Tuesday, October 7, 2008

ប្រវត្តិសាស្ត្រ​នៃ​ប្រាសាទ​ព្រះវិហារ ភាគ៤

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​អធិប្បាយ​អំពី​ប្រាសាទ​ព្រះវិហារ
(ភាគ​៤)


ដោយ មឿង ទុម
(២៤​ កក្កដា​ ២០០៨)

លោក​សាស្រ្តាចារ្យ ឃិន សុខ បង្រៀន​ប្រវត្តិសាស្រ្ត​ខ្មែរ ថៃ លាវ និង​ភូមា មាន​ប្រសាសន៍​ថា ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ដែល​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះបាទ​ជយវរ្ម័ន​ទី​២ ក្នុង​រជ្ជកាល​នៅ​ពាក់​កណ្តាល​ទី​១ នៃ​សតវត្សរ៍​ទី​៩ ជា​អ្នកនាំ​យក​លិង្គ​អាទិទេព ស្រីសិខៈ រិស្វារៈ ទៅ​ដាក់​ប្រតិស្ឋ​នៅ​លើ​កំពូល​ភ្នំ​ព្រះវិហារ ។

ក្រុម​អ្នកប្រវត្តិ​វិទូ​គិត​ថា តំបន់​ប្រាសាទ​ព្រះវិហារ​នា​កាលណោះ ពុំ​ដូច​សព្វថ្ងៃ​នេះ​ទេ គឺ​ថា អាស្រម​អាច​សង់​ឡើង​អំពី​ឈើ ដែល​ជា​ទីស្នាក់នៅ​របស់​ពួក​ព្រាហ្មណ៍ ឆ្មាំ និង​អ្នក​បម្រើ ដែល​នៅ​ថែ​រក្សា គោរព​បូជា លិង្គ​អាទិទេព​នៅ​ទីនោះ ។

នៅក្នុង​ចំណោម​អ្នក​ដែល​នៅ​បម្រើ​លិង្គ​ព្រះអាទិទេព ស្រីសិខៈ រិ ស្វារៈ កាលណោះ​មាន​បុរស​ម្នាក់​ឈ្មោះ ស្រីសុកៈរាមា ជា​មនុស្ស​សំខាន់ ។

លោក​សាស្រ្តាចារ្យ ឃិន សុខ រំឭក​សង្ខេប​នូវ​ប្រវត្តិ​របស់ ស្រីសុកៈរាមា ដែល​ទាក់ទិន​នឹង​សំណង់​ប្រាសាទ​ព្រះវិហារ ៖ «ស្រីសុកៈរាមា​នេះ គឺ​ក្រុមគ្រួសារ​របស់​គាត់ ជា​អ្នករក្សា​ទុក​ឯកសារ​ប្រវត្តិសាស្រ្ត​ខ្មែរ តាំងពី​ព្រះរាជា​កម្ពុ រឿងរ៉ាវ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ កិច្ចការ​រាជការ និង​រឿង​ស្នាព្រះហស្ត​ផ្សេង​ៗ តាំងពី​សម័យ​មុន​អង្គរ​គឺ​ព្រះបាទ​ស្រីប្បវរ័្មន រហូត​មក​ដល់​ព្រះបាទ ស្រី សុរិយវរ័្មន​នេះ មាន​ទាំងអស់ គេ​សរសេរ​ទុក ខ្ញុំ​មើល​នៅ​ស្លឹក​ហ្នឹង គឺ​ស្លឹករឹត​ហើយ ។ ទុក​នៅ​នឹង​ប្រាសាទ​ព្រះវិហារ​ផង និង​ទុក​នៅ​នឹង​ប្រាសាទ​មួយ​ទៀត ដែល​សព្វថ្ងៃ​នេះ នៅ​នឹង​ប្រាសាទ​ខាង​ជើង​ភ្នំ​ដងរែក ។ គេ​យក​គាត់​មក​និយាយ​នេះ គឺ​គាត់​ជា​អ្នកគោរព​ត្រឹមត្រូវ ជួយ​ធ្វើការ​បោស​សំអាត រៀបចំ​គោរព ស្រី សិខារិស្វារៈ ។ ព្រះបាទ​សុរិយវរ្ម័ន​ទី​១ លោក​ជា​អ្នកកាន់​ព្រះពុទ្ធ​សាសនា ថេរវាទ ។ លោក​នៅតែ​គោរព​ព្រះឥសូរ ព្រោះ​នៅក្នុង​សិលាចារឹក​នេះ​ឯង គេ​បាន​និយាយ​ថា ដើម្បី​កំណត់​ព្រំប្រទល់​អំណាច​របស់​លោក​បណ្តោះ​អាសន្ន លោក​ឲ្យ​គេ​ធ្វើ​លិង្គ​៤ ដែល​លិង្គ​នីមួយ​ៗ​ឈ្មោះ​ដដែល​គឺ សុរិយ វ៉ារមិស្វារៈ គឺ​ឥសូរ​ដែល​មាន​ឈ្មោះ​ហៅ​ថា សុរិយវរ្ម័ន​នេះ​ឯង ។ លិង្គ​៤​នេះ​យក​ទៅ​ទុក នៅក្នុង​ខេត្ត​បាត់ដំបង គឺ​វត្ត​ឯក គឺ​ឈ្មោះ​ថា ជ័យក្សេត្រ នៅ​ព្រំប្រទល់​ខាងលិច ។ នៅ​ព្រំប្រទល់​ខាងជើង គឺ​យក​លិង្គ​មួយ ផ្សេង​ទៀត​ដែល​ព្រះនាម​ដដែល​នោះ យក​មក​ទុក​នៅ​ព្រះវិហារ កំណត់​បណ្តោះ​អាសន្ន​ព្រំប្រទល់​អំណាច​របស់​លោក​នៅផ្នែ​ខាង​ជើង ។ មាន​មួយ​ទៀត​យក​ទៅ​ទុក​នៅ​លើ​ភ្នំ សូរិយាទ្រិ គឺ​ភ្នំ​ព្រះឥសូរ ភ្នំ​ឥសូរ​យើង​នៅ​ខេត្ត​តាកែវ​សព្វថ្ងៃ​នេះ ហ្នឹង​គឺ​ផ្នែក​ទិស​ខាង​ត្បូង ។ ហើយ​មាន​មួយ​ទៀត លិង្គ​ឈ្មោះ​ដដែល​ហ្នឹង គឺ​ទុក​នៅ​ឥសាន តិរថៈ ប្រហែល​ជា​នៅតាម​ដង​ទន្លេ​មេគង្គ ប្រហែល​ជា​នៅ​ខាង​ក្រចេះ​ស្ទឹងត្រែង ។ លិង្គ​ទាំងបួន​នេះ គេ​យក​ទៅ​ប្រតិស្ឋ​នៅ​ទិស​ទាំងបួន​ហ្នឹង នៅ​នឹង​គ.ស. ១០១៨ ។ នេះ​គឺ​ជា​អ្វី​ដែល​ព្រះបាទ សុរិយវរ្ម័ន​ទី​១ លោក​បាន​ធ្វើ​សម្រាប់​ប្រាសាទ​ភ្នំ​ព្រះវិហារ» ។

ក្រុម​អ្នក​សិក្សា​ខាង​ផ្នែក​ប្រវត្តិសាស្ត្រ​និង​ប្រាសាទ បាន​រក​ឃើញ​បន្ថែម​ថា ក្រៅពី​ស្ថាបនា​លិង្គ​ព្រះ​អាទិទេព​នោះ ព្រះបាទ​សុរិយវរ្ម័ន​ទី​១ លោក​បាន​ចំណាយ​ទ្រព្យ​សម្បតិ្ត ដើម្បី​បន្ត​ការកសាង​ប្រាសាទ​ព្រះវិហារ ។

ការសាងសង់​ប្រាសាទ​ព្រះវិហារ មាន​បី​ដំណាក់កាល​ធំ​ៗ ដែល​ក្រុម​អ្នក​ប្រវត្តិ​វិទូ​គិត​សង្ស័យ​ថា កាលពី​ជំនាន់​ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ គឺ​អាស្រម​ប្រហែល​ធ្វើ​អំពី​ឈើ តែ​មក​ដល់​រជ្ជកាល ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ គឺ​គេ​ឈូស​ភ្នំ​យក​ថ្ម​ភ្នំ ធ្វើ​ជា​កាំជណ្តើរ​ធ្វើ​ផ្លូវ​ឡើង​ទៅ​លើ​ភ្នំ​និង​យក​ថ្ម​ភ្នំ ទៅ​កសាង​ជា​ទីតាំង​ប្រាសាទ​ផ្សេង​ៗ នៅក្នុង​ដែន​ដី​នៃ​ប្រាសាទ​ព្រះវិហារ ។ បន្ទាប់មក គឺ​ក្នុង​រជ្ជកាល​ព្រះបាទ សុរិយវរ្ម័ន​ទី​២ ពេល​នោះ​ហើយ​ដែល​គេ​គិត​ថា ប្រាសាទ​ភ្នំ​ព្រះវិហារ គឺ​បាន​ស្ថាបនា​ឲ្យ​កាន់តែ​ល្អ​ឡើង នៅពាក់​កណ្តាល​សតវត្សរ៍​ទី​១២ ។ ព្រះបាទ សុរិយវរ្ម័ន​ទី​២ នោះ​ហើយ ដែល​ព្រះអង្គ​បាន​សាង​ប្រាង្គ​ប្រាសាទ​អង្គរវត្ត ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​សៀមរាប សព្វថ្ងៃ​នេះ ។
លោក​សាស្រ្តាចារ្យ ឃិន សុខ មាន​ប្រសាសន៍​រំឭក​បន្ថែម​អំពី​មនុស្ស​សំខាន់​ម្នាក់​ទៀត ដែល​មាន​ប្រវត្តិ​ទាក់ទង​នឹង​ប្រាសាទ​ព្រះវិហារ​នោះ​ដែរ ៖ «សិលាចារឹក​នៅ​នឹង​ភ្នំ​សន្តក កា​លេខ ១៩៤ នៅភ្នំ​ព្រះវិហារ​នេះ កា​លេខ ៣៨៣ និយាយ​ច្រើន​ណាស់ តែ​អំពី​ព្រាហ្មណ៍​ម្នាក់ ឈ្មោះ ទិវាក ឬ ទិវាការៈ ។ ហេតុអ្វី ព្រាហ្មណ៍​នេះ បម្រើ​ស្តេច​ខ្មែរ​តាំងតែ​ពី​នៅ​វ័យ​ក្មេង តាំងតែ​ពី​ជំនាន់​រជ្ជកាល​ព្រះបាទ ឧទ័យៈទិត្យ​វរ័្មន ទី​២ ដែល​លោក​កសាង​ប្រាសាទ បាពួន ហើយ​រហូតមក​ដល់​រជ្ជកាល​ព្រះបាទ សុរិយវរ្ម័ន​ទី​២ ។ លោក​បាន​ទទួល​ងារ​ធំ​ជាង​គេ​បំផុត ក្នុង​ចំណោម​ព្រាហ្មណ៍​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​ព្រះបាទ សុរិយវរ្ម័ន​ទី​២ ហើយ​ លោក​តែងតាំង​ជា​ព្រាហ្មណ៍​ធំ សម្រាប់​ធ្វើរាជាភិសេក​ទាំងអស់​ស្តេច​ទាំង​ប៉ុន្មាន ។ សេចក្តី​សំខាន់​នៃ​សិលា​ចារឹក​ដែល​ទាក់ទង​នឹង​ព្រះវិហារ គឺ​លោក​ជា​អ្នក​ចាត់ចែង​ត​បញ្ជា​ពី​ព្រះបាទ សុរិយវរ្ម័ន​ទី​២ មក ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​សម្រាប់​ប្រាសាទ​ទាំងអស់ នៅក្នុង​ស្រុក​ខ្មែរ​ហ្នឹង គឺ​លោក​ចាត់​ចែង ។ ដូច្នេះ​ចំពោះ​ប្រាសាទ​ភ្នំ​ព្រះវិហារ​នេះ ដែល​មាន​អាទិទេព ស្រីសិខៈ រិស្វារៈ ហ្នឹង ព្រាហ្មណ៍ ឈ្មោះ ទិវាការៈ លោក​មាន​កិច្ចការ​សម្រាប់​ប្រាសាទ​ព្រះវិហារ» ៕


ប្រភពពីៈ វិទ្យុអាស៊ីសេរី​

No comments: