្រ្តាចារ្យ​បញ្ជាក់​ថា ប្រវត្តិ​នៃ​ការកសាង​ប្រាសាទ​ព្រះវិហារ មាន​នៅ​លើ​សិលា​ចារឹក​ខ្មែរ នៅឯ​ប្រាសាទ​បាពួន ក្នុង​ខេត្ត​សៀមរាប គឺកាលេខ ៥៨៣ ៖ «អ្នក​ដែល​សរសេរ​សិលាចារឹក​ហ្នឹង ឈ្មោះ​ហរិ វាហៈ នៅក្នុង​រជ្ជកាល​ព្រះបាទ​រាជិន្រ្ទ​វរ័ន្ម គ្រិស្ត​សករាជ ៩៤៤ ដល់ ៩៦៨ ។ គេ​សរសេរ​ជា​ភាសា​សំស្រ្កឹត​និង​ជា​ភាសា​ខ្មែរ ។ គេ​សរសេរ​ថា មាន​ព្រះអង្គ​ម្ចាស់​មួយ​អង្គ​ព្រះនាម ឥន្រ្ទាយុទ្ធ លោក​បាន​យក​លិង្គ​មួយ ឈ្មោះ​ស្រីសិខៈ រិស្វារៈ មកតាំង​មក​ប្រតិស្ឋ​នៅ​ទីនេះ​ៗ​គឺ​ប្រាសាទ​ព្រះវិហារ​នេះ​ឯង ។ តើ​ព្រះអង្គ​ម្ចាស់ ឥន្រ្ទាយុទ្ធ គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះបាទ​ជយវរ្ម័ន​ទី​២ គឺ​លោក​សោយរាជ្យ​នៅពាក់​កណ្តាល​ទី​១ នៃ​សតវត្សរ៍​ទី​៩ ។ ខ្ញុំ​អធិប្បាយ​ទាំង​អស់​នេះ ខ្ញុំ​អត់​មាន​បន្ថែម​ទេ ខ្ញុំ​ស្រង់​សេចក្តី​ទាំងអស់ ដូច​ខ្ញុំ​ជម្រាប​បន្តិច​ម្តង​ៗ​នោះ ។ គេ​សរសេរ​ថា ព្រះអង្គ​លោក​ខ្លាំង​ពូកែ​ខ្លាំង​ណាស់ ។ លោក​មាន​មហិទ្ធឫទ្ធិ ទៅ​ច្បាំង​ជាមួយ​នឹង​ស្តេច​ចាម ហើយ​ចាប់​ស្តេច​ចាម​នោះ​បាន​ទៀត ។ ចំពោះ​សេចក្តី​សិលាចារឹក​នេះ អ្នកប្រាជ្ញ​ខាង​ប្រវត្តិសាស្ត្រ​គិត​ថា មិន​មាន​សិលាចារឹក​ឯណា​ទៀត និយាយ​ពី​ចម្បាំង​ទៅ​ចាប់​ស្តេច​ចាម​នោះ​ទេ ក៏​ប៉ុន្តែ​ស្តេច​ដែល​លោក​ចាប់​បាន​នោះ ប្រហែល​ជា​មិនមែន​ជា​ស្តេច​ចាម ដែល​ត្រួត​ប្រទេស​ចាម​ទាំង​មូល​នោះ​ទេ ។ ប្រហែល​ជា​ស្តេច​អង្គ​តូច​មួយ ដែល​ត្រួត​នៅ​នគរ​មួយ ដែល​មាន​ព្រំប្រទល់​នៅ​ជាប់​នឹង​ប្រទេស​ខ្មែរ» ៕

[ សូមស្តាប់សំលេងពិស្តារពីវិទ្យុអាស៊ីសេរី ]

ប្រភពពីៈ វិទ្យុអាស៊ីសេរី​


No comments: