Tuesday, October 7, 2008

ប្រវត្តិសាស្ត្រ​នៃ​ប្រាសាទ​ព្រះវិហារ ភាគ៣

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​អធិប្បាយ​អំពី​ប្រាសាទ​ព្រះវិហារ
(ភាគ​៣)

ដោយ មឿង ទុម
(២៣​ កក្កដា​ ២០០៨)


ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ពី​ថ្ម​ភ្នំ ដោយ​ព្រះបាទ សុរិយ​វរ្ម័ន​ទី១ នៅ​ពាក់​កណ្តាល​ទីមួយ​នៃ​សតវត្សរ៍​ទី​១១ នៅ​ក្នុង​ដែនដី​ស្រុក​ខ្មែរ ដែល​កាលណោះ​នៅ​ពុំទាន់​មាន​ប្រទេស​ថៃ នៅ​ឡើយ​ទេ ។

លោក​សាស្រ្តាចារ្យ ឃិន សុខ បង្រៀន​ប្រវត្តិសាស្រ្ត​ខ្មែរ ថៃ លាវ និង​ភូមា មាន​ប្រសាសន៍​ថា ប្រាសាទ​ព្រះវិហារ​សង់​ឡើង​ដោយ​បែរមុខ​ទៅ​ទិស​ខាងជើង មាន​ជណ្តើរ​ឡើង​ដែល​មាន​ចម្ងាយ​ទាំង​អស់ ៨០៤​ម៉ែត្រ ។ ដើម្បី​ឡើង​ទៅដល់​ប្រាង្គ​ប្រាសាទ​សំខាន់ ដែល​នៅលើ​កំពូលភ្នំ​ខ្ពស់​ជាង​គេ​នោះ គេ​ត្រូវ​ឆ្លងកាត់​ខ្លោង​ទ្វារ​៥ ។

ទីតាំង​ដែល​ធ្វើ​ប្រាសាទ​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ មាន​កម្ពស់ ៥២៥​ម៉ែត្រ ។ តួ​ប្រាសាទ​សំខាន់​នោះ​មាន​ទំហំ ៣៥​ម៉ែត្រ​គុណ​នឹង ៤៥​ម៉ែត្រ ដែល​គេ​គិត​សង្ស័យ​ថា ជា​កន្លែង​រក្សា​ទុក​លិង្គ​អាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ ។


ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ដែល​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះបាទ ជយវរ័ន្ម​ទី​២ ក្នុង​រជ្ជកាល​នៅ​ពាក់​កណ្តាល​ទី​១ នៃ​សតវត្សរ៍​ទី​៩ ជា​អ្នកនាំ​យក​លិង្គ​អាទិទេព​នោះ ទៅ​ដាក់​ទៅ​ប្រតិស្ឋ​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ​នោះ​ឯង ។ លោក​សាស្រ្តាចារ្យ ឃិន សុខ មាន​ប្រសាសន៍​បន្ត អំពី​ជីវប្រវត្តិ​សង្ខេប​របស់​ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ៖ «ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ដល់​ពេល​ដែល​លោក​ចាស់​ទៅ លោក​ទៅ​រៀន​ធម៌ តាំង​សីល​នៅ​លិង្គ​បូ ៗ គឺ​ជា​វត្ត​ភូ នៅខាង​ត្បូង​ស្រុក​លាវ សព្វ​ថ្ងៃ​នេះ ។ រួច​ហើយ លោក​បាន​កសាង​លិង្គ​មួយ យក​ថ្ម​នោះជា​បំណែក​នៃ​លិង្គ​ធំ​មួយ ។ លិង្គ​នោះ​ឈ្មោះ​ថា ស្រីសិខៈ រិ ស្វារៈ លោក​យក​លិង្គ​នេះ​មក​ទុក​នៅ​ប្រាសាទ​ព្រះវិហារ ។ ឈ្មោះ លិង្គ ស្រីសិខៈ រិស្វារៈ​នេះ ពេល​ក្រោយ​ឆ្នាំ​ក្រោយ មក​ទៀត គេ​តែងតែ​ហៅ​សម្រាប់​ឈ្មោះ​លិង្គ​ផង និង​ឈ្មោះ​ទី​ប្រាសាទ​វិហារ​នេះ​ផង ដូច្នេះ​អ្នក​ដែល​មក​ប្រតិស្ឋស្ថាន ស្រីសិខៈ រិស្វារៈ ថ្ម​ហ្នឹង​គឺ​ជា​បំណែក​មួយ ដែល​នៅ​នឹង​លិង្គបូ នោះ នៅ​វត្តភូ​នោះ គឺ​យក​មក​ទុក​នៅ​ប្រាសាទ​ព្រះវិហារ​នោះ គឺ​ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ។ ពេល​នោះ អ្នក​ប្រាជ្ញ​ដែល​សិក្សា​ពី​សិលាចារឹក និង​អំពី​ប្រាសាទ​ព្រះវិហារ​នោះ គេ​សន្មត់​ថា ទីនោះ​ប្រហែល​ជា​ទីតាំង​ទាំង​ប៉ុន្មាន គឺ​មិនមែន​ដូច​សព្វថ្ងៃ​នេះ​ទេ ។ មាន​តែ​អាស្រម​ធ្វើ​អំពី​ឈើ ពីព្រោះ​ជា​ទីកន្លែង​សម្រាប់​ស្នាក់នៅ​នៃ​ពួក​ព្រាហ្មណ៍ ដែល​មាន​ភារៈ​ទទួល​គោរព​ថែរក្សា​លិង្គ ស្រីសិខៈ រិស្វារៈ នេះឯង» ។

បើតាម​អត្ថបទ​សិលាចារឹក នៅឯ​ប្រាសាទ​ព្រះវិហារ កា​លេខ ៣៨១ ដែល​សរសេរ​ជា​ភាសា​ខ្មែរ​ផង​និង​សំស្រ្កឹត​ផង បាន​ឲ្យ​ដឹង​បន្ថែម​ថា មាន​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ តៈបៈស្វិន្រ្ទ​បណ្ឌិត ជា​មនុស្ស​សំខាន់​ដែល​ទាក់ទិន​នឹង​ប្រវតិ្ត​ប្រាសាទ​ព្រះវិហារ ។ តៈបៈស្វិន្រ្ទៈ​បណ្ឌិត មាន​អាស្រម​មួយ នៅ​នឹង​ដែនដី​នៃ​ទីតាំង​ប្រាសាទ​ព្រះវិហារ​នោះ ។ នៅ​រវាង​ឆ្នាំ​១០២៤ គឺ​លោក​បាន​ទទួល​អង្រឹង​ស្នែង​មាស និង​វត្ថុ​ដ៏​មាន​តម្លៃ​ដទៃ​ទៀត​ជាច្រើន ពី​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ ព្រោះតែ​ព្រះអង្គ​ដឹងគុណ​ដល់​លោក តៈបៈស្វិន្រ្ទៈបណ្ឌិត ដែល​បាន​ថែ​រក្សា​លិង្គ​ព្រះអាទិទេព ស្រីសិខៈរិស្វារៈ ។ លោក​សាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់​បន្ថែម​អំពី​ព្រះបាទ សុរិយវរ្ម័ន​ទី​១ ដែល​មាន​ជំនឿ​ខ្លាំង​ចំពោះ​លិង្គ​ព្រះអាទិទេព​នោះ ។

លោក​សាស្ត្រាចារ្យ ឃិន សុខ មាន​ប្រសាសន៍​បន្ត​ដូច្នេះ​ថា ៖ «ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ លោក​ជឿ​ខ្លាំង​ណាស់ នេះ​បើ​តាម​សិលាចារឹក ។ លោក​ជឿ​ថា លិង្គ​ដែល​មាន​ព្រះនាម ស្រីសិខៈ រិស្វារៈ ដែល​ធ្វើ​រួច​ហើយ​ពី​វត្តភូ យក​មក​ទុក​នៅ​នឹង​ប្រាសាទ​ព្រះវិហារ លិង្គ​នេះ​ឯង តែងតែ​សម្តែង​មហិទ្ធិឫទ្ធិ បដិហារ​ឲ្យ​លោក​ឃើញ ។ លោក​គ្មាន​ពេល​នឹង​ទៅ​ធ្វើ​ពិធី​គោរព​បូជា​ដល់​លិង្គ​ហ្នឹង មាន​តែ តៈបៈស្វិន្រ្ទៈបណ្ឌិត នោះ​ទេ គាត់​ធ្វើ ហើយ​លោក​សុំ​ឲ្យ​ខំ​ធ្វើ​នោះ​ត​ទៅ​ទៀត ដើម្បី​ឲ្យ​បាន​បុណ្យ​បាន​ផល​ហ្នឹង​ដល់​លោក​និង​ប្រទេស​កម្ពុជា ។ សេចក្តី​ក្នុង​សិលាចារឹក​នោះ បញ្ជាក់​ហើយ​បញ្ជាក់​ទៀត ព្រះអង្គម្ចាស់​ខំ​ធ្វើ​ខ្លាំង​ណាស់ ខ្ញុំ​សូម​បញ្ជាក់​ថា អ្នក​ដែល​នៅ​បម្រើ​នៅក្នុង​ប្រាសាទ​ព្រះវិហារ នៅដើម​សតវត្សរ៍​ទី​១ នៃ​រជ្ជកាល​របស់​ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ មាន​មនុស្ស​ច្រើន​ណាស់ មិនមែន​មាន​តែ​ព្រាហ្មណ៍​ទេ មាន​អ្នក​ខ្លះ ជា​ពល ជា​អ្នកស្រុក​នៃ​ភូមិ​ដែល​នៅ​ជិត​ៗ​ហ្នឹង គេ​មាន​ឈ្មោះ​ភូមិ​គេ ប៉ុន្តែ​ភូមិ​ខ្លះ​យើង​អត់​ដឹង​ថា ទីតាំង​នៅ​ត្រង់​ណា តែ​នៅ​នឹង​ជើង​ភ្នំ អាច​ឡើង​មក​នៅ​លើ​ភ្នំ​ទៀត សុទ្ធតែ​ជា​អ្នក​នៅ​គោរព នៅ​បូជា អ្នក​ដែល​ជួយ​ធ្វើ​នេះ​ធ្វើ​នោះ ដើម្បី​ថែ​រក្សា ។ អ៊ីចឹង ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ លោក​សុំ​ឲ្យ​យក​អ្នក​ទាំង​អស់​គ្នា​នេះ ចូល​មក​ស្បថ​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ ។ មិនមែន​គ្រាន់​ជា​អ្នក​បម្រើ យើង​ធ្វើ​តាម​ចិត្ត អត់​ទេ ។ សម្បថ​នោះ​មាន​អី​ខ្លះ​ទៅ? គឺ​ថា សម្បថ​នោះ​មាន បើ​អ្នក​ឯង​ស្បថ​ថា យាម​ប្រាសាទ គឺ​ប្រាកដ​ជា​យាម​ប្រាសាទ ។ បើ​អ្នក​ឯង​ថែ​ទាំ​ប្រាសាទ ប្រាកដ​ជា​ថែទាំ​ប្រាសាទ ។ ហើយ​លោក​បញ្ជាក់​ថា បើ​អ្នកឯង​ជា​អ្នកថែទាំ​ប្រាសាទ អ្នកឯង​ជា​អ្នក​ការពារ អ្នក​នៅ​បម្រើ​ទាំងអស់​ហ្នឹង សូម្បី​តែ​នៅក្នុង​ប្រាសាទ ក៏​ត្រូវ​ការរពារ អ្នក​អស់​ហ្នឹង សូម្បី​តែ​គេ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រាសាទ ឧទាហរណ៍​ដូចជា​ទៅ​ធ្វើ​ស្រែ ឃ្វាល​គោ ដែល​នៅ​ក្រៅ​រង្វង់​ប្រាសាទ អ្នកឯង​ក៏​ត្រូវ​ការពារ​គេ​នោះ​ដែរ ។ ហើយ​លោក​ឲ្យ​ការពារ​កុំ​ឲ្យ​មាន​ពួក​បះបោរ មក​ធ្វើ​បាប​អ្នកស្រុក​អស់​នោះ ។ ដូច្នេះ​សម្បថ​នេះ​មិន​ដូច​សម្បថ​ដែល​ពួកអ្នក​រាជការ គេ​ហៅ​តម្រួត​លោក​ឲ្យ​ធ្វើ​ស្បថ​ចំពោះ​លោក ដែល​គេ​ចារ​នៅ​លើ​ខ្លោង​ទ្វារ​ប្រាសាទ​វិមាន​អាកាស នៅ​អង្គរ​នោះ​មិន​ដូចគ្នា​ទេ ។ នេះ​គឺ​យើង​ស្បថ យើង​សម្រេច​ថា យើង​នៅ​បម្រើ​អាទិទេព សិខៈ រិស្វារៈ នៅ​នឹង​ភ្នំ​ព្រះវិហារ​នេះ» ។

លោក​សាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់​ថា អត្ថបទ​សិលាចារឹក នៅឯ​ប្រាសាទ​ព្រះវិហារ កា​លេខ ៣៨១ នោះ ត្រូវ​បាន​សរសេរ​ឡើង​កាលពី​ឆ្នាំ​១០៣៧ ៕

[ សូមស្តាប់សំលេងពិស្តារពីវិទ្យុអាស៊ីសេរី ]

ប្រភពពីៈ វិទ្យុអាស៊ីសេរី

No comments: